ចែករំលែកតំណនេះតាម
ឬចម្លងតំណនេះ
សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត អគារទីស្ដីការថ្មី នៃក្រសួងមហាផ្ទៃ
នារសៀលថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ២ខ្នង មាន១១បន្ទប់ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាបាយដំរាំ ស្ថិតនៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ លោក ស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុកបាណន់ បានធ្វើសេចក្ដីរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថាសមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានចំណាយថវិកាចំនួន១១១,០០០ដុល្លារអាមេរិក។ លោកអភិបាលបន្ថែមថាថវិកានេះ បានមកពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ដែលមានឯកឧត្តម សន្តិបណ្ឌិត សុខ ផល ជាប្រធានក្រុមការងារ ព្រមទាំងមានការចូលរួមពីសប្បុរសជននានា។ ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ជូនចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានជាច្រើន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការ ចូលរួមអភិវឌ្ឍវិស័យអប់រំនិងវិស័យផ្សេងៗជាច្រើនទៀត ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋាន ស្រុកបាណន់។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រក្សាបានយ៉ាងល្អប្រសើរនូវសុខ សន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទនភាព បើទោះបីជាយើងត្រូវជួប ប្រទះបញ្ហាប្រឈមជាច្រើន។ សម្ដេចបន្ថែមថាកម្ពុជារាជរដ្ឋាភិបាល បានធ្វើឱ្យកិត្យានុភាព កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ជាតិលើឆាកអន្តរជាតិ កាន់តែលើកកម្ពស់ និងទទួលស្គាល់ពីបណ្តាប្រទេសនៅលើសកលលោក ពិសេសការអនុវត្តតួនាទីជាប្រធានដឹកនាំសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាប្រកបដោយជោគជ័យ ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ និងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ដោយជោគជ័យ។ ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាសម្រាប់ពលរដ្ឋដែលទៅបោះឆ្នោតនឹងគេដែរ ប៉ុន្តែបានគូសខ្វែងសន្លឹកឆ្នោតចោលនោះ មិនមានការយកទោសពៃរ៍អ្វីទេ។ បើតាមសម្ដេចការបោះឆ្នោតកន្លងទៅនេះ និងការបោះឆ្នោតជាទូទៅ បើពលរដ្ឋមិនទៅបោះឆ្នោត ដោយសារមិនពេញចិត្ត ឬមិនសប្បាយចិត្តនឹងការបោះឆ្នោត ក៏គ្មានទោសពៃរ៍អ្វីនោះដែរ។ សម្ដេចបានសង្កត់ធ្ងន់អំពីអត្រាអ្នកចេញទៅបោះឆ្នោត និងបោះឆ្នោតបានត្រឹមត្រូវមានចំនួនច្រើន។ សម្ដេចក្រឡាហោម បានលើកឡើងអំពីអត្រាសន្លឹកឆ្នោតមិនបានការដែល គ.ជ.ប ប្រកាសថាមានជាង៤សែនសន្លឹក ក្នុងចំណោមសន្លឹកឆ្នោតជាង៨លានសន្លឹក ថាសន្លឹកឆ្នោតនោះមិនមែនសុទ្ធតែជាសន្លឹកឆ្នោតគូសខ្វែងទេ ដ្បិតមានហេតុផលផ្សេងៗដូចដែលកើតមានរៀងរាល់ការបោះឆ្នោតកន្លងមក ពិសេសកង្វះការយល់ដឹងអំពីការបោះឆ្នោតរបស់ពលរដ្ឋមួយចំនួន។ ជាថ្មីម្ដងទៀត សម្ដេចថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានប្រើប្រាស់សិទ្ធិសម្ដែង នូវឆន្ទៈក្នុងនាមជាប្រជាពលរដ្ឋល្អចូលរួមទៅបោះឆ្នោតរហូតដល់៨៤,៥៨% ធៀបទៅនឹងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុបចំនួន ៩.៧១០.៦៥៥នាក់។ សម្ដេចចាត់ទុកភាពជោគជ័យដ៏ត្រចះត្រចង់នេះ ថាពិតជាមិនអាច កាត់ផ្តាច់បានពីការខិតខំប្រឹងប្រែងរបស់អាជ្ញារធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួល ខុសត្រូវខ្ពស់ ធ្វើឲ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅដោយរលូនស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានភាពភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា៕
នាព្រឹកថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាមួយឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើសេចក្តីរាយការណ៍ជូនសម្ដេច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងអង្គពិធីថាមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ដែលប្រាព្ធពិធីសម្ពោធដាក់ឱ្យដំណើរការនាពេលនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្ត ក្រោមជាគំនិតផ្តួចផ្តើមសាងសង់ដោយ ឯកឧត្តម វេជ្ជបណ្ឌិត កែ ស៊ីនួន សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងមានការគាំទ្រពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង។ ឯកឧត្តមបញ្ជាក់ថាមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ សាងសង់លើផ្ទៃដីទំហំ ១៥ហិកតា ចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ អស់រយៈពេល ៦ខែ។ មជ្ឈមណ្ឌលនេះ មានអគារស្នាក់នៅរួមចំនួន ២ខ្នង អគារមានបន្ទប់ដាច់ដោយឡែក ចំនួន ២៣បន្ទប់ អាចទទួលអ្នកញៀនគ្រឿងញៀនស្នាក់នៅ បានចំនួន ៤០០នាក់ ទៅ ៥០០នាក់ ដោយមានអគារបន្សាប ព្យាបាល អគាររដ្ឋបាល អគារបណ្តុះបណ្តាលវិជ្ជាជីវៈ អាគារផ្ទះបាយ បន្ទប់ទឹក អាហារដ្ឋាន បណ្ណាល័យ បន្ទប់កែច្នៃអាហារ បន្ទប់រៀនទ្រឹស្ដី ជាដើម។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់រដ្ឋបាលខេត្ត ស្រុក ឃុំ ក៏ដូចជា មន្ដ្រីរាជការគ្រប់ផ្នែក នៅក្នុងខេត្តបាតដំបងទាំងមូល ដែលបានរួមគ្នាជាមួយប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍ ក្នុងការថែរក្សានូវសន្ដិសុខ ស្ថិរភាព ក៏ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យខេត្តបាត់ដំបង កាន់តែមានការរីកចម្រើនបន្ថែមទៀត ហើយជាមួយគ្នានេះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុករតនមណ្ឌល ក៏បានខិតខំដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋផងដែរ។ ពីវេទិកាអធិបតីនោះ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការរួមចំណែកដោះស្រាយបញ្ហាគ្រឿងញៀនពីសំណាក់ឯកឧត្តម វេជ្ជបណ្ឌិត កែ ស៊ីនួន សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងបានគូសបញ្ជាក់អំពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងទៅនឹងគ្រឿងញៀន ក្នុងនោះនារយៈពេល៥ឆ្នាំចុងក្រោយនេះ សមត្ថកិច្ចចម្រុះ បានបង្ក្រាប និងរឹបអូសនូវសារធាតុញៀនបានយ៉ាងច្រើន និងរាប់រយតោន។ សម្ដេចបន្ថែមថា ការចរាចរគ្រឿងញៀន មិនមែនមានតែនៅប្រទេសកម្ពុជានោះទេ គឺមាននៅតាមបណ្ដាប្រទេសនានា លើសកលលោក។ ដូច្នេះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏មិនអាចប្រទេសណាមួយធ្វើតែឯកឯងបាននោះទេ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងម៉ឹងម៉ាត់ ពិសេសជាមួយបណ្ដាប្រទេសជាប់ព្រំដែន។ សម្ដេចក្រឡាហោម បន្តថា កិច្ចសហប្រតិបត្តិការជាប់ព្រំដែននេះ គឺពិតជាមានសារៈសំខាន់ជាគន្លឹះ ហើយក៏ផ្អែកជាគោលការណ៍អន្ដរជាតិ ដែលអង្គការសហប្រជាជាតិបានដាក់ចេញ ព្រោះថា កម្ពុជា ជាសមាជិកនៃអង្គការសហប្រជាជាតិ ខណៈអង្គការនេះ ក៏មានយុទ្ធនាការមួយ ដើម្បីដឹកនាំចាត់ចែង និងសម្របសម្រួល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្ដេចមានក្ដីសង្ឃឹម និងជឿជាក់ថា មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ នឹងទទួលបានជោគជ័យ ក្នុងបេសកម្ម និងរួមចំណែក ក្នុងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាពេលនេះ គឺជាអង្គភាពឯកជនមួយ ហើយក៏ជាមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនទី២ នៅក្នុងខេត្តបាត់ដំបង បន្ទាប់ពីមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលពិភពនៃក្ដីសង្ឃឹម ដែលស្ថិតនៅស្រុកបវេល គឺជាអង្គភាពរបស់រដ្ឋ៕
នាព្រឹកថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ នៅទីស្ដីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយក អគ្គនាយករង អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គាធិការ អគារធិការរង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃជាច្រើនរូបទៀត។ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំ អំពីដំណើរការនៃការត្រួតពិនិត្យ និងរៀបចំអនុក្រឹត្យស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ស្របតាមតាមមាត្រាទី៨ នៃច្បាប់ ស្ដីពីពន្ធនាគារក្រសួងមហាផ្ទៃដែលចែកថាមន្ដ្រីពន្ធនាគារ ត្រូវមានឯកសណ្ឋាន សណ្ឋាសក្តិ គ្រឿងបំពាក់ ឧបករណ៍ និងសម្ភារ ឱ្យសមស្រប។ ឯកឧត្តមបន្ថែមថា ព្រោះហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃ ក៏បានចេញសេចក្ដីប្រកាស ស្ដីពីការកំណត់រូបភាព របៀបប្រើប្រាស់ និងរបបផ្គត់ផ្គង់ ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ និងសម្ភារប្រើប្រាស់ផ្សេងៗ របស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ។ នាកាសនោះ សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវជ្រើសរើសពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធគារក្រសួងមហាផ្ទៃ ឱ្យបានសមស្រប មុនចេញអនុក្រឹត្យជាផ្លូវការ។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះ អគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការសិក្សានូវសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ។ មាត្រា៣នៃសេចក្ដីព្រាងអនុក្រឹត្យ ចែងថា ឯកសណ្ឋានមន្រ្តីពន្ធនាគារ សម្រាប់ប្រើប្រាស់មាន៦ប្រភេទ រួមមាន ឯកសណ្ឋានធំលេខ១ សម្រាប់ប្រើប្រាស់ក្នុងព្រះរាជពិធី និងពិធីបុណ្យជាតិ, ឯកសណ្ឋានធំលេខ២ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីផ្លូវការនានា និងទទួលភ្ញៀវជាតិ និងអន្តរជាតិ, ឯកសណ្ឋានការងារលេខ៣ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីមីទ្ទិញ សិក្ខាសាលា សន្និបាតនានា និងបំពេញការងារប្រចាំថ្ងៃ។ មាត្រាដដែលចែងទៀតថាសម្រាប់ឯកសណ្ឋានការងារលេខ៤ (អាវដៃវែង) សម្រាប់ប្រើប្រាស់ក្នុងពេលបំពេញការងារប្រចាំថ្ងៃ,ឯកសណ្ឋានការងារលេខ៥ (អាវដៃខ្លី) សម្រាប់ប្រើប្រាស់ក្នុងពេលបំពេញការងារប្រចាំថ្ងៃ និងឯកសណ្ឋានលេខ៦ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការ សន្តិសុខ និងសុវត្ថិភាព។ មាត្រា៤បានចែងថា រូបភាព ម៉ូត ទំហំខ្នាត ពណ៌ និងរបៀបប្រើប្រាស់ឯកសណ្ឋានតាមប្រភេទនីមួយៗ ត្រូវកំណត់ដោយប្រកាសរបស់មន្រ្តីក្រសួងមហាផ្ទៃ៕
នារសៀលថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ។ អញ្ជើញអមដំណើរសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី នាឱកាសនោះ រួមមានឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងម្ចាស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនគូប្លង់។ លោកឧកញ៉ា ទូច គីម អគ្គនាយកក្រុមហ៊ុនគីមិច ក្រុមហ៊ុន គីម ម៉ិច ខនស្ត្រាក់សិន អ៊ិនវេសមេន បានធ្វើសេចក្ដីរាយការណ៍ជូនសម្ដេចក្រឡាហោម ថាដំណើរការសាសងសង់អគារទីស្ដីការក្រសួងមហាផ្ទៃសម្រេចបានជាង៩៨ភាគរយ ហើយក្រុមហ៊ុនកំពុងឈានទៅបង្ហើយការសាងសង់ប្រកបដោយទំនួលខុសត្រូវខ្ពស់។ គួរសម្លឹកថាអគារទីស្ដីការក្រសួងមហាផ្ទៃ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម និងលោកជំទាវ។ អគារនេះ មានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តដែលអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿង។ ប្លង់ស្ថាបត្យកម្មនៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ អនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ និងគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ និងខ្យល់ធម្មជាតិ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើប៕
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើលិខិតសរសើរជូនថ្នាក់ដឹកនាំ សមាជិក និងអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត!
នាព្រឹកថ្ងៃចន្ទ ៧កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Nuno Gomes Nabiam នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ ចូលជួបសម្ដែងការគួរសម នៅសាលទទួលភ្ញៀវអន្តរជាតិ នៃវិមានសន្តិភាព។ ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម បានថ្លែងនូវការស្វាគមន៍ និងអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីដែលបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ និងបានថ្លែងអំណរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមក្នុងដំណើរមកបំពេញទស្សនកិច្ចដោយឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតនេះ។ សម្ដេចក្រឡាហោមបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមថាជាការផ្ដល់កិត្តិយស និងជាការផ្ដល់តម្លៃកាន់តែខ្ពស់ដល់ការបោះឆ្នោតនៅកម្ពុជាដែលតែងតែរៀបចំឡើងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ សម្ដេចបន្តថាទោះបីជាប្រទេសកម្ពុជា និងប្រទេសគីណេប៊ីសាវមានទំនាក់ទំនងការទូតថ្មីថ្មោងជាមួយគ្នា និងទោះជាមានទីតាំងភូមិសាស្រ្តឆ្ងាយពីគ្នាក្ដី ប៉ុន្តែតាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះនឹងជំរុញ លើកកម្ពស់ និងពង្រីកនូវទំនាក់ទំនងនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចក្រឡាហោមក៏បានជម្រាបអំពីស្ថានភាពទូទៅនៃដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាដោយមានប្រសាសន៍ថាស្ថានភាពជារួមមានភាពល្អប្រសើរ ចាប់តាំងពីដំណាក់កាលយុទ្ធនាការរហូតដល់ថ្ងៃបោះឆ្នោតដែលបិទបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្ដេចបន្ថែមថាឆ្លងតាមបទពិសោធន៍រៀបចំការបោះឆ្នោតជាច្រើនអាណត្តិមកនេះ អ្នកនយោបាយនៅកម្ពុជាបានចូលរួមគោរពច្បាប់ បទបញ្ជា និងនិតិវិធីនៃការបោះឆ្នោតបានយ៉ាងល្អប្រសើរ។ សម្ដេចបានបន្ថែមថា ប្រជាពលរដ្ឋវិញ ក៏បានបំពេញតួនាទី និងសិទ្ធិរបស់ខ្លួនយ៉ាងត្រឹមត្រូវ កាន់តែមានភាពចាស់ទុំពីដំណើរការបោះឆ្នោតមួយទៅដំណើរការបោះឆ្នោតមួយ។ សម្ដេចចាត់ទុកភាពវិជ្ជមាន និងរីកចម្រើននេះ ថាដោយសារកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាខ្លួនឯងផ្ទាល់ ព្រមទាំងការចូលរួមចំណែកពីបណ្ដាមិត្តភក្ដិបរទេស និងសហគមន៍អន្តរជាតិផងដែរ។ ជាការឆ្លើយតប ឯកឧត្តម Nuno Gomes Nabiam នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ បានបង្ហាញក្ដីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងឱកាសបំពេញទស្សនកិច្ចសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នាឆ្នាំ២០២៣នេះដែរ។ ឯកឧត្តមបានជម្រាបសម្ដេចក្រឡាហោមថាចាប់តាំងពីពេលមកដល់កម្ពុជា ឯកឧត្តមបានទស្សនកិច្ចនៅតាមការិយាល័យបោះឆ្នោតមួយចំនួន និងបានពិនិត្យមើលពីដំណើរការបោះឆ្នោត ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងការបោះឆ្នោតនៅប្រទេសគីណេប៊ីសាវដែរ។ ឯកឧត្តមក៏ទទួលបានបទពិសោធន៍ថ្មីៗផងដែរអំពីការបោះឆ្នោតនៅកម្ពុជា ពិសេសការបោះឆ្នោតដោយសន្តិវិធី និងសន្តិភាព។ ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ជូនសម្ដេចក្រឡាហោមអំពីលទ្ធផលនៃជំនួបរវាងឯកឧត្តមនិងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយប្រមុខរាជរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានឯកភាពពិនិត្យទៅលើការជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងវិស័យកសិកម្ម។ ដោយឡែកសម្រាប់វិស័យកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានបង្ហាញចំណាប់អារម្មណ៍ និងគោលបំណងបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ ជាពិសេសការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកក្នុងវិស័យនគរបាល ព្រមទាំងការចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីដែលបានវាយតម្លៃជាវិជ្ជមានមកលើដំណើរការបោះឆ្នោតនៅកម្ពុជា។ សម្ដេចក៏បានសម្ដែងការគាំទ្រចំពោះស្មារតីនៃលទ្ធផលជំនួបរវាងឯកឧត្តមនាយករដ្ឋមន្រ្តី និងសម្ដេចតេជោ នៅក្នុងការលើកកម្ពស់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ។ សម្ដេចក៏គាំទ្រ និងស្វាគមន៍គោលបំណងរបស់ឯកឧត្តមដើម្បីពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ពិសេសការចែករំលែកបទពិសោធន៍រវាងកម្លាំងនគរបាលនៃប្រទេសទាំងពីរដើម្បីបម្រើដល់ការថែរក្សាសន្តិសុខ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរ។ មុននឹបញ្ចប់សម្ដេចក្រឡាហោម ស ខេង ជាថ្មីម្ដងទៀតបានថ្លែងអំណរគុណចំពោះឯកឧត្តមដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ហើយសម្ដេចក៏មានសេចក្ដីសង្ឃឹមជឿជាក់ថាប្រទេសទាំងពីរ កម្ពុជា គីណេប៊ីសាវ នឹងខិតខំបង្កើន និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិាការ និងការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ៕