ចែករំលែកតំណនេះតាម
ឬចម្លងតំណនេះ
សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង និងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បញ្ជាក់ថា ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅឆ្នាំ២០២២ កន្លងទៅ ធ្វើឱ្យបទល្មើសមានការថយចុះ៩% ហើយលទ្ធផលបង្ក្រាបបទល្មើសមានកម្រិតខ្ពស់រហូតដល់៩២%។ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «កម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ក៏បានបន្តបង្កើនកិច្ចសហការ ក្នុងការថែរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម តាមរយៈការលើកកម្ពស់វិធានការជំនាញ ដើរទន្ទឹមនឹងការខិតខំជំរុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលជាហេតុធ្វើឱ្យបទល្មើស មានការថយចុះ ៩% ជាមួយនឹងលទ្ធផលបង្ក្រាបបទល្មើសមានកម្រិតខ្ពស់ រហូតដល់ ៩២%»។ សម្ដេចក្រឡាហោម បន្ដថា ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តនូវយុទ្ធនាការប្រតិបត្តិការព្រមៗគ្នា ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ប្រតិបត្តិការចុះធ្វើអធិការកិច្ច ហត្ថពលកម្មបរទេស ប្រតិបត្តិការប្រយុទ្ធប្រឆាំងសកម្មភាពលាងសម្អាតប្រាក់ ការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រុមក្មេង ទំនើងតាមសហគមន៍ រួមទាំងបទល្មើសផ្សេងៗទៀត ក៏ត្រូវបានចាត់តាំង អនុវត្តយ៉ាងសកម្មផុលផុស សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់៕
នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងផ្តល់អនុសាសន៍ផ្តាំផ្ញើលើកទិសដៅការងារជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន អង្គភាពក្រោមចំណុះ និងមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ព្រមទាំងក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត សរុបប្រមាណ ៧៥០នាក់រូប ពិធីនេះរៀបចំប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៉ីដង់ សុខាភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីអំពីលទ្ធផលនៃការពិភាក្សាតាមក្រុមនីមួយៗជូន សម្ដេចក្រឡាហោម ស ខេង និងអង្គសន្និបាត ថា ជារួមកុ្រមពិភាក្សាទាំង៦ក្រុម បានឯកភាពខ្ពស់នូវខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពិភាក្សា និងផ្តល់ធាតុចូលនានាយ៉ាងផុសផុលផងដែរ។ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងខ្លួនសម្ដេចផ្ទាល់ សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី អស់លោក ទាំងអស់ ដែលបានចូលរួមអនុវត្តយ៉ាងសកម្មនូវរបៀបវារៈ និងកម្មវិធីនានានៃសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម បន្ដថា ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផល នៃការពិភាក្សាតាមក្រុមពិភាក្សាកាលពីរសៀលម្សិលមិញនេះ សមាជិក សមាជិកា នៃអង្គសន្និបាតបានឯកភាពលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងបានពិភាក្សាអំពីសមទ្ធិផល បញ្ហាប្រឈម ជាមួយនិងការផ្ដួចផ្ដើមដំណោះស្រាយតាមប្រធានបទរបស់ក្រុមពិភាក្សាទាំង៦ យ៉ាងសកម្មផុលផុស។ ជារួម សម្ដេចក្រឡាហោម ក៏ បានឯកភាពចំពោះលទ្ធផលនៃការពិភាក្សាជាមួយការវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្ត្រី អស់លោកទាំងអស់ ដែលបានផ្តល់ធាតុចូលដ៏មានតម្លៃដើម្បីចូលរួមជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពការងារ នៅតាមអគ្គនាយកដ្ឋាន អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្ដេចក្រឡាហោម បានបន្ថែមថា ឆ្នាំ២០២៣នេះ ជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា, ជាឆ្នាំដែលប្រទេសកម្ពុជា ត្រូវបន្តរៀបចំការបោះឆ្នោតជាតិ លើកទី៧ ស្របតាមអាណត្តិកំណត់៥ឆ្នាំ និងជាឆ្នាំដែលប្រទេសកម្ពុជា ទទួលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ទន្ទឹមនេះ សម្ដេចក្រឡាហោម បានផ្តល់អនុសាសន៍ផ្ដាំផ្ញើ និងណែនាំដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តតួនាទីភារកិច្ច ដូចជា៖ ត្រូវបន្តខិតខំរួមគ្នាថែរក្សាពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ និងការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។ ជាងនេះទៀត សម្ដេចក្រឡាហោម បន្ដថា ពិសេសត្រូវបង្កើនការថែរក្សាពង្រឹងសន្តិសុខជាតិ ដោយត្រូវបង្កើនកិច្ចសហការជាមួយកម្លាំងអនុវត្តច្បាប់ ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដើរទន្ទឹមនឹងការពង្រឹងសមត្ថភាពជំនាញរបស់កម្លាំងអនុវត្តច្បាប់ និងលើកកម្ពស់កិច្ចសហការឱ្យបានល្អជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាទប់ស្កាត់អំពើភេវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា សកម្មភាពជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសនានាឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។ សម្ដេចក្រឡាហោម បន្ថែមថា ត្រូវបង្កើនការគ្រប់គ្រងការចេញចូលប្រទេស គ្រប់គ្រងមុខសញ្ញាតាមវិធានការជំនាញ និងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស និងជនអន្តោប្រវេសន្តឱ្យបានម៉ឺងម៉ាត់ ព្រមទាំងខិតខំទប់ស្កាត់ការលប លួចចេញចូលប្រទេសតាមច្រករបៀងខុសច្បាប់នានា និងតាមច្រកសមុទ្រ។ ព្រមទាំងបន្តអនុវត្តឱ្យបានជាប់ជាប្រចាំនូវយុទ្ធនាការប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស និងបន្តខិតខំស្រាវជ្រាវករណីលាងសម្អាតប្រាក់ ដើម្បីពង្រឹងសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម។ សម្ដេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍បន្ថែមទៀតថា ត្រូវបង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងសង្គម ដើម្បីបង្កបរិយាកាសដល់ការរៀបចំការ បោះឆ្នោតជាតិលើកទី៧ ខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពល្អប្រសើរ ព្រមទាំងខិតខំសហការរួមគ្នាធានារក្សាឱ្យបាននូវសុវត្ថិភាពសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ស្របតាមផែនការកំណត់៕