ថ្ងៃច័ន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ

សកម្មភាពថ្នាក់ដឹកនាំ

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តព្រៃវែង
ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣

នាព្រឹកថ្ងៃសុក្រ ៤កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន សខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តព្រៃវែង។ ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រមទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងខេត្តព្រៃវែង និងទូទាំងប្រទេសដែលបាននិងកំពុងចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត តាំងពីថ្ងៃបើករហូតដល់ថ្ងៃបិទយ៉ាងអធិកអធមក្រៃលែង។ សម្ដេចក្រឡាហោម ក៏បានថ្លែងនូវសារអរគុណជូនជនរួមជាតិគ្រប់រូបដែលបើទោះបីជាមាននិន្នការនយោបាយផ្សេងៗគ្នា មានតួនាទី ព្រមទាំងភារកិច្ចផ្សេងៗគ្នាក៏ដោយ ប៉ុន្តែមានគោលជំហរដូចគ្នា គឺចូលរួមរក្សាការពារសុខសន្តិភាព និងជំរុញការអភិវឌ្ឍជាតិគ្រប់វិស័យ ពិសេសក្នុងឱកាសនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ បានចូលរួម និងធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ និងសុីវិល័យ ធ្វើឱ្យយុទ្ធនាការឃោសនាប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងប្រកបដោយបរិយាកាសប្រជាធិបតេយ្យ។ សម្ដេចបានអំពាវនាវសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និយាយរួមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨លើសន្លឹកឆ្នោត ដើម្បីបន្តថែរក្សាការពារសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពាររបបរាជានិយម និងបន្តសម្រេចវឌ្ឍនភាពថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន៕

សម្ដេចក្រឡាហោម ស ខេង អញញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃដែលត្រៀមចេញទៅប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០
ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃដែលត្រៀមចេញទៅប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police and Fire Games 2023) នៅប្រទេសកាណាដា។ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហម និងអង្គពិធីថាឯកឧត្តមនឹងដឹកនាំប្រតិភូកីឡាក្រសួងមហាផ្ទៃចំនួន៤៨នាក់ ធ្វើដំណើរទៅប្រទេសកាណាដើម្បីចូលរួមព្រឹត្តិការណ៍កីឡាកម្រិតពិភពលោកនេះ ដែលកម្មវិធីប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា ការរៀបចំកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក គឺដើម្បីបង្ហាញពីសមាគ្គីភាព សមត្ថភាព និងទេព្យកោសល្យរបស់កងនគរបាលនៃប្រទេសនីមួយៗ និងតែងតែមានប្រទេសជាង៧០ បានចាត់បញ្ជូនប្រតិភូកីឡាចូលរៀងរាល់ការប្រកួត ហើយប្រទេសកម្ពុជាធ្លាប់បានបញ្ជូនប្រតិភូកីឡាចូលរួមចំនួន២លើក ក្នុងចំណោមការរៀបចំចំនួន២០លើក។ ឯកឧត្តមអនុរដ្ឋលេខាធិការ បន្ថែមថាកីឡាករ កីឡាការិនីកម្ពុជា នឹងចូលរួមប្រកួតលើ១៣ប្រភេទកីឡា រួមមានកីឡាវាយសី, កីឡាលើកទំងន់, កីឡាយូដូ, កីឡាជីជិតស៊ូ, កីឡាការ៉ាតេ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាបាល់ទះក្នុងសាល, កីឡាបាល់ទះឆ្នេរខ្សាច់, កីឡាចំបាប់, កីឡាចំបាច់កាច់ដៃ, កីឡាវាយកូនគោល, កីឡា Bench Press និងកីឡា Push Pull Lifting។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃដែលបានរៀបចំប្រភេទកីឡា និងត្រៀមចេញទៅចូលរួមប្រកួតនៅប្រទេសកាណាដាដែលជាបេសកកម្មដ៏មានសារៈសំខាន់នេះ មិនត្រឹមតែសម្រាប់ក្រសួងមហាផ្ទៃប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ប្រទេសជាតិទាំងមូល។ នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានមានប្រសាន៍ដោយសង្ខេបទៅកាន់អង្គពិធី អំពីមិទ្ធផល និងការងារសំខាន់ៗដែលក្រសួងមហាផ្ទៃសម្រេចបានក្នុងរយៈពេល៥ឆ្នាំ នៃនីតិកាលទី៦ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ក្នុងនោះមានដូចជាវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់កងកម្លាំងនគរបាលជាតិ ព្រមទាំងកំណែទម្រង់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃផងដែរ។ ជាថ្មីម្ដងទៀត សម្ដេចបានថ្លែងកោតសរសើរចំពោះកីឡាករ កីឡាការិនីនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលទទួលបានជ័យជំនះក្នុងការប្រកួតទាំងកម្រិតជាតិ កម្រិតតំបន់ និងអន្តរជាតិ ជាបន្តបន្ទាប់ រួមទាំងក្នុងព្រឹត្តិការស៊ីហ្គេមដែលកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ។ មុននឹងបញ្ចប់ សម្ដេចក៏បានជូនពរប្រតិភូកីឡាធ្វើដំណើរទៅប្រទេសកាណាដាប្រកបដោយសុវត្ថិភាព និងជោគជ័យ៕

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនគណៈប្រតិភូបេសកកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី (MEF) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣

នាព្រឹកថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនគណៈប្រតិភូបេសកកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី (MEF) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់អង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង (OIF) ដែលបានចាត់បញ្ជូនគណប្រតិភូមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានាឱកាសនេះ ដឹកនាំដោយឯកឧត្តម Desire NYARUHIRIRA ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការនយោបាយ និងការទូតរបស់លោកជំទាវអគ្គលេខាធិការអន្តរជាតិហ្វ្រង់កូហ្វូនី។ សម្ដេចក៏បានជម្រាបជូនអំពីដំណើរការបោះឆ្នោតនៅកម្ពុជា ដោយនៅកម្ពុជាមានការបោះឆ្នោតជាសកលចំនួនពីរ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០២៣នេះ គឺជាការបោះឆ្នោតជាតិលើកទី៧ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លើកចុងក្រោយបានប្រព្រឹត្តទៅកាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ។ សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថានៅកម្ពុជាក៏មានការបោះឆ្នោតមិនផ្ទាល់ចំនួន២ទៀតដែរគឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខណៈការបោះឆ្នោតទាំងពីរនេះ ក៏នឹងបន្តដំណើរការជាលើកទី៤ នៅខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ប្រសិនបើមិនមានអ្វីប្រែប្រួល។ សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូដែរថាជារួម នៅកម្ពុជាក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ស្ថានភាពសន្តិសុខកាន់តែមានភាពល្អប្រសើរ ហើយការចូលរួមរបស់ប្រជាពលរដ្ឋក៏ប្រកបដោយភាពវិជ្ជមាន ជាពិសេសការលុបបំបាត់អំពើហិង្សាក្នុងអំឡុងពេលបោះឆ្នោត និងមានការចូលរួមពីគណបក្សនយោបាយនានាផងដែរ។ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាការបោះឆ្នោតកន្លងមក ក៏មានការចូលរួមឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មាន ហើយសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០២៣នេះ គិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ស្ថានភាពទូទៅក៏មានភាពល្អប្រសើរដែរ។ ឯកឧត្តម Desire NYARUHIRIRA បានថ្លែងអំណរគុណសម្ដេចក្រឡាហោមដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូបេសកកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វីនី។ ឯកឧត្តមក៏បានរម្លឹកភាពជាស្ថាបនិករបស់កម្ពុជាក្នុងការបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងថ្លែងពីការទទួលស្គាល់ពីតួនាទីសកម្មរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។ ឯកឧត្តមបន្ថែមថា នៅពេលប្រទេសសមាជិកក្រុមប្រទេសនិយាយភាសាបារាំងរៀបចំការបោះឆ្នោត អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី តែងតែបានចាត់បញ្ជូនគណៈប្រតិភូចូលរូមសង្កេតការណ៍ និងបានជួបជាមួយបណ្ដាតួអង្គពាក់ព័ន្ធនឹងការបោះឆ្នោតនៅប្រទេសទាំងនោះ ហើយបេសកកម្មនេះគឺដើម្បីជួយពង្រឹងនីតិរដ្ឋ និងសន្តិភាព។ បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តមប្រធានគណប្រតិភូក៏បានផ្លាស់ប្ដូរយោបល់គ្នាអំពីបទពិសោធន៍ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតនៅកម្ពុជា។ សម្ដេចក៏បានជម្រាបជូនអំពីការត្រៀមលក្ខណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក្រសួងមហាផ្ទៃក៏មានតួនាទីស្នូលក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ បម្រើឱ្យដំណើរការបោះឆ្នោតនេះផងដែរ៕

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC)
ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣

នាព្រឹកថ្ងៃអង្គារ ១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC)។ ពិធីនេះបានប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា (គ.៨៥) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា សរុបអង្គពិធីប្រមាណ១ ០០០នាក់។ ក្នុងឱកាសនោះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានធ្វើរបាយការណ៍ជូនសម្ដេច និងអង្គពិធីអំពីសមាសភាពសមាជិកសហភាពសហជីពដែលអញ្ជើញចូលរួមនាឱកាសនេះ ក្នុងនោះរួមមានយុវជនផែនកម្មករនិយោជិត យុវជនផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ យុវជនផែនបញ្ញវន្ត និងយុវជនផែនទេសចរណ៍។ លោក ហង្ស រ៉ាវី ក៏បានជម្រាបជូនអំពីលទ្ធផលការងារចូលរួមក្នុងចលនាគាំទ្រគណបក្សប្រជាជនកម្ពុជា ការសម្របសម្រួលវិវាទ ការគាំទ្រដល់កម្មករ កម្មការិនី ក្នុងនោះចាប់ពីខែមករា ដល់ខែកក្កដានេះ CWPUC បានចាត់តាំងផ្នែកនីមួយៗចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនសមាជិក សមាជិកជួបការលំបាក សរុបចំនួន១២០នាក់ ដោយចំណាយថវិកាសរុបប្រមាណ៦០លានរៀល។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រមុខដឹកនាំរាជរដ្ឋាភិបាល បានកោតសរសើរ និងថ្លៃងអំណរគុណ CWPUC ចំពោះការខិតខំប្រឹងប្រែងរួមចំណែកដោះស្រាយ និងសម្រាលបន្ទុកបញ្ហាផ្សេងៗរបស់កម្មករ កម្មការិនី ស្របតាមនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល។ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ដែលបានរួមចំណែកពង្រឹង និងបង្កើនកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសពីក្នុងចំណោមកម្មករ កម្មការិនី និងក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបន្តបុព្វហេតុនៃការរក្សាសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ក្នុងឱកាសនោះដែរ សម្ដេចបានថ្លែងលើកទឹកចិត្ត CWPUC បន្តកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យសម្រេចបានតាមទិសដៅការងាររបស់ខ្លួន និងធ្វើសកម្មភាពស្របទៅតាមច្បាប់ស្ដីពីសហជីព។ ដោយឡែក ក្នុងក្របខណ្ឌគណបក្ស សម្ដេចបានណែនាំអង្គពិធីចូលរួមផ្សព្វផ្សាយជំរុញឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត និងចូលរួមសកម្មភាពឱ្យស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត៕

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកព្រះស្ដេច ស្រុកពាមជរ ស្រុកកំពង់ត្របែក និងស្រុកមេសាង ខេត្តព្រៃវែង
ថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣

នាថ្ងៃអាទិត្យ ១៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង បានអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកព្រះស្ដេច ស្រុកពាមជរ ស្រុកកំពង់ត្របែក និងស្រុកមេសាង ខេត្តព្រៃវែង។ សម្ដេចក្រឡាហោម ក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន ព្រមទាំងសមាជិក សមាជិកា និងប្រជាពលរដ្ឋស្រុកទាំង៤ដែលតែងផ្ដល់សេចក្ដីទុកចិត្ត បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសបានរួមសុខ រួមទុក្ខជាមួយគ្នាតាំងក្រោយការដួលរំលំនៃរបបខ្មែរក្រហម។ សម្ដេចបានមានប្រសាសន៍ថ្លែងអំណរគុណប្រជាពលរដ្ឋទូទៅ ទោះបីមាននិន្នាការបែបណាក៏ដោយ ប៉ុន្តែមានគោលជំហរស្រលាញ់សុខសន្តិភាព និងបានចូលរួមគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាល៦ ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៣ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាលំនឹងសេដ្ឋកិច្ច ពិសេសបង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ-១៩។ សម្ដេចក្រឡាហោម បានអំពាវនាវសមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងស្រុកទាំង៤ និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងបន្តទៀត៕

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកគាស់ក្រឡ ស្រុករុក្ខគិរី និងស្រុកមោងឬស្សី ខេត្តបាត់ដំបង
ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣

នាព្រឹកថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកគាស់ក្រឡ ស្រុករុក្ខគិរី និងស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន ព្រមទាំងសមាជិក សមាជិកា និងប្រជាពលរដ្ឋស្រុកទាំង៣ដែលតែងផ្ដល់សេចក្ដីទុកចិត្ត បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសបានរួមសុខ រួមទុក្ខជាមួយគ្នាតាំងក្រោយការដួលរំលំនៃរបបខ្មែរក្រហម។ សម្ដេចបានមានប្រសាសន៍ថ្លែងអំណរគុណប្រជាពលរដ្ឋទូទៅ ទោះបីជាមាននិន្នាការបែបណាក៏ដោយ ប៉ុន្តែមានគោលជំហរស្រលាញ់សុខសន្តិភាព និងបានចូលរួមគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាល៦ ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៣ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ-១៩។ សម្ដេចក្រឡាហោម បានអំពាវនាវសមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងស្រុកទាំងបី និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងបន្តទៀត៕