ថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីសម្ពោធអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ

សកម្មភាពថ្នាក់ដឹកនាំ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣

នាព្រឹកថ្ងៃពុធ ១៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើរបាយការណ៍ជូនសម្ដេច និងអង្គពិធីថា វិមានឯករាជ្យ និងសមិទ្ធផលនានាដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានបើកការដ្ឋានស្ថាបនា និងសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង។ ឯកឧត្តមបានឱ្យដឹងថាវិមានឯករាជ្យ បានសាងសង់លើទំហំ៦៦២ម៉ែត្រការ៉េ មានខឿនទម្របាតក្រោម មានអង្កត់ផ្ជិត៣៥ម៉ែត្រ កម្ពស់២២,២៣ម៉ែត្រ មានអាងបាញ់ទឹកចំនួន៤ កម្ពស់០,៨ម៉ែត្រ ហើយតួវិមានឯករាជ្យមានខឿន៣ថ្នាក់ ព្រមទាំងមានក្បាច់រចនាខ្មែរដូចជាក្បាច់ពងត្រី ក្បាច់ចង្វាអង្គរ និងក្បាច់ត្របកឈូកជាដើមម។ ដោយឡែកសួនច្បារសម្ដេចក្រឡាហោម បានសាងសង់លើទំហំដី១៣,៨៥០ម៉ែត្រការ៉េ និងចែកជា៥តំបន់។ ឯកឧត្តមបន្ថែមថាតំបន់ទាំងនោះ រួមមានតំបន់នាគបាញ់ទឹក ឬតំបន់រីករាយ, តំបន់សន្តិភាព ស្ងប់ស្ងាត់ និងសុខសាន្ត, តំបន់រម្លឹកប្រវត្តិសាស្រ្ត, តំបន់នាគសន្តិភាព ឬតំបន់រម្លឹកគុណសន្តិភាព និងតំបន់រង់ចាំ។ ឯកឧត្តមបន្ថែមទៀតថា រដ្ឋបាលខេត្តក៏បានចាក់ពង្រីសួនខាងកើតមាត់ស្ទឹងសង្កែបន្ថែមទៀតដែរ។ ចំពោះគម្រោងកែលម្អរសួនធ្នង់៥៣វិញ មានដាំដើមធ្នង់ចំនួន៥៣ដើម មានកន្លែងអង្គុយ ផ្លូវជិះកង់ និងផ្លូវដើរកំសាន្តក្នុងសួន ហើយគម្រោងជួសជុលចាក់កៅស៊ូជុំវិញវិមានឯករាជ្យ មានទំហំ១១,៥៤៣ម៉ែត្រការ៉េ។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងក្នុងនាមក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តបាត់ដំបងដែលបានខិតខំប្រឹងប្រែងកែលម្អរសោភណ្ឌភាពក្រុងបាត់ដំបងជាបន្តបន្ទាប់ ជាក់ស្ដែងវិមានឯករាជ្យ និងសមិទ្ធផលនានាដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ ធ្វើឱ្យខេត្តកាន់តែមានភាពទាក់ទាញ។ ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តបាត់ដំបងដែលពេញមួយនីតិកាលទី៦មកនេះ បានខិតខំបំពេញភារកិច្ចចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ ជាពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ទាំងកម្រិតខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ សម្ដេចក្រឡាហោម ក៏សង្ឃឹមជឿជាក់ថារដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ទូទាំងខេត្តបាត់បង និងជារួមទូទាំងប្រទេស នឹងបន្តខិតខំបំពេញតួនាទី និងភារកិច្ចដ៏ល្អនេះ ឱ្យបានកាន់តែល្អប្រសើរទៀតនៅក្នុងនីតិកាលថ្មី ក្នុងនោះសម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រមូលសំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ពលរដ្ឋ ហើយខិតខំរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា។ នាសឱកាសនោះដែរ សម្ដេចក្រឡាហោម បានរម្លឹកអំពីសាវតាដែលរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបែងចែកថ្នាក់ដឹកនាំចុះលើកទឹកចិត្ត និងគាំទ្រថ្នាក់ដឹកនាំមូលដ្ឋាន ជាពិសេសកងទ័ពដែលកំពុងការពារមិនឱ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញ។ សម្ដេចបញ្ជាក់ថាគឺចាប់ពីពេលនោហើយដែលគណបក្ស និងរាជរដ្ឋាភិបាល បានបន្តចាត់ចែងបង្កើតក្រុមការងារចុះមូលដ្ឋានរហូតមកដល់សព្វថ្ងៃ។ សម្ដេចគូសបញ្ជាក់ថាក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស ក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា បានរួមចំណែកបរិច្ចាគថវិកាផ្ទាល់ខ្លួន កសាងសមិទ្ធផលបម្រើផលប្រយោជន៍សាធារណៈគ្រប់វិស័យ នៅគ្រប់មូលដ្ឋាន ធ្វើឱ្យរាជរដ្ឋាភិបាល ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ពីមួយអាណត្តិទៅមួយអាណត្តិ ជាក់ស្ដែងក្នុងខេត្តបាត់ដំបង មានសមិទ្ធផលជាច្រើនបានកើតឡើង និងកំពុងបម្រើសេចក្ដីត្រូវការប្រជាពលរដ្ឋ។ សម្ដេចក្រឡាហោម ក៏បានបង្ហាញជំនឿចិត្តថាវិមានឯករាជ្យ ព្រមទាំងសមិទ្ធផលសម្ពោធនាថ្ងៃនេះ នឹងរួមចំណែកទាក់ទាញទេសចរណ៍ក្នុងខេត្តបាត់ដំបង ហើយធ្វើឱ្យចំណូលក្នុងខេត្តកាន់តែកើនឡើង។ សម្ដេចបញ្ជាក់ទៀតថាទីតាំងនេះ នឹងទាក់ទាញទាំងពលរដ្ឋមកដើរកំសាន្ត និងហាត់ប្រាណ។ សម្ដេចបានអំពាវនាវឱ្យពលរដ្ឋ និងភ្ញៀវទេសចរណ៍ ចូលរួមថែរក្សាបរិស្ថាន និងអនាម័យ ហើយបន្តរួមគ្នាដាំដើមឈើឱ្យបានច្រើនបន្ថែមទៀត៕

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ពិសាភោជនាហារជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ និងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៧
ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣

នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ពិសាភោជនាហារជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ និងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលជាផ្លូវការថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រឈ្នះអាសនៈចំនួន ១២០ អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រឈ្នះបាន ៥ អាសនៈ។ តាមគម្រោង រដ្ឋសភានីតិកាលទី៧ និងបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២១ ខែសីហា និងបន្តកិច្ចប្រជុំបោះឆ្នោតអនុម័តរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើរាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ៕

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយទឹកស្អាតឃុំក្របៅ ឃុំជាច ផ្លូវចាក់បេតុងឃុំក្របៅ និងសមិទ្ធផលនានាក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង
ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយទឹកស្អាតឃុំក្របៅ ឃុំជាច ផ្លូវចាក់បេតុងឃុំក្របៅ និងសមិទ្ធផលនានាក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ លោក ប៊ិន ជីវ័ន អភិបាលនៃគណៈអភិបាលស្រុកកញ្ជ្រៀច បានឱ្យដឹងថាសមិទ្ធផលសម្ពោធនាថ្ងៃនេះ រួមមានស្ថានីយ៍ទឹកស្អាតចំនួន២កន្លែង ក្នុងនោះស្ថានីយ៍ទឹកស្អាតឃុំក្របៅ សាងសង់អស់ថវិកាចំនួន១លាន៣សែនដុល្លារ និងស្ថានីយ៍ទឹកស្អាតឃុំជាច ចំណាយថវិកាជាង៧៦សែនដុល្លារអាមេរិក។ សមិទ្ធផលទាំងពីរនេះ សរុបថវិកាចំណាយជាង២លាន១សែនដុល្លារអាមេរិក ដែលជាថវិកាផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉េម សាខន សខេង។ លោកអភិបាលបានបន្តថាក្រៅពីនេះ មានសមិទ្ធផលផ្សេងៗទៀត ដូចជា ផ្លូវបេតុងចំនួន១៣ខ្សែ ប្រវែងជាង១៥គីឡូម៉ែត្រក្នុងឃុំក្របៅ អគារសិក្សាចំនួន៣កន្លែង រួមមានអគារសិក្សាបឋមសិក្សាទួលសង្កែ ចំនួន២ខ្នង ១២បន្ទប់, អគារសិក្សាសាលាបឋមសក្សាព្រៃភ្លង ចំនួន១ខ្នង៦បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម និងលោកជំទាវ, អគារសាលាបឋមសិក្សាអញ្ចាញ២ខ្នង ៣បន្ទប់ ឧបត្ថម្ភដោយឯកឧត្តម ស៊ីម កា និងលោកជំទាវ, មត្តេយ្យសិក្សាក្របៅចៅ ចំនួន១ខ្នង ៣បន្ទប់ និងបន្ទប់ទឹក២ ឧបត្ថម្ភថវិកាដោយឯកឧត្តម ស សុខា និងលោកជំទាវ និងមិត្តេយ្យសិក្សាមហាឧបាសិកា ស ស៊ន់ ចំនួន១ខ្នង ៣បន្ទប់ និងបន្ទប់ទឹក២ ឧបត្ថម្ភដោយឯកឧត្តម ស្ដើង សុខុម និងលោកជំទាវ។ លោក ប៊ិន ជីវ័ន បានបន្ថែមថា ក្រៅពីនេះ ក៏មានសមិទ្ធផលមួយចំនួនទៀតដែរដែលសម្ពោធរួមគ្នានាថ្ងៃនេះ រួមមានរបងសាលាអនុវិទ្យាល័យសម្ដេចឪប្រវែង១៦៨ម៉ែត្រ, របងសាលាបឋមសិក្សាក្របៅចាស់ប្រវែង៥០២ម៉ែត្រ, របងវត្តក្របៅចាស់ប្រវែង៤០០ម៉ែត្រ, របងវត្តព្រៃស្មូនប្រវែង៩៦៧ម៉ែត្រ និងសាលាបុណ្យ២កន្លែងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម និងលោកជំទាវ, របងក្លោងទ្វាវត្តអញ្ចាញប្រវែង៦២៤ម៉ែត្រក្រោមការឧបត្ថម្ភពីឯកឧត្តម ស៊ីម កា និងលោកជំទាវ។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រុមការងារស្រុក ក្រុង ឃុំ សង្កាត់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរ ធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រព្រឹត្តទៅប្រកបដោយបរិយាកាស សុខដុមរមនា និងពោរពេញដោយសាមគ្គីភាព។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា សមិទ្ធផលដែលដាក់សម្ពោធនាពេលនេះគឺជាចំណងដៃថ្មីមួយទៀតសម្រាប់ អ្នកស្រុកកំចាយមារ ហើយបានចំណាយអស់ថវិកាជាច្រើនដែលបានមកពីការ ចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រុម ការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំចាយមារ និងការចូលរួមបរិច្ចាគពីសប្បុរសជននានា។ សម្ដេចបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ជូនចំពោះឯកឧត្តម លោកជំទាវ ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំចាយមារ និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគនូវធនធានជាច្រើន និងលះបង់ កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមអភិវឌ្ឍវិស័យទឹកស្អាត និងវិស័យផ្សេងៗ ជាច្រើនទៀត សំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងមានអនាម័យល្អ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកអភិវឌ្ឍមូលដ្ឋានស្រុកកំចាយមារ ខេត្តព្រៃវែង។ ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនអង្គពិធីថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជារក្សាបានយ៉ាងល្អប្រសើរនូវសុខ សន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គម សេដ្ឋ កិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទនភាព បើទោះបីជាយើងត្រូវជួប ប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការវិវត្តដ៏ ស្មុគស្មាញនៃសភាពការណ៍នយោបាយ សេដ្ឋកិច្ចអន្តរជាតិ ដែលពិបាកប៉ាន់ស្មានក្ដី។ សម្ដេចបន្តថាព្រមជាមួយគ្នានេះ កិត្តិយស កិត្យានុភាព សេចក្ដីថ្លៃថ្នូររបស់ជាតិយើងនៅលើ ឆាកអន្តរជាតិ កាន់តែបានលើកកម្ពស់ នៅពេលដែលកម្ពុជាបានអនុវត្តតួនាទីជាប្រធាន ដឹកនាំសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ កិច្ចប្រជុំពាក់ព័ន្ធនានា ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA GAME) និងអា ស៊ានប៉ារ៉ាហ្គេម លើកទី១២(ASEAN PARA GAME) ជាមួយលទ្ធផលល្អប្រសើរ និង ជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងទទួលបាននូវការកោតសរសើរពីបណ្តាភ្ញៀវអន្តរជាតិ ក៏ដូចជាការគាំទ្រ និងអបអរសាទរពីប្រជាជនខ្មែរនៅទូទាំងប្រទេស។ សម្ដេចបានគូសបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះកម្ពុជាក៏ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយ ទៀតគឺការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដែល បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្ដេចបានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានប្រើប្រាស់សិទ្ធិសម្ដែង នូវឆន្ទៈក្នុងនាមជាប្រជាពលរដ្ឋល្អចូលរួមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ នៃរដ្ឋសភា បានរហូតដល់៨៤,៥៨% ធៀបទៅនឹងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុបចំនួន ៩.៧១០.៦៥៥នាក់។ សម្ដេចបន្ថែមថា ជោគជ័យដ៏ត្រចះត្រចង់នេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែង របស់អាជ្ញារធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញ ការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅ ដោយរលូនស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានភាពភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា៕

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ២ខ្នង មាន១១បន្ទប់ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាបាយដំរាំ ស្ថិតនៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

នារសៀលថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ២ខ្នង មាន១១បន្ទប់ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាបាយដំរាំ ស្ថិតនៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ លោក ស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុកបាណន់ បានធ្វើសេចក្ដីរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថាសមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានចំណាយថវិកាចំនួន១១១,០០០ដុល្លារអាមេរិក។ លោកអភិបាលបន្ថែមថាថវិកានេះ បានមកពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ដែលមានឯកឧត្តម សន្តិបណ្ឌិត សុខ ផល ជាប្រធានក្រុមការងារ ព្រមទាំងមានការចូលរួមពីសប្បុរសជននានា។ ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ជូនចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានជាច្រើន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការ ចូលរួមអភិវឌ្ឍវិស័យអប់រំនិងវិស័យផ្សេងៗជាច្រើនទៀត ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋាន ស្រុកបាណន់។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រក្សាបានយ៉ាងល្អប្រសើរនូវសុខ សន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទនភាព បើទោះបីជាយើងត្រូវជួប ប្រទះបញ្ហាប្រឈមជាច្រើន។ សម្ដេចបន្ថែមថាកម្ពុជារាជរដ្ឋាភិបាល បានធ្វើឱ្យកិត្យានុភាព កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ជាតិលើឆាកអន្តរជាតិ កាន់តែលើកកម្ពស់ និងទទួលស្គាល់ពីបណ្តាប្រទេសនៅលើសកលលោក ពិសេសការអនុវត្តតួនាទីជាប្រធានដឹកនាំសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាប្រកបដោយជោគជ័យ ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ និងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ដោយជោគជ័យ។ ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាសម្រាប់ពលរដ្ឋដែលទៅបោះឆ្នោតនឹងគេដែរ ប៉ុន្តែបានគូសខ្វែងសន្លឹកឆ្នោតចោលនោះ មិនមានការយកទោសពៃរ៍អ្វីទេ។ បើតាមសម្ដេចការបោះឆ្នោតកន្លងទៅនេះ និងការបោះឆ្នោតជាទូទៅ បើពលរដ្ឋមិនទៅបោះឆ្នោត ដោយសារមិនពេញចិត្ត ឬមិនសប្បាយចិត្តនឹងការបោះឆ្នោត ក៏គ្មានទោសពៃរ៍អ្វីនោះដែរ។ សម្ដេចបានសង្កត់ធ្ងន់អំពីអត្រាអ្នកចេញទៅបោះឆ្នោត និងបោះឆ្នោតបានត្រឹមត្រូវមានចំនួនច្រើន។ សម្ដេចក្រឡាហោម បានលើកឡើងអំពីអត្រាសន្លឹកឆ្នោតមិនបានការដែល គ.ជ.ប ប្រកាសថាមានជាង៤សែនសន្លឹក ក្នុងចំណោមសន្លឹកឆ្នោតជាង៨លានសន្លឹក ថាសន្លឹកឆ្នោតនោះមិនមែនសុទ្ធតែជាសន្លឹកឆ្នោតគូសខ្វែងទេ ដ្បិតមានហេតុផលផ្សេងៗដូចដែលកើតមានរៀងរាល់ការបោះឆ្នោតកន្លងមក ពិសេសកង្វះការយល់ដឹងអំពីការបោះឆ្នោតរបស់ពលរដ្ឋមួយចំនួន។ ជាថ្មីម្ដងទៀត សម្ដេចថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានប្រើប្រាស់សិទ្ធិសម្ដែង នូវឆន្ទៈក្នុងនាមជាប្រជាពលរដ្ឋល្អចូលរួមទៅបោះឆ្នោតរហូតដល់៨៤,៥៨% ធៀបទៅនឹងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុបចំនួន ៩.៧១០.៦៥៥នាក់។ សម្ដេចចាត់ទុកភាពជោគជ័យដ៏ត្រចះត្រចង់នេះ ថាពិតជាមិនអាច កាត់ផ្តាច់បានពីការខិតខំប្រឹងប្រែងរបស់អាជ្ញារធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួល ខុសត្រូវខ្ពស់ ធ្វើឲ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅដោយរលូនស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានភាពភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា៕

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅខេត្តបាត់ដំបង
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

នាព្រឹកថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាមួយឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើសេចក្តីរាយការណ៍ជូនសម្ដេច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងអង្គពិធីថាមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ដែលប្រាព្ធពិធីសម្ពោធដាក់ឱ្យដំណើរការនាពេលនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្ត ក្រោមជាគំនិតផ្តួចផ្តើមសាងសង់ដោយ ឯកឧត្តម វេជ្ជបណ្ឌិត កែ ស៊ីនួន សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងមានការគាំទ្រពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង។ ឯកឧត្តមបញ្ជាក់ថាមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ សាងសង់លើផ្ទៃដីទំហំ ១៥ហិកតា ចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ អស់រយៈពេល ៦ខែ។ មជ្ឈមណ្ឌលនេះ មានអគារស្នាក់នៅរួមចំនួន ២ខ្នង អគារមានបន្ទប់ដាច់ដោយឡែក ចំនួន ២៣បន្ទប់ អាចទទួលអ្នកញៀនគ្រឿងញៀនស្នាក់នៅ បានចំនួន ៤០០នាក់ ទៅ ៥០០នាក់ ដោយមានអគារបន្សាប ព្យាបាល អគាររដ្ឋបាល អគារបណ្តុះបណ្តាលវិជ្ជាជីវៈ អាគារផ្ទះបាយ បន្ទប់ទឹក អាហារដ្ឋាន បណ្ណាល័យ បន្ទប់កែច្នៃអាហារ បន្ទប់រៀនទ្រឹស្ដី ជាដើម។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់រដ្ឋបាលខេត្ត ស្រុក ឃុំ ក៏ដូចជា មន្ដ្រីរាជការគ្រប់ផ្នែក នៅក្នុងខេត្តបាតដំបងទាំងមូល ដែលបានរួមគ្នាជាមួយប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍ ក្នុងការថែរក្សានូវសន្ដិសុខ ស្ថិរភាព ក៏ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យខេត្តបាត់ដំបង កាន់តែមានការរីកចម្រើនបន្ថែមទៀត ហើយជាមួយគ្នានេះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុករតនមណ្ឌល ក៏បានខិតខំដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋផងដែរ។ ពីវេទិកាអធិបតីនោះ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការរួមចំណែកដោះស្រាយបញ្ហាគ្រឿងញៀនពីសំណាក់ឯកឧត្តម វេជ្ជបណ្ឌិត កែ ស៊ីនួន សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងបានគូសបញ្ជាក់អំពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងទៅនឹងគ្រឿងញៀន ក្នុងនោះនារយៈពេល៥ឆ្នាំចុងក្រោយនេះ សមត្ថកិច្ចចម្រុះ បានបង្ក្រាប និងរឹបអូសនូវសារធាតុញៀនបានយ៉ាងច្រើន និងរាប់រយតោន។ សម្ដេចបន្ថែមថា ការចរាចរគ្រឿងញៀន មិនមែនមានតែនៅប្រទេសកម្ពុជានោះទេ គឺមាននៅតាមបណ្ដាប្រទេសនានា លើសកលលោក។ ដូច្នេះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏មិនអាចប្រទេសណាមួយធ្វើតែឯកឯងបាននោះទេ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងម៉ឹងម៉ាត់ ពិសេសជាមួយបណ្ដាប្រទេសជាប់ព្រំដែន។ សម្ដេចក្រឡាហោម បន្តថា កិច្ចសហប្រតិបត្តិការជាប់ព្រំដែននេះ គឺពិតជាមានសារៈសំខាន់ជាគន្លឹះ ហើយក៏ផ្អែកជាគោលការណ៍អន្ដរជាតិ ដែលអង្គការសហប្រជាជាតិបានដាក់ចេញ ព្រោះថា កម្ពុជា ជាសមាជិកនៃអង្គការសហប្រជាជាតិ ខណៈអង្គការនេះ ក៏មានយុទ្ធនាការមួយ ដើម្បីដឹកនាំចាត់ចែង និងសម្របសម្រួល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្ដេចមានក្ដីសង្ឃឹម និងជឿជាក់ថា មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ នឹងទទួលបានជោគជ័យ ក្នុងបេសកម្ម និងរួមចំណែក ក្នុងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាពេលនេះ គឺជាអង្គភាពឯកជនមួយ ហើយក៏ជាមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនទី២ នៅក្នុងខេត្តបាត់ដំបង បន្ទាប់ពីមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលពិភពនៃក្ដីសង្ឃឹម ដែលស្ថិតនៅស្រុកបវេល គឺជាអង្គភាពរបស់រដ្ឋ៕

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

នាព្រឹកថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ នៅទីស្ដីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយក អគ្គនាយករង អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គាធិការ អគារធិការរង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃជាច្រើនរូបទៀត។ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំ អំពីដំណើរការនៃការត្រួតពិនិត្យ និងរៀបចំអនុក្រឹត្យស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ស្របតាមតាមមាត្រាទី៨ នៃច្បាប់ ស្ដីពីពន្ធនាគារក្រសួងមហាផ្ទៃដែលចែកថាមន្ដ្រីពន្ធនាគារ ត្រូវមានឯកសណ្ឋាន សណ្ឋាសក្តិ គ្រឿងបំពាក់ ឧបករណ៍ និងសម្ភារ ឱ្យសមស្រប។ ឯកឧត្តមបន្ថែមថា ព្រោះហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃ ក៏បានចេញសេចក្ដីប្រកាស ស្ដីពីការកំណត់រូបភាព របៀបប្រើប្រាស់ និងរបបផ្គត់ផ្គង់ ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ និងសម្ភារប្រើប្រាស់ផ្សេងៗ របស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ។ នាកាសនោះ សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវជ្រើសរើសពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធគារក្រសួងមហាផ្ទៃ ឱ្យបានសមស្រប មុនចេញអនុក្រឹត្យជាផ្លូវការ។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះ អគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការសិក្សានូវសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ។ មាត្រា៣នៃសេចក្ដីព្រាងអនុក្រឹត្យ ចែងថា ឯកសណ្ឋានមន្រ្តីពន្ធនាគារ សម្រាប់ប្រើប្រាស់មាន៦ប្រភេទ រួមមាន ឯកសណ្ឋានធំលេខ១ សម្រាប់ប្រើប្រាស់ក្នុងព្រះរាជពិធី និងពិធីបុណ្យជាតិ, ឯកសណ្ឋានធំលេខ២ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីផ្លូវការនានា និងទទួលភ្ញៀវជាតិ និងអន្តរជាតិ, ឯកសណ្ឋានការងារលេខ៣ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីមីទ្ទិញ សិក្ខាសាលា សន្និបាតនានា និងបំពេញការងារប្រចាំថ្ងៃ។ មាត្រាដដែលចែងទៀតថាសម្រាប់ឯកសណ្ឋានការងារលេខ៤ (អាវដៃវែង) សម្រាប់ប្រើប្រាស់ក្នុងពេលបំពេញការងារប្រចាំថ្ងៃ,ឯកសណ្ឋានការងារលេខ៥ (អាវដៃខ្លី) សម្រាប់ប្រើប្រាស់ក្នុងពេលបំពេញការងារប្រចាំថ្ងៃ និងឯកសណ្ឋានលេខ៦ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការ សន្តិសុខ និងសុវត្ថិភាព។ មាត្រា៤បានចែងថា រូបភាព ម៉ូត ទំហំខ្នាត ពណ៌ និងរបៀបប្រើប្រាស់ឯកសណ្ឋានតាមប្រភេទនីមួយៗ ត្រូវកំណត់ដោយប្រកាសរបស់មន្រ្តីក្រសួងមហាផ្ទៃ៕