ព័ត៌មានថ្មីបំផុត

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត អគារទីស្ដីការថ្មី នៃក្រសួងមហាផ្ទៃ
ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣
នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត អគារទីស្ដីការថ្មី នៃក្រសួងមហាផ្ទៃ។ ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងឯកឧត្តម លោកជំទាវ ជាក្រុមគ្រួសារសម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់រដ្ឋបាលរាជធានី ខេត្តជាច្រើនរូបទៀត។ ក្នុងឱកាសនោះ សម្ដេច និងលោកជំទាវ ព្រមទាំងអង្គពិធី បានប្រាព្ធពិធីបួងសួងតាមគន្លងប្រពៃណី និងទំនៀមទំលាប់ខ្មែរ ក្រោមកិច្ចចាត់ចែងពីលោកអាចារ្យអធិបតី អមដោយភ្លេងពិណពាទ្យ និងភ្លេងប្រពៃណីខ្មែរ និងបានបន្តប្រារព្ធពិធីចម្រើនព្រះបរិត្ត ក្រោមព្រះអធិបតីសង្ឃ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី។ អគារទីស្ដីការក្រសួងមហាផ្ទៃ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ អគារនេះមានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់៩ជាន់ ចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក។ អគារនេះ ជាស្នាដៃកូនខ្មែរសុទ្ធសាធ ទាំងស្ថាបត្យករ វិស្វិករ និងក្រុមជាង។ សម្ដេចក្រឡាហោម ចាត់ទុកអគារនេះជាផ្នែកមួយនៃមោទនភាពជាតិ។ បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដោយនៅក្នុងឱកាសនោះ សម្ដេចបានមានប្រសាសន៍ថ្លែងអំណរគុណ សម្ដេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ដល់ការអនុញ្ញាតឱ្យក្រសួងមហាផ្ទៃសាងសង់អគារទីស្ដីការថ្ងៃដែលប្រារព្ធពិធីសម្ពោធនាឱកាស។ សម្ដេចមានប្រសាសន៍ថាការសាសង់អគារទីស្ដីការក្រសួងមហាផ្ទៃ មានល្បឿនលឿន និងមានការយកចិត្តទុកដាក់លើគុណបំផុត ដោយសារអគានេះមានទំហំធំ និងខ្ពស់។ សម្ដេចបញ្ជាក់ថាទាំងស្ថាបត្យករ និងវិស្វករ សុទ្ធតែជាកូនខ្មែរ និងធ្វើការងារប្រកបដោយទំនួលខុសត្រូវ និងក្ដីស្រលាញ់បំផុត ធ្វើឱ្យសម្ដេចមានមោទនភាពបំផុត។ សម្ដេចបញ្ជាក់ថាការសាងសង់អគារទីស្ដីការក្រសួងបានបែងចែកជា៣ក្រុម និង២៤ម៉ោង។ សម្ដេចបន្តថាអ្វីដែលកាន់តែពិសេសទៀតនោះ គឺក្នុងដំណើរការសាងសង់អគារនេះ បានរក្សាសុវត្ថិភាពបានយ៉ាងល្អ ពោលគឺគ្មានករណីគ្រោះថ្នាក់ណាមួយបានកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធនាគារដែលបានចូលរួមសហការ និងនៅតែបន្តខិតខំបំពេញការងារបានយ៉ាងល្អប្រសើរក្នុងកាលៈទេសៈនៃការកសាងអគារថ្មីនេះ។ សម្ដេចក្រឡាហោមក៏បានណែនាំឱ្យថ្នាក់ដឹកនាំអង្គភាពនីមួយៗ ត្រូវធានាថាមន្រ្តីរបស់ខ្លួនមកបំពេញការងារបានត្រឹមត្រូវ មានសមត្ថភាពបំពេញការងារ ដោយមិនមែនត្រឹមតែផ្ញើប្រអប់ ឬមានតែឈ្មោះតែមិនមកធ្វើការនោះទេ។ សម្ដេចក៏បានណែនាំឱ្យយកចិត្តទុកដាក់លើប្រព័ន្ធការពារសុវត្ថិភាព កាត់បន្ថយការប្រើប្រាស់ភ្លើងមិនចាំបាច់ និងត្រូវរួមគ្នាថែរក្សាអានាម័យ និងសោភ័ណ្ឌភាពទាំងខាងក្នុង និងខាងក្រៅអគារ។ នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏ថ្លែងគូសបញ្ជាក់ជាថ្មីទៀតថាសម្រាប់នីតិកាលថ្មីឆាប់ៗខាងមុខនេះ សម្ដេចមិនបានបន្តធ្វើការងារនៅអគារថ្មីក្រសួងមហាផ្ទៃ និងក្នុងរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែសម្ដេចគាំទ្ររាជរដ្ឋាភិបាលថ្មីពេញទំហឹង ដើម្បីឱ្យរាជរដ្ឋាភិបាលថ្មីអាចជំនះបាននូវបញ្ហាទាំងឡាយដែលបាននិងកំពុងកើត និងកើតនាពេលខាងមុខ ដើម្បីនាំកម្ពុជារក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតទៅមុខ។ សម្ដេចក៏បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើថាការកសាងស្ថាប័ន ការកែទម្រង់រដ្ឋបាលសាធារណៈ ការរៀបចំឱ្យបានល្អនូវតួនាទី ភារកិច្ច របៀបរបបធ្វើការងារ ការសាមគ្គីឯកភាពរវាងមន្រ្តីថ្នាក់លើ មន្រ្តីថ្នាក់ក្រោម មន្រ្តីថ្នាក់ស្មើជាមួយគ្នាដោយប្រកាន់យកគោលការណ៍ស្មោះត្រង់ជាមួយគ្នាគឺជាគោលការណ៍សំខាន់ត្រូវបន្តអនុវត្ត ដើម្បីរួមគ្នាសម្រេចបានសមិទ្ធផជូនជាតិ និងប្រជាជន។ សម្ដេចបន្ថែមថា«ខាងលើក៏ស្មោះត្រង់ជាមួយខាងក្រោម ខាងក្រោមក៏ស្មោះត្រង់ជាមួយខាងលើ មិនត្រូវភូតកុហុក ហើយក៏មិនត្រូវមានល្បិចកលជាមួយគ្នាទេ។ យើងធ្វើការដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋ មិនមែនដើម្បីយើងទេ។ អាចយើងទទួលផលមួយផ្នែកណានោះ ប៉ុន្តែយើងត្រូវតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ដែលជាបញ្ហាមូលដ្ឋានទាំងអស់គ្នាត្រូវប្រកាន់យក»។ សម្ដេចក៏បានណែនាំកុំឱ្យមានភាពចង្អៀតចង្អល់ ត្រូវខំបញ្ចេញស្នាដៃ បង្ហាញថាខ្លួនពិតជាមានសមត្ថភាព ពិតជាមានឧត្តមគតិស្មោះត្រង់ចំពោះជាតិ និងប្រជាជន។ សម្ដេចបញ្ជាក់ទៀតថាដើម្បីជោគជ័យក្នុងការងារ ធំបំផុតគឺភាពស្មោះត្រង់ និងធ្វើការប្រកបដោយវិជ្ជាជីវៈ ហើយអ្នកដឹកនាំ ក៏មិនត្រូវមើលបំណាំកូនចៅនោដែរ ប៉ុន្តែត្រូវតែប្រាប់ ណែនាំ តម្រង់ទិស។ សម្ដេចបន្តថា«រឿងអ្វីក៏ដោយ យើងក៏មិនចេះទាំងអស់ទេ តែយើងក៏មិនល្ងង់ទាំងអស់ដែរ យើងត្រូវតាំងខ្លួនអ៊ីចឹង។ កាលណាយើងតាំងថាខ្លួនយើងចេះ វាប្រៀបបានយកអ្វីមកគ្របសង្កត់ជាប់ វាអត់មានអ្វីចូលថ្មីទេ ព្រោះចេះហើយដឹងហើយ! តែបើតាំងខ្លួនថាល្ងង់ បានន័យថាយើងទទួលស្គាល់ថាយើងមិនទាន់ចេះអស់ទេ អ៊ីចឹងយើងបើកគ្របដើម្បីអ្វីថ្មីចូលមក យើងដឹង។ តែបើតាំងថាល្ងង់ ហើយមិនយកចិត្តទុកដាក់វាក៏ជាបញ្ហា»។ គួរកត់សម្គាល់ថាសម្ដេចក្រឡាហោម ស ខេង បានកាន់មុខតំណែងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំនួសសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលចេញទៅកាន់មុខតំណែងជាប្រធានសភាប្រជាជននាអំឡុងឆ្នាំ១៩៨០។ នៅការបោះឆ្នោតនីតិកាលទី១ ឆ្នាំ១៩៩៣ សម្ដេចបានឈរឈ្មោះជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង រហូតដល់នីតិកាលទី៧នេះ។ សម្ដេចបានកាន់មុខតំណែងសហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅនីតិកាលទី១ និងធ្វើជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃចាប់ពីនីតិកាលទី២ដល់នីតិកាលទី៦៕
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣
នាព្រឹកថ្ងៃពុធ ១៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើរបាយការណ៍ជូនសម្ដេច និងអង្គពិធីថា វិមានឯករាជ្យ និងសមិទ្ធផលនានាដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានបើកការដ្ឋានស្ថាបនា និងសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង។ ឯកឧត្តមបានឱ្យដឹងថាវិមានឯករាជ្យ បានសាងសង់លើទំហំ៦៦២ម៉ែត្រការ៉េ មានខឿនទម្របាតក្រោម មានអង្កត់ផ្ជិត៣៥ម៉ែត្រ កម្ពស់២២,២៣ម៉ែត្រ មានអាងបាញ់ទឹកចំនួន៤ កម្ពស់០,៨ម៉ែត្រ ហើយតួវិមានឯករាជ្យមានខឿន៣ថ្នាក់ ព្រមទាំងមានក្បាច់រចនាខ្មែរដូចជាក្បាច់ពងត្រី ក្បាច់ចង្វាអង្គរ និងក្បាច់ត្របកឈូកជាដើមម។ ដោយឡែកសួនច្បារសម្ដេចក្រឡាហោម បានសាងសង់លើទំហំដី១៣,៨៥០ម៉ែត្រការ៉េ និងចែកជា៥តំបន់។ ឯកឧត្តមបន្ថែមថាតំបន់ទាំងនោះ រួមមានតំបន់នាគបាញ់ទឹក ឬតំបន់រីករាយ, តំបន់សន្តិភាព ស្ងប់ស្ងាត់ និងសុខសាន្ត, តំបន់រម្លឹកប្រវត្តិសាស្រ្ត, តំបន់នាគសន្តិភាព ឬតំបន់រម្លឹកគុណសន្តិភាព និងតំបន់រង់ចាំ។ ឯកឧត្តមបន្ថែមទៀតថា រដ្ឋបាលខេត្តក៏បានចាក់ពង្រីសួនខាងកើតមាត់ស្ទឹងសង្កែបន្ថែមទៀតដែរ។ ចំពោះគម្រោងកែលម្អរសួនធ្នង់៥៣វិញ មានដាំដើមធ្នង់ចំនួន៥៣ដើម មានកន្លែងអង្គុយ ផ្លូវជិះកង់ និងផ្លូវដើរកំសាន្តក្នុងសួន ហើយគម្រោងជួសជុលចាក់កៅស៊ូជុំវិញវិមានឯករាជ្យ មានទំហំ១១,៥៤៣ម៉ែត្រការ៉េ។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងក្នុងនាមក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តបាត់ដំបងដែលបានខិតខំប្រឹងប្រែងកែលម្អរសោភណ្ឌភាពក្រុងបាត់ដំបងជាបន្តបន្ទាប់ ជាក់ស្ដែងវិមានឯករាជ្យ និងសមិទ្ធផលនានាដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ ធ្វើឱ្យខេត្តកាន់តែមានភាពទាក់ទាញ។ ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តបាត់ដំបងដែលពេញមួយនីតិកាលទី៦មកនេះ បានខិតខំបំពេញភារកិច្ចចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ ជាពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ទាំងកម្រិតខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ សម្ដេចក្រឡាហោម ក៏សង្ឃឹមជឿជាក់ថារដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ទូទាំងខេត្តបាត់បង និងជារួមទូទាំងប្រទេស នឹងបន្តខិតខំបំពេញតួនាទី និងភារកិច្ចដ៏ល្អនេះ ឱ្យបានកាន់តែល្អប្រសើរទៀតនៅក្នុងនីតិកាលថ្មី ក្នុងនោះសម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រមូលសំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ពលរដ្ឋ ហើយខិតខំរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា។ នាសឱកាសនោះដែរ សម្ដេចក្រឡាហោម បានរម្លឹកអំពីសាវតាដែលរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបែងចែកថ្នាក់ដឹកនាំចុះលើកទឹកចិត្ត និងគាំទ្រថ្នាក់ដឹកនាំមូលដ្ឋាន ជាពិសេសកងទ័ពដែលកំពុងការពារមិនឱ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញ។ សម្ដេចបញ្ជាក់ថាគឺចាប់ពីពេលនោហើយដែលគណបក្ស និងរាជរដ្ឋាភិបាល បានបន្តចាត់ចែងបង្កើតក្រុមការងារចុះមូលដ្ឋានរហូតមកដល់សព្វថ្ងៃ។ សម្ដេចគូសបញ្ជាក់ថាក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស ក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា បានរួមចំណែកបរិច្ចាគថវិកាផ្ទាល់ខ្លួន កសាងសមិទ្ធផលបម្រើផលប្រយោជន៍សាធារណៈគ្រប់វិស័យ នៅគ្រប់មូលដ្ឋាន ធ្វើឱ្យរាជរដ្ឋាភិបាល ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ពីមួយអាណត្តិទៅមួយអាណត្តិ ជាក់ស្ដែងក្នុងខេត្តបាត់ដំបង មានសមិទ្ធផលជាច្រើនបានកើតឡើង និងកំពុងបម្រើសេចក្ដីត្រូវការប្រជាពលរដ្ឋ។ សម្ដេចក្រឡាហោម ក៏បានបង្ហាញជំនឿចិត្តថាវិមានឯករាជ្យ ព្រមទាំងសមិទ្ធផលសម្ពោធនាថ្ងៃនេះ នឹងរួមចំណែកទាក់ទាញទេសចរណ៍ក្នុងខេត្តបាត់ដំបង ហើយធ្វើឱ្យចំណូលក្នុងខេត្តកាន់តែកើនឡើង។ សម្ដេចបញ្ជាក់ទៀតថាទីតាំងនេះ នឹងទាក់ទាញទាំងពលរដ្ឋមកដើរកំសាន្ត និងហាត់ប្រាណ។ សម្ដេចបានអំពាវនាវឱ្យពលរដ្ឋ និងភ្ញៀវទេសចរណ៍ ចូលរួមថែរក្សាបរិស្ថាន និងអនាម័យ ហើយបន្តរួមគ្នាដាំដើមឈើឱ្យបានច្រើនបន្ថែមទៀត៕
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ពិសាភោជនាហារជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ និងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៧
ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣
នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ពិសាភោជនាហារជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ និងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលជាផ្លូវការថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រឈ្នះអាសនៈចំនួន ១២០ អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រឈ្នះបាន ៥ អាសនៈ។ តាមគម្រោង រដ្ឋសភានីតិកាលទី៧ និងបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២១ ខែសីហា និងបន្តកិច្ចប្រជុំបោះឆ្នោតអនុម័តរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើរាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ៕
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយទឹកស្អាតឃុំក្របៅ ឃុំជាច ផ្លូវចាក់បេតុងឃុំក្របៅ និងសមិទ្ធផលនានាក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង
ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣
នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយទឹកស្អាតឃុំក្របៅ ឃុំជាច ផ្លូវចាក់បេតុងឃុំក្របៅ និងសមិទ្ធផលនានាក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ លោក ប៊ិន ជីវ័ន អភិបាលនៃគណៈអភិបាលស្រុកកញ្ជ្រៀច បានឱ្យដឹងថាសមិទ្ធផលសម្ពោធនាថ្ងៃនេះ រួមមានស្ថានីយ៍ទឹកស្អាតចំនួន២កន្លែង ក្នុងនោះស្ថានីយ៍ទឹកស្អាតឃុំក្របៅ សាងសង់អស់ថវិកាចំនួន១លាន៣សែនដុល្លារ និងស្ថានីយ៍ទឹកស្អាតឃុំជាច ចំណាយថវិកាជាង៧៦សែនដុល្លារអាមេរិក។ សមិទ្ធផលទាំងពីរនេះ សរុបថវិកាចំណាយជាង២លាន១សែនដុល្លារអាមេរិក ដែលជាថវិកាផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉េម សាខន សខេង។ លោកអភិបាលបានបន្តថាក្រៅពីនេះ មានសមិទ្ធផលផ្សេងៗទៀត ដូចជា ផ្លូវបេតុងចំនួន១៣ខ្សែ ប្រវែងជាង១៥គីឡូម៉ែត្រក្នុងឃុំក្របៅ អគារសិក្សាចំនួន៣កន្លែង រួមមានអគារសិក្សាបឋមសិក្សាទួលសង្កែ ចំនួន២ខ្នង ១២បន្ទប់, អគារសិក្សាសាលាបឋមសក្សាព្រៃភ្លង ចំនួន១ខ្នង៦បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម និងលោកជំទាវ, អគារសាលាបឋមសិក្សាអញ្ចាញ២ខ្នង ៣បន្ទប់ ឧបត្ថម្ភដោយឯកឧត្តម ស៊ីម កា និងលោកជំទាវ, មត្តេយ្យសិក្សាក្របៅចៅ ចំនួន១ខ្នង ៣បន្ទប់ និងបន្ទប់ទឹក២ ឧបត្ថម្ភថវិកាដោយឯកឧត្តម ស សុខា និងលោកជំទាវ និងមិត្តេយ្យសិក្សាមហាឧបាសិកា ស ស៊ន់ ចំនួន១ខ្នង ៣បន្ទប់ និងបន្ទប់ទឹក២ ឧបត្ថម្ភដោយឯកឧត្តម ស្ដើង សុខុម និងលោកជំទាវ។ លោក ប៊ិន ជីវ័ន បានបន្ថែមថា ក្រៅពីនេះ ក៏មានសមិទ្ធផលមួយចំនួនទៀតដែរដែលសម្ពោធរួមគ្នានាថ្ងៃនេះ រួមមានរបងសាលាអនុវិទ្យាល័យសម្ដេចឪប្រវែង១៦៨ម៉ែត្រ, របងសាលាបឋមសិក្សាក្របៅចាស់ប្រវែង៥០២ម៉ែត្រ, របងវត្តក្របៅចាស់ប្រវែង៤០០ម៉ែត្រ, របងវត្តព្រៃស្មូនប្រវែង៩៦៧ម៉ែត្រ និងសាលាបុណ្យ២កន្លែងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម និងលោកជំទាវ, របងក្លោងទ្វាវត្តអញ្ចាញប្រវែង៦២៤ម៉ែត្រក្រោមការឧបត្ថម្ភពីឯកឧត្តម ស៊ីម កា និងលោកជំទាវ។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រុមការងារស្រុក ក្រុង ឃុំ សង្កាត់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរ ធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រព្រឹត្តទៅប្រកបដោយបរិយាកាស សុខដុមរមនា និងពោរពេញដោយសាមគ្គីភាព។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា សមិទ្ធផលដែលដាក់សម្ពោធនាពេលនេះគឺជាចំណងដៃថ្មីមួយទៀតសម្រាប់ អ្នកស្រុកកំចាយមារ ហើយបានចំណាយអស់ថវិកាជាច្រើនដែលបានមកពីការ ចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រុម ការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំចាយមារ និងការចូលរួមបរិច្ចាគពីសប្បុរសជននានា។ សម្ដេចបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ជូនចំពោះឯកឧត្តម លោកជំទាវ ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំចាយមារ និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគនូវធនធានជាច្រើន និងលះបង់ កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមអភិវឌ្ឍវិស័យទឹកស្អាត និងវិស័យផ្សេងៗ ជាច្រើនទៀត សំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងមានអនាម័យល្អ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកអភិវឌ្ឍមូលដ្ឋានស្រុកកំចាយមារ ខេត្តព្រៃវែង។ ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនអង្គពិធីថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជារក្សាបានយ៉ាងល្អប្រសើរនូវសុខ សន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គម សេដ្ឋ កិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទនភាព បើទោះបីជាយើងត្រូវជួប ប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការវិវត្តដ៏ ស្មុគស្មាញនៃសភាពការណ៍នយោបាយ សេដ្ឋកិច្ចអន្តរជាតិ ដែលពិបាកប៉ាន់ស្មានក្ដី។ សម្ដេចបន្តថាព្រមជាមួយគ្នានេះ កិត្តិយស កិត្យានុភាព សេចក្ដីថ្លៃថ្នូររបស់ជាតិយើងនៅលើ ឆាកអន្តរជាតិ កាន់តែបានលើកកម្ពស់ នៅពេលដែលកម្ពុជាបានអនុវត្តតួនាទីជាប្រធាន ដឹកនាំសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ កិច្ចប្រជុំពាក់ព័ន្ធនានា ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA GAME) និងអា ស៊ានប៉ារ៉ាហ្គេម លើកទី១២(ASEAN PARA GAME) ជាមួយលទ្ធផលល្អប្រសើរ និង ជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងទទួលបាននូវការកោតសរសើរពីបណ្តាភ្ញៀវអន្តរជាតិ ក៏ដូចជាការគាំទ្រ និងអបអរសាទរពីប្រជាជនខ្មែរនៅទូទាំងប្រទេស។ សម្ដេចបានគូសបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះកម្ពុជាក៏ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយ ទៀតគឺការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដែល បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្ដេចបានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានប្រើប្រាស់សិទ្ធិសម្ដែង នូវឆន្ទៈក្នុងនាមជាប្រជាពលរដ្ឋល្អចូលរួមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ នៃរដ្ឋសភា បានរហូតដល់៨៤,៥៨% ធៀបទៅនឹងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុបចំនួន ៩.៧១០.៦៥៥នាក់។ សម្ដេចបន្ថែមថា ជោគជ័យដ៏ត្រចះត្រចង់នេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែង របស់អាជ្ញារធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញ ការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅ ដោយរលូនស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានភាពភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា៕
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ២ខ្នង មាន១១បន្ទប់ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាបាយដំរាំ ស្ថិតនៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣
នារសៀលថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ២ខ្នង មាន១១បន្ទប់ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាបាយដំរាំ ស្ថិតនៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ លោក ស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុកបាណន់ បានធ្វើសេចក្ដីរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថាសមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានចំណាយថវិកាចំនួន១១១,០០០ដុល្លារអាមេរិក។ លោកអភិបាលបន្ថែមថាថវិកានេះ បានមកពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ដែលមានឯកឧត្តម សន្តិបណ្ឌិត សុខ ផល ជាប្រធានក្រុមការងារ ព្រមទាំងមានការចូលរួមពីសប្បុរសជននានា។ ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ជូនចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានជាច្រើន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការ ចូលរួមអភិវឌ្ឍវិស័យអប់រំនិងវិស័យផ្សេងៗជាច្រើនទៀត ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋាន ស្រុកបាណន់។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រក្សាបានយ៉ាងល្អប្រសើរនូវសុខ សន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទនភាព បើទោះបីជាយើងត្រូវជួប ប្រទះបញ្ហាប្រឈមជាច្រើន។ សម្ដេចបន្ថែមថាកម្ពុជារាជរដ្ឋាភិបាល បានធ្វើឱ្យកិត្យានុភាព កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ជាតិលើឆាកអន្តរជាតិ កាន់តែលើកកម្ពស់ និងទទួលស្គាល់ពីបណ្តាប្រទេសនៅលើសកលលោក ពិសេសការអនុវត្តតួនាទីជាប្រធានដឹកនាំសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាប្រកបដោយជោគជ័យ ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ និងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ដោយជោគជ័យ។ ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាសម្រាប់ពលរដ្ឋដែលទៅបោះឆ្នោតនឹងគេដែរ ប៉ុន្តែបានគូសខ្វែងសន្លឹកឆ្នោតចោលនោះ មិនមានការយកទោសពៃរ៍អ្វីទេ។ បើតាមសម្ដេចការបោះឆ្នោតកន្លងទៅនេះ និងការបោះឆ្នោតជាទូទៅ បើពលរដ្ឋមិនទៅបោះឆ្នោត ដោយសារមិនពេញចិត្ត ឬមិនសប្បាយចិត្តនឹងការបោះឆ្នោត ក៏គ្មានទោសពៃរ៍អ្វីនោះដែរ។ សម្ដេចបានសង្កត់ធ្ងន់អំពីអត្រាអ្នកចេញទៅបោះឆ្នោត និងបោះឆ្នោតបានត្រឹមត្រូវមានចំនួនច្រើន។ សម្ដេចក្រឡាហោម បានលើកឡើងអំពីអត្រាសន្លឹកឆ្នោតមិនបានការដែល គ.ជ.ប ប្រកាសថាមានជាង៤សែនសន្លឹក ក្នុងចំណោមសន្លឹកឆ្នោតជាង៨លានសន្លឹក ថាសន្លឹកឆ្នោតនោះមិនមែនសុទ្ធតែជាសន្លឹកឆ្នោតគូសខ្វែងទេ ដ្បិតមានហេតុផលផ្សេងៗដូចដែលកើតមានរៀងរាល់ការបោះឆ្នោតកន្លងមក ពិសេសកង្វះការយល់ដឹងអំពីការបោះឆ្នោតរបស់ពលរដ្ឋមួយចំនួន។ ជាថ្មីម្ដងទៀត សម្ដេចថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានប្រើប្រាស់សិទ្ធិសម្ដែង នូវឆន្ទៈក្នុងនាមជាប្រជាពលរដ្ឋល្អចូលរួមទៅបោះឆ្នោតរហូតដល់៨៤,៥៨% ធៀបទៅនឹងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុបចំនួន ៩.៧១០.៦៥៥នាក់។ សម្ដេចចាត់ទុកភាពជោគជ័យដ៏ត្រចះត្រចង់នេះ ថាពិតជាមិនអាច កាត់ផ្តាច់បានពីការខិតខំប្រឹងប្រែងរបស់អាជ្ញារធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួល ខុសត្រូវខ្ពស់ ធ្វើឲ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅដោយរលូនស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានភាពភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា៕
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅខេត្តបាត់ដំបង
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣
នាព្រឹកថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាមួយឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើសេចក្តីរាយការណ៍ជូនសម្ដេច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងអង្គពិធីថាមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ដែលប្រាព្ធពិធីសម្ពោធដាក់ឱ្យដំណើរការនាពេលនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្ត ក្រោមជាគំនិតផ្តួចផ្តើមសាងសង់ដោយ ឯកឧត្តម វេជ្ជបណ្ឌិត កែ ស៊ីនួន សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងមានការគាំទ្រពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង។ ឯកឧត្តមបញ្ជាក់ថាមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ សាងសង់លើផ្ទៃដីទំហំ ១៥ហិកតា ចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ អស់រយៈពេល ៦ខែ។ មជ្ឈមណ្ឌលនេះ មានអគារស្នាក់នៅរួមចំនួន ២ខ្នង អគារមានបន្ទប់ដាច់ដោយឡែក ចំនួន ២៣បន្ទប់ អាចទទួលអ្នកញៀនគ្រឿងញៀនស្នាក់នៅ បានចំនួន ៤០០នាក់ ទៅ ៥០០នាក់ ដោយមានអគារបន្សាប ព្យាបាល អគាររដ្ឋបាល អគារបណ្តុះបណ្តាលវិជ្ជាជីវៈ អាគារផ្ទះបាយ បន្ទប់ទឹក អាហារដ្ឋាន បណ្ណាល័យ បន្ទប់កែច្នៃអាហារ បន្ទប់រៀនទ្រឹស្ដី ជាដើម។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់រដ្ឋបាលខេត្ត ស្រុក ឃុំ ក៏ដូចជា មន្ដ្រីរាជការគ្រប់ផ្នែក នៅក្នុងខេត្តបាតដំបងទាំងមូល ដែលបានរួមគ្នាជាមួយប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍ ក្នុងការថែរក្សានូវសន្ដិសុខ ស្ថិរភាព ក៏ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យខេត្តបាត់ដំបង កាន់តែមានការរីកចម្រើនបន្ថែមទៀត ហើយជាមួយគ្នានេះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុករតនមណ្ឌល ក៏បានខិតខំដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋផងដែរ។ ពីវេទិកាអធិបតីនោះ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការរួមចំណែកដោះស្រាយបញ្ហាគ្រឿងញៀនពីសំណាក់ឯកឧត្តម វេជ្ជបណ្ឌិត កែ ស៊ីនួន សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងបានគូសបញ្ជាក់អំពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងទៅនឹងគ្រឿងញៀន ក្នុងនោះនារយៈពេល៥ឆ្នាំចុងក្រោយនេះ សមត្ថកិច្ចចម្រុះ បានបង្ក្រាប និងរឹបអូសនូវសារធាតុញៀនបានយ៉ាងច្រើន និងរាប់រយតោន។ សម្ដេចបន្ថែមថា ការចរាចរគ្រឿងញៀន មិនមែនមានតែនៅប្រទេសកម្ពុជានោះទេ គឺមាននៅតាមបណ្ដាប្រទេសនានា លើសកលលោក។ ដូច្នេះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏មិនអាចប្រទេសណាមួយធ្វើតែឯកឯងបាននោះទេ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងម៉ឹងម៉ាត់ ពិសេសជាមួយបណ្ដាប្រទេសជាប់ព្រំដែន។ សម្ដេចក្រឡាហោម បន្តថា កិច្ចសហប្រតិបត្តិការជាប់ព្រំដែននេះ គឺពិតជាមានសារៈសំខាន់ជាគន្លឹះ ហើយក៏ផ្អែកជាគោលការណ៍អន្ដរជាតិ ដែលអង្គការសហប្រជាជាតិបានដាក់ចេញ ព្រោះថា កម្ពុជា ជាសមាជិកនៃអង្គការសហប្រជាជាតិ ខណៈអង្គការនេះ ក៏មានយុទ្ធនាការមួយ ដើម្បីដឹកនាំចាត់ចែង និងសម្របសម្រួល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្ដេចមានក្ដីសង្ឃឹម និងជឿជាក់ថា មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ នឹងទទួលបានជោគជ័យ ក្នុងបេសកម្ម និងរួមចំណែក ក្នុងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាពេលនេះ គឺជាអង្គភាពឯកជនមួយ ហើយក៏ជាមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនទី២ នៅក្នុងខេត្តបាត់ដំបង បន្ទាប់ពីមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលពិភពនៃក្ដីសង្ឃឹម ដែលស្ថិតនៅស្រុកបវេល គឺជាអង្គភាពរបស់រដ្ឋ៕

សារព័ត៌មានប្រចាំថ្ងៃ

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង និងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ
ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣
នាព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង និងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងនូវការស្វាគមន៍ចំពោះឯកឧត្តមអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង និងឯកឧត្តមអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ព្រមទាំងសម្ដែងក្ដីរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្ដមទាំងពីរ ជាបន្តបន្ទាប់នៅក្នុងអាណត្ដិបេសកកម្មការទូតនៅកម្ពុជា។ តាមរយៈជំនួបនៅថ្ងៃនេះ សម្តេចក្រឡាហោម ក៏សម្ដែងនូវអំណរគុណចំពោះសាធារណរដ្ឋបារាំង និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលតែងជួយគាំទ្រក៏ដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង កម្ពុជា និងអាល្លឺម៉ង់ បានយ៉ាងល្អប្រសើរក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ទៀតថា សម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ ជាមួយនិងផ្នែកពាក់ព័ន្ធរបស់បារាំង ក៏ដូចជាសហព័ន្ធអាល្លឺម៉ង់វិញ ក៏មានលទ្ធផលល្អប្រសើរផងដែរ ពិសេសការគាំទ្រកំណែទម្រង់រដ្ឋបាលមូលដ្ឋាន ឬហៅថាវិមជ្ឈការ និងវិសហមជ្ឈការ។ ក្នុងឱកាសនោះ ឯកឧត្ដមអគ្គរដ្ឋទូតបារាំង ក៏បានថ្លែងអំណរគុណសម្តេចក្រឡាហោម ចំពោះការផ្ដល់ឱកាសបានចូលជួបពិភាក្សាការងារ និងបានលើកឡើងដែរថាជាការពិត បារាំង និងអាល្លឺម៉ង់ គឺជាដៃគូសហការមួយដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះប្រទេសទាំងពីរបានគាំទ្រលើវិស័យពាក់ព័ន្ធនានាដល់កម្ពុជារយៈពេលប្រមាណជាង៣០ឆ្នាំមកហើយ។ នៅក្នុងជំនួបនោះដែរ ឯកឧត្តមអគ្គរដ្ឋទូតបារាំង និងឯកឧត្តមឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ ក៏បានលើកឡើងនូវកិច្ចការសំខាន់ៗចំនួន៣ ដើម្បីជជែកពិភាក្សាជាមួយសម្ដេចក្រឡាហោម ផងដែរ ដែលកិច្ចការទីមួយ ពាក់ព័ន្ធទៅនឹងដំណើរការក៏ដូចជាការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនាពេលឆាប់ៗខាងមុខនេះ កិច្ចការទីពីរ គឺពាក់ព័ន្ធទៅនឹងការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល ក្នុងនោះក៏មានអង្គការសង្គមស៊ីវិលរបស់បារាំង និងអាល្លឺម៉ង់ ក្នុងដំណើរការអភិវឌ្ឍសង្គមកម្ពុជា និងទីបី ពាក់ព័ន្ធទៅនឹងដំណើរការកសាងក្របខ័ណ្ឌគតិយុត្ត ស្ដីពី កិច្ចសហប្រតិបត្តិការ លើវិស័យអនុវត្តច្បាប់។ ពាក់ព័ន្ធទៅនឹងកិច្ចការទីមួយ គឺអំពីដំណើរការនៃការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតទាំងពីរ ថាមកដល់ពេលនេះមានគណបក្សនយោបាយចំនួន១៨ បានត្រៀមចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ សម្ដេចក្រឡាហោម ក៏បានជម្រាបជូនដែរថាឆ្លងតាមបទពិសោធការបោះឆ្នោតបន្តបន្ទាប់ដែលកម្ពុជាបានអនុវត្ត ឃើញថាការងារថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ទាំងការថែរក្សាបាននូវបរិយាកាស សន្តិសុខ និងគ្មានអំពើហិង្សា។ សម្តេច ក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះ បរិយាកាសសន្តិសុខ បម្រើដល់ការបោះឆ្នោតនាពេលខាងមុខក៏ដូចជាការបោះឆ្នោតបន្តបន្ទាប់នាពេលអនាគតផងដែរ។ ចំពោះកិច្ចការទីពីរ ពាក់ព័ន្ធទៅនឹងការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា រាប់ទាំងអង្គការសង្គមស៊ីវិល គាំទ្រដោយសាធារណរដ្ឋបារាំង ក៏ដូចជាអាល្លឺម៉ង់នោះ សម្ដេចបានជម្រាបជូនថាច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាលនៅជាធរមានរបស់កម្ពុជា ជាច្បាប់មួយដែលត្រូវបានរៀបចំតាក់តែងឡើងដោយផ្អែកទៅលើច្បាប់ស្ដីពីអង្គការសង្គមស៊ីវិលដែលត្រូវបានសិក្សាស្រាវជ្រាវពីតាមបណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួននៅលើសកលលោក ក្នុងនោះរួមទាំងប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុបផងដែរ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនថាទោះបីជាច្បាប់នេះទទួលការអនុម័ត និងនៅជាធរមាន ប៉ុន្តែរាជរដ្ឋាភិបាលបើកចំហទៅលើការចូលរួមរបស់អង្គការសង្គមស៊ីវិលនៅក្នុងការពិនិត្យធ្វើវិសោធនកម្មដោយមកដល់ពេលនេះភាគីរាជរដ្ឋាភិបាលក៏ដូចជាភាគីអង្គការសង្គមស៊ីវិលបានជួបពិភាក្សាគ្នាជាបន្តបន្ទាប់ទៅលើកិច្ចការនេះ។ សម្ដេចក្រឡាហោម ក៏បានថ្លែងលើកទឹកចិត្ត និងជំរុញឲ្យភាគីទាំងពីរបន្ដជជែកពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយ ដូចជាខ្លឹមសារសមស្របដែលបម្រើដល់ផលប្រយោជន៍ទៅវិញទៅមកក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។  ដោយឡែកសម្រាប់ប្រធានបទ ពាក់ព័ន្ធនឹងការកសាងក្របខ័ណ្ឌគតិយុត្ត ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាងកម្ពុជា និងបារាំង សម្ដេចក្រឡាហោម បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង និងឯកឧត្តមអគ្គរដ្ឋទូតអាឡឺម៉ង់ផងដែរថា រហូតមកដល់ពេលនេះ ក្រុមការងារនៃភាគីទាំងពីរកម្ពុជា-បារាំងក៏បានពិភាក្សាគ្នាយ៉ាងសកម្ម និងយកចិត្តទុកដាក់អំពីខ្លឹមសារនៃក្របខ័ណ្ឌគតិយុត្តនរះ។ សម្ដេចក្រឡាហោម ក៏បានបង្ហាញសេចក្ដីសង្ឃឹម និងជឿជាក់ថាក្របខ័ណ្ឌគតិយុត្តនេះនឹងឈានដល់ការពិភាក្សាបញ្ចប់នាពេលឆាប់ៗ ផ្តល់លទ្ធភាពឲ្យមានការចុះហត្ថលេខាជាផ្លូវការ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជានិងបារាំងក៏ដូចជាបម្រើដល់ការការពារផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ ៕ 
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទទួលបានជ័យលាភី មេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម
ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣
នារសៀលថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទទួលបានជ័យលាភី មេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថាក្នុងចំណោមមេដាយចំនួន ២៨២គ្រឿងដែលកម្ពុជាដណ្ដើមបានពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កីឡាករ កីឡាការិនីនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានរួមចំណែកយ៉ាងធំធេងដោយដណ្ដើមបានមេដាយសរុបចំនួន ១៣២គ្រឿង ក្នុងនោះមេដាយមាសចំនួន ៣៥គ្រឿង ប្រាក់៣៤គ្រឿង និងសំរឹទ្ធ៦៣។ ឯកឧត្តមអនុរដ្ឋលេខាធិការបន្តថាការរួមចំណែកបានមេដាយនេះ បើគិតជាភាគរយ ស្មើនឹង ៤៦,៨ភាគរយ ហើយកាន់តែមោទកភាព និងក្ដីរីករាយទៀតនោះ ដោយកីឡាការិនីជាកងកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ គឺលោកវរសេនីយ៍ត្រី ប៉ាល់ ឆរស្មី បានជាប់ជាអត្តពលិកឆ្នើមបំផុត ដោយដណ្ដើមេដាយសរុបចំនួន៦គ្រឿង លើប្រភេទកីឡាវូវីណាម រួមមានមេដាយមាស៤គ្រឿង ប្រាក់១ និងសំរឹទ្ធ១ ខណៈអត្តពលិកក្រសួងមហាផ្ទៃម្នាក់ទៀតដណ្ដើមមេដាយមាសចំនួន៣គ្រឿងម្នាក់ឯង និង៩រូបផ្សេងទៀតដណ្ដើមបានមេដាយមាសម្នាក់២គ្រឿង។ ក្នុងឱកាសនោះដែរ ជំនួសមុខកីឡាករ កីឡាការិនី និងថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឯកឧត្តម សរ សិទ្ធិ បានបានថ្លែងអំណរគុណជូនសម្ដេចក្រឡាហោមដែលបានផ្ដល់ការលើកទឹកចិត្តកីឡាករកីឡារិនីជ័យលាភីនូវទឹកប្រាក់សរុបចំនួន ២២០.៨០០.០០០រៀល បានផ្ដល់នូវការលើកទឹកចិត្តដំឡើងឋាន្តរស័ក្ដិជូនអត្តពលិកមានស្នាដៃ ព្រមទាំងបានផ្ដល់ក្របខណ្ឌជូនអត្តពលិកមានស្នាដៃជាមន្រ្តីនគរបាលជាតិ។ ក្នុងឱកាសនោះដែរ កីឡាករកីឡាការិនីក៏បានថ្លែងដឹងគុណជូនសម្ដេចក្រឡាហោម ស ខេង ផងដែរ។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានចាត់ទុកលទ្ធផលនៃចំនួនមេដាយដែលអត្តពលិកក្រសួងមហាផ្ទៃរួមចំណែកដណ្ដើមបាននេះថាកិត្តិយសរបស់រាជរដ្ឋាភិបាល និងកិត្តិយសរបស់ជាតិទាំងមូល។ សម្ដេចបានថ្លែងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត និងបានជូនពរអត្តពលិក និងកីឡាករកីឡាករិនីក្រសួងមហាផ្ទៃទាំងអស់សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងការប្រកួតកីឡាទាំងកម្រិតជាតិ និងអន្តរជាតិនាពេលខាងមុខ។ សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ជូនអង្គពិធីផងដែរអំពីគោលការណ៍នៃការផ្ដល់ក្របខណ្ឌជូនអ្នកមានស្នាដៃ និងការរៀបចំក្របខណ្ឌមន្រ្តីនគរបាលជាតិជាប្រចាំឆ្នាំ ដោយបញ្ជាក់ថាជាគោលការណ៍ ក្រសួងមិនបានស្នើសុំសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលនូវចំនួនក្របខណ្ឌលើសពីភាពជាក់ស្ដែងនោះទេ។ ភាពជាក់ស្ដែងត្រូវបានសម្ដេចពន្យល់ថាបើនៅក្នុងឆ្នាំចាស់មានមន្រ្តីចូលនិវត្តន៍ ឬបញ្ឈប់ ឬដោយប្រការណាមួយក្នុងចំនួន៣ពាន់នាក់ ក្រសួងនឹងស្នើសុំបំពេញបន្ថែមតែ៣ពាន់នាក់នោះទេ ពោលគឺមិនអាចស្នើសុំលើសដែលនាំឱ្យប៉ះពាល់ដល់ការចំណាយរបស់រដ្ឋនោះទេ។ ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ផ្ដល់ទស្សនាទានអំពីស្នាដៃសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបានក្នុងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣នេះ ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំការបោះឆ្នោតជាទៀងទាត់តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕
លោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញដឹកនាំ ក្រុមអ្នកម្ដាយមនុស្សធម៌ ចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនប្រជាពលរដ្ឋ ចំនួន ៦០០ គ្រួសារ ក្នុងស្រុកចំនួន ៣ នៃខេត្តបាត់ដំបង
ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣
នាថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ លោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញដឹកនាំ ក្រុមអ្នកម្ដាយមនុស្សធម៌ ចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនប្រជាពលរដ្ឋ ចំនួន ៦០០ គ្រួសារ ក្នុងស្រុកចំនួន ៣ នៃខេត្តបាត់ដំបង។ អញ្ជើញចូលរួមក្នុងកិច្ចមនុស្សធម៌នាឱកាសនោះ រួមមាន ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ឈាង វុន និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្តមប្រធានក្រុមប្រឹក្សានិងឯកឧត្តមអភិបាលខេត្តបាត់ដំបង ព្រមទាំងសមាជិកក្រុមក្រឡាហោមមនុស្សធម៌ និងក្រុមអ្នកម្តាយមនុស្សធម៌ជាច្រើនរូបទៀត។ ពិធីសួរសុខទុក្ខ និងផ្ដល់អំណោយជូនពលរដ្ឋ បានព្រឹត្តទៅនៅទីតាំងចំនួន ៣ កន្លែងផ្សេងៗគ្នា រួមមានក្នុងស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងស្រុកកំរៀង ខេត្តបាត់ដំបង។ អំណោយដែលបានផ្ដល់ជូននោះ រួមមានអង្ករចំនួន ១ ការ៉ុង មីចំនួន ១ កេស ត្រីខចំនួន ២ យួរ ទឹកស៊ីអ៊ីវនិងទឹកត្រី ព្រមទាំងទឹកបរិសុទ្ធចំនួន ២ កេស។ ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានជម្រាបជូនប្រជាពលរដ្ឋនូវសេចក្ដីផ្ដាំផ្ញើការនឹករលឹក និងសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងនាមសម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ឯកឧត្តម ស សុខា ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលគាំទ្រមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលជិត៥ឆ្នាំនៃនីតិកាលទី៦ ព្រមទាំងបានអំពាវនាវប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ៕
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ
ថ្ងៃច័ន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣
នាព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន អង្គភាពក្រោមចំណុះ និងមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ព្រមទាំងក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត សរុបប្រមាណ ៧៥០នាក់រូប ពិធីនេះរៀបចំប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៉ីដង់ សុខាភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍កត់សម្គាល់ថា សភាពការណ៍សន្ដិសុខ និងសមិទ្ធផលធំៗ ដែលក្រសួងមហាផ្ទៃ ខិតខំសម្រេចបានក្នុងឆ្នាំ២០២២ ដូចជា ក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ ក្រសួងមហាផ្ទៃ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្ដិភាព ស្ថិរភាពនយោបាយ ឯករាជ្យ ព្រមទាំងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទជាដើម។ ជាមួយគ្នានោះ សម្តេចក្រឡាហោម ក៏បានលើកឡើងថា នៅផ្ទៃក្នុងប្រទេសក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានមួយចំនួន បានបន្ដខិតខំរកនិតិវិធីបង្កឱ្យមានភាពចលាចល វឹកវរក្នុងសង្គម ដើម្បីបម្រើឧបាយកលនយោបាយផ្ដួលរលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត តាមគោលការណ៍លទ្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀត សម្ដេចក្រឡាហោម បានបន្តថា ព្រមជាមួយគ្នានេះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ បានការពារសុវត្ថិភាពបានទាំងស្រុងដល់អង្គព្រះមហាក្សត្រ និងសម្ដេចម៉ែ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងគណៈប្រតិភូអន្ដរជាតិនានា ដែលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងការពារសន្ដិសុខ នៃព្រឹត្តិការណ៍នានា ធ្វើឱ្យព្រឹត្តការណ៍ទាំងនោះប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់ផងដែរ។ នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ជូនសម្ដេចក្រឡាហោម ស ខេង និងអង្គសន្និបាត ថា ឆ្នាំ២០២២ គឺជាឆ្នាំទី៤ នៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ដថា នាអំឡុងពេលមួយឆ្នាំនេះ បើទោះបី ស្ថានការណ៍សន្តិសុខក្នុងតំបន់ និងសកលលោក បន្តមានការវិវត្តប្រែប្រួលពិបាកប៉ាន់ស្មាន និងមានហានិភ័យខ្ពស់យ៉ាងណាក្តី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានពុះពារឆ្លងកាត់ដោយជោគជ័យនូវវិបត្តិ និងបញ្ហាប្រឈមទាំងនោះ ដោយបាននាំមកនូវសមិទ្ធផលធំធេងជូនប្រជាជាតិខ្មែរបន្ថែមទៀតផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ថែមថា សមិទ្ធផលជាក់ស្តែងគឺកិច្ចការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ដោយបានជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា កិច្ចការដ៏ជោគជ័យមួយទៀតគឺ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាក្នុងតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន។ លើសពីនេះ កម្ពុជាក៏សម្រេចបាននូវវឌ្ឍនភាពសង្គមគួរឱ្យកត់សម្គាល់ ដោយបានគ្រប់គ្រង និងឆ្លើយតបប្រកបដោយជោគជ័យនូវការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាមួយនឹងការបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ក៏បានឱ្យដឹងទៀតថា សមិទ្ធផលនយោបាយ សេដ្ឋកិច្ច សង្គម ដែលសម្រេចបានគួរជាទីមោទកៈខាងលើ បានឆ្លុះបញ្ចាំងឱ្យឃើញ ពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងមហាផ្ទៃ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យសម្រេចនូវសមិទ្ធផលទាំងនេះ តាមរយៈកិច្ចខិតខំអនុវត្តនូវតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន។ សម្រាប់ទិសដៅការងារឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បានលើកឡើងថា គឺជាឆ្នាំទី៥ នៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងជាឆ្នាំដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភាផង ហើយក៏ជាឆ្នាំដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បម្រើឱ្យកម្មវិធីព្រឹត្តិការណ៍នយោបាយ និងវេទិកាទាំងនេះប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងជោគជ័យ ព្រមទាំងបន្តរក្សាបាននូវប្រក្រតីភាពនៃជីវភាពសង្គមគ្រប់វិស័យ មន្ត្រីរដ្ឋបាលស៊ីវិល កងកម្លាំង នគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ បានរួមគ្នាបន្តអនុវត្តនូវទិសដៅ និងយុទ្ធសាស្ត្រដែលបានដាក់ចេញជាបន្តបន្ទាប់ផងដែរ៕
សម្ដេចក្រឡាហោម ស ខេង ៖ ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យបទល្មើសមានការថយចុះ៩%
ថ្ងៃច័ន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បញ្ជាក់ថា ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅឆ្នាំ២០២២ កន្លងទៅ ធ្វើឱ្យបទល្មើសមានការថយចុះ៩% ហើយលទ្ធផលបង្ក្រាបបទល្មើសមានកម្រិតខ្ពស់រហូតដល់៩២%។ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «កម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ក៏បានបន្តបង្កើនកិច្ចសហការ ក្នុងការថែរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម តាមរយៈការលើកកម្ពស់វិធានការជំនាញ ដើរទន្ទឹមនឹងការខិតខំជំរុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលជាហេតុធ្វើឱ្យបទល្មើស មានការថយចុះ ៩% ជាមួយនឹងលទ្ធផលបង្ក្រាបបទល្មើសមានកម្រិតខ្ពស់ រហូតដល់ ៩២%»។ សម្ដេចក្រឡាហោម បន្ដថា ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តនូវយុទ្ធនាការប្រតិបត្តិការព្រមៗគ្នា ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ប្រតិបត្តិការចុះធ្វើអធិការកិច្ច ហត្ថពលកម្មបរទេស ប្រតិបត្តិការប្រយុទ្ធប្រឆាំងសកម្មភាពលាងសម្អាតប្រាក់ ការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រុមក្មេង ទំនើងតាមសហគមន៍ រួមទាំងបទល្មើសផ្សេងៗទៀត ក៏ត្រូវបានចាត់តាំង អនុវត្តយ៉ាងសកម្មផុលផុស សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់៕
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីបូកសរុបលទ្ធផល នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងផ្តល់អនុសាសន៍លើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ
ថ្ងៃច័ន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣
នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងផ្តល់អនុសាសន៍ផ្តាំផ្ញើលើកទិសដៅការងារជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន អង្គភាពក្រោមចំណុះ និងមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ព្រមទាំងក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត សរុបប្រមាណ ៧៥០នាក់រូប ពិធីនេះរៀបចំប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៉ីដង់ សុខាភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីអំពីលទ្ធផលនៃការពិភាក្សាតាមក្រុមនីមួយៗជូន សម្ដេចក្រឡាហោម ស ខេង និងអង្គសន្និបាត ថា ជារួមកុ្រមពិភាក្សាទាំង៦ក្រុម បានឯកភាពខ្ពស់នូវខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពិភាក្សា និងផ្តល់ធាតុចូលនានាយ៉ាងផុសផុលផងដែរ។ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងខ្លួនសម្ដេចផ្ទាល់ សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី អស់លោក ទាំងអស់ ដែលបានចូលរួមអនុវត្តយ៉ាងសកម្មនូវរបៀបវារៈ និងកម្មវិធីនានានៃសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម បន្ដថា ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផល នៃការពិភាក្សាតាមក្រុមពិភាក្សាកាលពីរសៀលម្សិលមិញនេះ សមាជិក សមាជិកា នៃអង្គសន្និបាតបានឯកភាពលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងបានពិភាក្សាអំពីសមទ្ធិផល បញ្ហាប្រឈម ជាមួយនិងការផ្ដួចផ្ដើមដំណោះស្រាយតាមប្រធានបទរបស់ក្រុមពិភាក្សាទាំង៦ យ៉ាងសកម្មផុលផុស។ ជារួម សម្ដេចក្រឡាហោម ក៏ បានឯកភាពចំពោះលទ្ធផលនៃការពិភាក្សាជាមួយការវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្ត្រី អស់លោកទាំងអស់ ដែលបានផ្តល់ធាតុចូលដ៏មានតម្លៃដើម្បីចូលរួមជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពការងារ នៅតាមអគ្គនាយកដ្ឋាន អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្ដេចក្រឡាហោម បានបន្ថែមថា ឆ្នាំ២០២៣នេះ ជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា, ជាឆ្នាំដែលប្រទេសកម្ពុជា ត្រូវបន្តរៀបចំការបោះឆ្នោតជាតិ លើកទី៧ ស្របតាមអាណត្តិកំណត់៥ឆ្នាំ និងជាឆ្នាំដែលប្រទេសកម្ពុជា ទទួលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ទន្ទឹមនេះ សម្ដេចក្រឡាហោម បានផ្តល់អនុសាសន៍ផ្ដាំផ្ញើ និងណែនាំដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តតួនាទីភារកិច្ច ដូចជា៖ ត្រូវបន្តខិតខំរួមគ្នាថែរក្សាពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ និងការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។ ជាងនេះទៀត សម្ដេចក្រឡាហោម បន្ដថា ពិសេសត្រូវបង្កើនការថែរក្សាពង្រឹងសន្តិសុខជាតិ ដោយត្រូវបង្កើនកិច្ចសហការជាមួយកម្លាំងអនុវត្តច្បាប់ ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដើរទន្ទឹមនឹងការពង្រឹងសមត្ថភាពជំនាញរបស់កម្លាំងអនុវត្តច្បាប់ និងលើកកម្ពស់កិច្ចសហការឱ្យបានល្អជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាទប់ស្កាត់អំពើភេវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា សកម្មភាពជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសនានាឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។ សម្ដេចក្រឡាហោម បន្ថែមថា ត្រូវបង្កើនការគ្រប់គ្រងការចេញចូលប្រទេស គ្រប់គ្រងមុខសញ្ញាតាមវិធានការជំនាញ និងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស និងជនអន្តោប្រវេសន្តឱ្យបានម៉ឺងម៉ាត់ ព្រមទាំងខិតខំទប់ស្កាត់ការលប លួចចេញចូលប្រទេសតាមច្រករបៀងខុសច្បាប់នានា និងតាមច្រកសមុទ្រ។ ព្រមទាំងបន្តអនុវត្តឱ្យបានជាប់ជាប្រចាំនូវយុទ្ធនាការប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស និងបន្តខិតខំស្រាវជ្រាវករណីលាងសម្អាតប្រាក់ ដើម្បីពង្រឹងសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម។ សម្ដេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍បន្ថែមទៀតថា ត្រូវបង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងសង្គម ដើម្បីបង្កបរិយាកាសដល់ការរៀបចំការ បោះឆ្នោតជាតិលើកទី៧ ខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពល្អប្រសើរ ព្រមទាំងខិតខំសហការរួមគ្នាធានារក្សាឱ្យបាននូវសុវត្ថិភាពសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ស្របតាមផែនការកំណត់៕

សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីសម្ពោធអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ
ថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង​ពិធីប្រកាសបិទ សវនកម្ម ការិយបរិច្ឆេទ ២០​២២ និងបណ្ដាឆ្នាំពាក់ព័ន្ធនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
ថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣
មណ្ឌលគិរី ៖ នារសៀល ថ្ងៃសុក្រ ៧រោច ខែ​ភទ្របទ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មតំណាងឯកឧត្តម ឧត្តម​សេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃបាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសវកម្មផ្ទៃ ក្នុង​ការិយប រិច្ឆេទ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ព្រមទាំងលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការស្នងការនគរបាលខេត្ត បានថ្លែងថា លោកមានក្ដីសោមនស្សរីករាយក្រៃលែងនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រមទាំងប្រតិភូអមដំណើរ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតី នាឱកាសនេះផងដែរ។ ទន្ទឹមគ្នានោះផងដែរលោក ឧត្តមសេនីយ៍ទោស្នងការបានធ្វើការណែនាំដល់អស់លោក លោក​ស្រីដែលបានចូលរួមសូមត្រង់ត្រាប់ស្ដាប់និងកត់​ត្រានូវអនុសាសន៍ និងបទពិសោធន៍ដ៏មានតម្លៃរបស់ឯកឧត្តម គណៈអធិបតីដើម្បីជាត្រីវិស័យសម្រាប់យកទៅអនុវត្ត ទៅតាមតួនាទីភារកិច្ចជំនាញជាប្រចាំថ្ងៃអោយទទួលបានលទ្ធផលល្អសម្រេចបានជោគជ័យបន្ថែមទៀត ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧប​នា​យ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង​ការនគរបាលជាតិ ដែលជានិច្ចកាល ថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខនិង​សុខភាពរបស់កម្លាំងនគរបាលជាតិនិងការបំពេ​ញភារកិច្ចជំនាញ ប៉េសកកម្មតាមបណ្ដាគោល​ដៅសំខាន់ៗ របស់កងកម្លាំងនគរបាលជាតិគ្រប់ថ្នាក់និងផ្នែកនានានៅតាមបណ្តាមូលដ្ឋាន ឃុំ​-សង្កាត់ ទូទាំងខេត្តមិនតែប៉ុណ្ណោះឯកឧត្តមឧត្តមសេនីយ៍ឯក ជុក គឹមហួរ បានអនុញ្ញាតិអោយមន្រ្តីជំនាញពាក់ព័ន្ធ ទាំងអស់លើកឡើងពីចំណុចខ្វះខាតមួយចំនួន និងចំណុចប្រឈមមួយ​ចំនួនឆ្លើយតបទៅ និងការធ្វើការកែតំរូវរបាយ​កា​រណ៍ ដែលបូកសរុបការងាររបស់ក្រុមការងាររបស់ក្រុមការងារសវនកម្មដែលបានឡើងអាន​ដោយ ក្រុមការងាររបស់អគ្គនាយកដ្ឋានសវនកម្មក្នុងពិធីបិទសវនកម្មផ្ទៃក្នុង ដើម្បីយកចំណុចខ្វះខាតនៅតាមបណ្តាការិយាល័យជំនាញនិមួយៗទាំងចំណុចខ្វះខាតនៅតាមបណ្តាអធិការនគរ​បាលក្រុងស្រុកទាំង៥ ដើម្បីលើកជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក៏ដូចជាអគ្គស្នងការនគបាលជាតិ។   ឯកឧត្តម ឧត្តមសេនីយ៍ឯក ថ្លែងបញ្ជាក់ថា ការចុះធ្វើសវនកម្ម គឺដើម្បីត្រួតពិនិត្យ លើប្រព័ន្ធដឹក​នាំ តាមបណ្តាផែនជំនាញនីមួយៗគឺជាការវាយ​តម្លៃលើកិច្ចកាទៅតាមជំនាញនីមួយៗនិងកែលំអរ រកចំណុចខ្វះខាតមួយចំនួនតាមបណ្តាឆ្នាំដែលពាក់ព័ន្ធ ជាពិសេសលើការងារ ៖ ១-គ្រប់គ្រងកម្លាំង ២ -គ្រប់គ្រងហិរញ្ញវត្ថុ   ៣ -គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ៤ -ការងាររដ្ឋបាលទូទៅ ។ ឯកឧត្តម បានថ្លែងអំណរគុណចំពោះលោកស្នងការ ព្រមទាំងអស់លោក លោកស្រីស្នងការរង តាមបណ្តាផែនជំនាញព្រមទាំង លោកអធិការដ្ឋាននគរបាល ក្រុង-ស្រុកទាំងអស់ដែលបានចូលរួមជួយសហការគ្នាឱ្យបានល្អជាមួយក្រុមការងារ ចុះធ្វើសវនកម្មរយៈពេលកន្លងមកនេះអោយ ដំណើរការទៅបានយ៉ាងរលូន រហូ​តដល់បានបញ្ចប់តាមការរំពឹងទុកជាលទ្ធ​ផល​ទទួលបានជោគជ័យយ៉ាងល្អប្រសើរស្របទៅតាមគោល​នយោ​បាយ របស់ក្រសួងមហាផ្ទៃ ។ ជាលទ្ធផល នៃការចុះធ្វើសវនកម្ម ឯកឧត្តម បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាល ទូទាំងខេត្ត ដែលបានយក​ចិត្តទុកដាក់អនុវត្តទៅតាមតួនាទីភារកិច្ច រួមទាំងការកសាងអង្គភាព ទទួលបានជោគជ័យល្អលើបណ្ដាឆ្នាំមុនៗ ។ មុននិងបញ្ចប់ឯកឧត្តម គណៈ​អធិបតីបានប្រសិទ្ធពរជ័យ ជូនចំពោះថ្នាក់ដឹកនាំនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ សូមប្រកបតែសេចក្តីសុខនិងជួបប្រទះ តែពុទ្ធពរ ទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ៕
ឯកឧត្តម សំរិទ្ធ ឌី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំងការពារព្រំដែនទិសភូមិភាភ២ ក្នុងឱកាសបុណ្យភ្នំបិណ្ឌ
ថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣
ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្តត្បូងឃ្មុំ ឯកឧត្តម ឧត្តមសេនីយ៍ វរសេនីយ៍ នាយនគរបាល នាយនគរបាលរង អញ្ជើញចុះត្រួតពិនិត្យសភាពការណ៍ស្វែងយល់ការលំបាក បញ្ហាប្រឈម និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលព្រំដែន ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នៅទីបញ្ជាការគណបញ្ជាការនគរបជាតិប្រចាំទិសភូមិភាគទី២ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ ឯកឧត្តម សំរិទ្ធ ឌី បានពាំនាំនូវប្រសាសាន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹកបំផុតពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលដែលកំពុងឈរជើងយ៉ាងអង្គអាចក្លាហានការពារបូរណភាពទឹកដី។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជាថវិកា ចំនួន ៣៣លានរៀល  មីចំនួន ៦២កេសធំ ត្រីខចំនួន ៣២កេសធំ ទឹកក្រូចចំនួន ៧៨កេស និងស្រាបៀចំនួន ១៦២កេស ដើម្បីឧបត្ថម្ភលើកទឹកចិត្តដល់កងកម្លាំងផងដែរ។  
សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត អគារទីស្ដីការថ្មី នៃក្រសួងមហាផ្ទៃ
ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣
នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត អគារទីស្ដីការថ្មី នៃក្រសួងមហាផ្ទៃ។ ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងឯកឧត្តម លោកជំទាវ ជាក្រុមគ្រួសារសម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់រដ្ឋបាលរាជធានី ខេត្តជាច្រើនរូបទៀត។ ក្នុងឱកាសនោះ សម្ដេច និងលោកជំទាវ ព្រមទាំងអង្គពិធី បានប្រាព្ធពិធីបួងសួងតាមគន្លងប្រពៃណី និងទំនៀមទំលាប់ខ្មែរ ក្រោមកិច្ចចាត់ចែងពីលោកអាចារ្យអធិបតី អមដោយភ្លេងពិណពាទ្យ និងភ្លេងប្រពៃណីខ្មែរ និងបានបន្តប្រារព្ធពិធីចម្រើនព្រះបរិត្ត ក្រោមព្រះអធិបតីសង្ឃ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី។ អគារទីស្ដីការក្រសួងមហាផ្ទៃ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ អគារនេះមានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់៩ជាន់ ចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក។ អគារនេះ ជាស្នាដៃកូនខ្មែរសុទ្ធសាធ ទាំងស្ថាបត្យករ វិស្វិករ និងក្រុមជាង។ សម្ដេចក្រឡាហោម ចាត់ទុកអគារនេះជាផ្នែកមួយនៃមោទនភាពជាតិ។ បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដោយនៅក្នុងឱកាសនោះ សម្ដេចបានមានប្រសាសន៍ថ្លែងអំណរគុណ សម្ដេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ដល់ការអនុញ្ញាតឱ្យក្រសួងមហាផ្ទៃសាងសង់អគារទីស្ដីការថ្ងៃដែលប្រារព្ធពិធីសម្ពោធនាឱកាស។ សម្ដេចមានប្រសាសន៍ថាការសាសង់អគារទីស្ដីការក្រសួងមហាផ្ទៃ មានល្បឿនលឿន និងមានការយកចិត្តទុកដាក់លើគុណបំផុត ដោយសារអគានេះមានទំហំធំ និងខ្ពស់។ សម្ដេចបញ្ជាក់ថាទាំងស្ថាបត្យករ និងវិស្វករ សុទ្ធតែជាកូនខ្មែរ និងធ្វើការងារប្រកបដោយទំនួលខុសត្រូវ និងក្ដីស្រលាញ់បំផុត ធ្វើឱ្យសម្ដេចមានមោទនភាពបំផុត។ សម្ដេចបញ្ជាក់ថាការសាងសង់អគារទីស្ដីការក្រសួងបានបែងចែកជា៣ក្រុម និង២៤ម៉ោង។ សម្ដេចបន្តថាអ្វីដែលកាន់តែពិសេសទៀតនោះ គឺក្នុងដំណើរការសាងសង់អគារនេះ បានរក្សាសុវត្ថិភាពបានយ៉ាងល្អ ពោលគឺគ្មានករណីគ្រោះថ្នាក់ណាមួយបានកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធនាគារដែលបានចូលរួមសហការ និងនៅតែបន្តខិតខំបំពេញការងារបានយ៉ាងល្អប្រសើរក្នុងកាលៈទេសៈនៃការកសាងអគារថ្មីនេះ។ សម្ដេចក្រឡាហោមក៏បានណែនាំឱ្យថ្នាក់ដឹកនាំអង្គភាពនីមួយៗ ត្រូវធានាថាមន្រ្តីរបស់ខ្លួនមកបំពេញការងារបានត្រឹមត្រូវ មានសមត្ថភាពបំពេញការងារ ដោយមិនមែនត្រឹមតែផ្ញើប្រអប់ ឬមានតែឈ្មោះតែមិនមកធ្វើការនោះទេ។ សម្ដេចក៏បានណែនាំឱ្យយកចិត្តទុកដាក់លើប្រព័ន្ធការពារសុវត្ថិភាព កាត់បន្ថយការប្រើប្រាស់ភ្លើងមិនចាំបាច់ និងត្រូវរួមគ្នាថែរក្សាអានាម័យ និងសោភ័ណ្ឌភាពទាំងខាងក្នុង និងខាងក្រៅអគារ។ នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏ថ្លែងគូសបញ្ជាក់ជាថ្មីទៀតថាសម្រាប់នីតិកាលថ្មីឆាប់ៗខាងមុខនេះ សម្ដេចមិនបានបន្តធ្វើការងារនៅអគារថ្មីក្រសួងមហាផ្ទៃ និងក្នុងរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែសម្ដេចគាំទ្ររាជរដ្ឋាភិបាលថ្មីពេញទំហឹង ដើម្បីឱ្យរាជរដ្ឋាភិបាលថ្មីអាចជំនះបាននូវបញ្ហាទាំងឡាយដែលបាននិងកំពុងកើត និងកើតនាពេលខាងមុខ ដើម្បីនាំកម្ពុជារក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតទៅមុខ។ សម្ដេចក៏បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើថាការកសាងស្ថាប័ន ការកែទម្រង់រដ្ឋបាលសាធារណៈ ការរៀបចំឱ្យបានល្អនូវតួនាទី ភារកិច្ច របៀបរបបធ្វើការងារ ការសាមគ្គីឯកភាពរវាងមន្រ្តីថ្នាក់លើ មន្រ្តីថ្នាក់ក្រោម មន្រ្តីថ្នាក់ស្មើជាមួយគ្នាដោយប្រកាន់យកគោលការណ៍ស្មោះត្រង់ជាមួយគ្នាគឺជាគោលការណ៍សំខាន់ត្រូវបន្តអនុវត្ត ដើម្បីរួមគ្នាសម្រេចបានសមិទ្ធផជូនជាតិ និងប្រជាជន។ សម្ដេចបន្ថែមថា«ខាងលើក៏ស្មោះត្រង់ជាមួយខាងក្រោម ខាងក្រោមក៏ស្មោះត្រង់ជាមួយខាងលើ មិនត្រូវភូតកុហុក ហើយក៏មិនត្រូវមានល្បិចកលជាមួយគ្នាទេ។ យើងធ្វើការដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋ មិនមែនដើម្បីយើងទេ។ អាចយើងទទួលផលមួយផ្នែកណានោះ ប៉ុន្តែយើងត្រូវតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ដែលជាបញ្ហាមូលដ្ឋានទាំងអស់គ្នាត្រូវប្រកាន់យក»។ សម្ដេចក៏បានណែនាំកុំឱ្យមានភាពចង្អៀតចង្អល់ ត្រូវខំបញ្ចេញស្នាដៃ បង្ហាញថាខ្លួនពិតជាមានសមត្ថភាព ពិតជាមានឧត្តមគតិស្មោះត្រង់ចំពោះជាតិ និងប្រជាជន។ សម្ដេចបញ្ជាក់ទៀតថាដើម្បីជោគជ័យក្នុងការងារ ធំបំផុតគឺភាពស្មោះត្រង់ និងធ្វើការប្រកបដោយវិជ្ជាជីវៈ ហើយអ្នកដឹកនាំ ក៏មិនត្រូវមើលបំណាំកូនចៅនោដែរ ប៉ុន្តែត្រូវតែប្រាប់ ណែនាំ តម្រង់ទិស។ សម្ដេចបន្តថា«រឿងអ្វីក៏ដោយ យើងក៏មិនចេះទាំងអស់ទេ តែយើងក៏មិនល្ងង់ទាំងអស់ដែរ យើងត្រូវតាំងខ្លួនអ៊ីចឹង។ កាលណាយើងតាំងថាខ្លួនយើងចេះ វាប្រៀបបានយកអ្វីមកគ្របសង្កត់ជាប់ វាអត់មានអ្វីចូលថ្មីទេ ព្រោះចេះហើយដឹងហើយ! តែបើតាំងខ្លួនថាល្ងង់ បានន័យថាយើងទទួលស្គាល់ថាយើងមិនទាន់ចេះអស់ទេ អ៊ីចឹងយើងបើកគ្របដើម្បីអ្វីថ្មីចូលមក យើងដឹង។ តែបើតាំងថាល្ងង់ ហើយមិនយកចិត្តទុកដាក់វាក៏ជាបញ្ហា»។ គួរកត់សម្គាល់ថាសម្ដេចក្រឡាហោម ស ខេង បានកាន់មុខតំណែងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំនួសសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលចេញទៅកាន់មុខតំណែងជាប្រធានសភាប្រជាជននាអំឡុងឆ្នាំ១៩៨០។ នៅការបោះឆ្នោតនីតិកាលទី១ ឆ្នាំ១៩៩៣ សម្ដេចបានឈរឈ្មោះជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង រហូតដល់នីតិកាលទី៧នេះ។ សម្ដេចបានកាន់មុខតំណែងសហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅនីតិកាលទី១ និងធ្វើជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃចាប់ពីនីតិកាលទី២ដល់នីតិកាលទី៦៕
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣
នាព្រឹកថ្ងៃពុធ ១៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើរបាយការណ៍ជូនសម្ដេច និងអង្គពិធីថា វិមានឯករាជ្យ និងសមិទ្ធផលនានាដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានបើកការដ្ឋានស្ថាបនា និងសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង។ ឯកឧត្តមបានឱ្យដឹងថាវិមានឯករាជ្យ បានសាងសង់លើទំហំ៦៦២ម៉ែត្រការ៉េ មានខឿនទម្របាតក្រោម មានអង្កត់ផ្ជិត៣៥ម៉ែត្រ កម្ពស់២២,២៣ម៉ែត្រ មានអាងបាញ់ទឹកចំនួន៤ កម្ពស់០,៨ម៉ែត្រ ហើយតួវិមានឯករាជ្យមានខឿន៣ថ្នាក់ ព្រមទាំងមានក្បាច់រចនាខ្មែរដូចជាក្បាច់ពងត្រី ក្បាច់ចង្វាអង្គរ និងក្បាច់ត្របកឈូកជាដើមម។ ដោយឡែកសួនច្បារសម្ដេចក្រឡាហោម បានសាងសង់លើទំហំដី១៣,៨៥០ម៉ែត្រការ៉េ និងចែកជា៥តំបន់។ ឯកឧត្តមបន្ថែមថាតំបន់ទាំងនោះ រួមមានតំបន់នាគបាញ់ទឹក ឬតំបន់រីករាយ, តំបន់សន្តិភាព ស្ងប់ស្ងាត់ និងសុខសាន្ត, តំបន់រម្លឹកប្រវត្តិសាស្រ្ត, តំបន់នាគសន្តិភាព ឬតំបន់រម្លឹកគុណសន្តិភាព និងតំបន់រង់ចាំ។ ឯកឧត្តមបន្ថែមទៀតថា រដ្ឋបាលខេត្តក៏បានចាក់ពង្រីសួនខាងកើតមាត់ស្ទឹងសង្កែបន្ថែមទៀតដែរ។ ចំពោះគម្រោងកែលម្អរសួនធ្នង់៥៣វិញ មានដាំដើមធ្នង់ចំនួន៥៣ដើម មានកន្លែងអង្គុយ ផ្លូវជិះកង់ និងផ្លូវដើរកំសាន្តក្នុងសួន ហើយគម្រោងជួសជុលចាក់កៅស៊ូជុំវិញវិមានឯករាជ្យ មានទំហំ១១,៥៤៣ម៉ែត្រការ៉េ។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងក្នុងនាមក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តបាត់ដំបងដែលបានខិតខំប្រឹងប្រែងកែលម្អរសោភណ្ឌភាពក្រុងបាត់ដំបងជាបន្តបន្ទាប់ ជាក់ស្ដែងវិមានឯករាជ្យ និងសមិទ្ធផលនានាដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ ធ្វើឱ្យខេត្តកាន់តែមានភាពទាក់ទាញ។ ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តបាត់ដំបងដែលពេញមួយនីតិកាលទី៦មកនេះ បានខិតខំបំពេញភារកិច្ចចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ ជាពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ទាំងកម្រិតខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ សម្ដេចក្រឡាហោម ក៏សង្ឃឹមជឿជាក់ថារដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ទូទាំងខេត្តបាត់បង និងជារួមទូទាំងប្រទេស នឹងបន្តខិតខំបំពេញតួនាទី និងភារកិច្ចដ៏ល្អនេះ ឱ្យបានកាន់តែល្អប្រសើរទៀតនៅក្នុងនីតិកាលថ្មី ក្នុងនោះសម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រមូលសំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ពលរដ្ឋ ហើយខិតខំរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា។ នាសឱកាសនោះដែរ សម្ដេចក្រឡាហោម បានរម្លឹកអំពីសាវតាដែលរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបែងចែកថ្នាក់ដឹកនាំចុះលើកទឹកចិត្ត និងគាំទ្រថ្នាក់ដឹកនាំមូលដ្ឋាន ជាពិសេសកងទ័ពដែលកំពុងការពារមិនឱ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញ។ សម្ដេចបញ្ជាក់ថាគឺចាប់ពីពេលនោហើយដែលគណបក្ស និងរាជរដ្ឋាភិបាល បានបន្តចាត់ចែងបង្កើតក្រុមការងារចុះមូលដ្ឋានរហូតមកដល់សព្វថ្ងៃ។ សម្ដេចគូសបញ្ជាក់ថាក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស ក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា បានរួមចំណែកបរិច្ចាគថវិកាផ្ទាល់ខ្លួន កសាងសមិទ្ធផលបម្រើផលប្រយោជន៍សាធារណៈគ្រប់វិស័យ នៅគ្រប់មូលដ្ឋាន ធ្វើឱ្យរាជរដ្ឋាភិបាល ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ពីមួយអាណត្តិទៅមួយអាណត្តិ ជាក់ស្ដែងក្នុងខេត្តបាត់ដំបង មានសមិទ្ធផលជាច្រើនបានកើតឡើង និងកំពុងបម្រើសេចក្ដីត្រូវការប្រជាពលរដ្ឋ។ សម្ដេចក្រឡាហោម ក៏បានបង្ហាញជំនឿចិត្តថាវិមានឯករាជ្យ ព្រមទាំងសមិទ្ធផលសម្ពោធនាថ្ងៃនេះ នឹងរួមចំណែកទាក់ទាញទេសចរណ៍ក្នុងខេត្តបាត់ដំបង ហើយធ្វើឱ្យចំណូលក្នុងខេត្តកាន់តែកើនឡើង។ សម្ដេចបញ្ជាក់ទៀតថាទីតាំងនេះ នឹងទាក់ទាញទាំងពលរដ្ឋមកដើរកំសាន្ត និងហាត់ប្រាណ។ សម្ដេចបានអំពាវនាវឱ្យពលរដ្ឋ និងភ្ញៀវទេសចរណ៍ ចូលរួមថែរក្សាបរិស្ថាន និងអនាម័យ ហើយបន្តរួមគ្នាដាំដើមឈើឱ្យបានច្រើនបន្ថែមទៀត៕
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ពិសាភោជនាហារជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ និងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៧
ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣
នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ពិសាភោជនាហារជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ និងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលជាផ្លូវការថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រឈ្នះអាសនៈចំនួន ១២០ អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រឈ្នះបាន ៥ អាសនៈ។ តាមគម្រោង រដ្ឋសភានីតិកាលទី៧ និងបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២១ ខែសីហា និងបន្តកិច្ចប្រជុំបោះឆ្នោតអនុម័តរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើរាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ៕

សន្ដិសុខសង្គម

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ
ថ្ងៃច័ន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣
នាព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន អង្គភាពក្រោមចំណុះ និងមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ព្រមទាំងក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត សរុបប្រមាណ ៧៥០នាក់រូប ពិធីនេះរៀបចំប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៉ីដង់ សុខាភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍កត់សម្គាល់ថា សភាពការណ៍សន្ដិសុខ និងសមិទ្ធផលធំៗ ដែលក្រសួងមហាផ្ទៃ ខិតខំសម្រេចបានក្នុងឆ្នាំ២០២២ ដូចជា ក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ ក្រសួងមហាផ្ទៃ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្ដិភាព ស្ថិរភាពនយោបាយ ឯករាជ្យ ព្រមទាំងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទជាដើម។ ជាមួយគ្នានោះ សម្តេចក្រឡាហោម ក៏បានលើកឡើងថា នៅផ្ទៃក្នុងប្រទេសក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានមួយចំនួន បានបន្ដខិតខំរកនិតិវិធីបង្កឱ្យមានភាពចលាចល វឹកវរក្នុងសង្គម ដើម្បីបម្រើឧបាយកលនយោបាយផ្ដួលរលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត តាមគោលការណ៍លទ្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀត សម្ដេចក្រឡាហោម បានបន្តថា ព្រមជាមួយគ្នានេះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ បានការពារសុវត្ថិភាពបានទាំងស្រុងដល់អង្គព្រះមហាក្សត្រ និងសម្ដេចម៉ែ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងគណៈប្រតិភូអន្ដរជាតិនានា ដែលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងការពារសន្ដិសុខ នៃព្រឹត្តិការណ៍នានា ធ្វើឱ្យព្រឹត្តការណ៍ទាំងនោះប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់ផងដែរ។ នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ជូនសម្ដេចក្រឡាហោម ស ខេង និងអង្គសន្និបាត ថា ឆ្នាំ២០២២ គឺជាឆ្នាំទី៤ នៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ដថា នាអំឡុងពេលមួយឆ្នាំនេះ បើទោះបី ស្ថានការណ៍សន្តិសុខក្នុងតំបន់ និងសកលលោក បន្តមានការវិវត្តប្រែប្រួលពិបាកប៉ាន់ស្មាន និងមានហានិភ័យខ្ពស់យ៉ាងណាក្តី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានពុះពារឆ្លងកាត់ដោយជោគជ័យនូវវិបត្តិ និងបញ្ហាប្រឈមទាំងនោះ ដោយបាននាំមកនូវសមិទ្ធផលធំធេងជូនប្រជាជាតិខ្មែរបន្ថែមទៀតផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ថែមថា សមិទ្ធផលជាក់ស្តែងគឺកិច្ចការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ដោយបានជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា កិច្ចការដ៏ជោគជ័យមួយទៀតគឺ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាក្នុងតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន។ លើសពីនេះ កម្ពុជាក៏សម្រេចបាននូវវឌ្ឍនភាពសង្គមគួរឱ្យកត់សម្គាល់ ដោយបានគ្រប់គ្រង និងឆ្លើយតបប្រកបដោយជោគជ័យនូវការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាមួយនឹងការបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ក៏បានឱ្យដឹងទៀតថា សមិទ្ធផលនយោបាយ សេដ្ឋកិច្ច សង្គម ដែលសម្រេចបានគួរជាទីមោទកៈខាងលើ បានឆ្លុះបញ្ចាំងឱ្យឃើញ ពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងមហាផ្ទៃ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យសម្រេចនូវសមិទ្ធផលទាំងនេះ តាមរយៈកិច្ចខិតខំអនុវត្តនូវតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន។ សម្រាប់ទិសដៅការងារឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បានលើកឡើងថា គឺជាឆ្នាំទី៥ នៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងជាឆ្នាំដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភាផង ហើយក៏ជាឆ្នាំដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បម្រើឱ្យកម្មវិធីព្រឹត្តិការណ៍នយោបាយ និងវេទិកាទាំងនេះប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងជោគជ័យ ព្រមទាំងបន្តរក្សាបាននូវប្រក្រតីភាពនៃជីវភាពសង្គមគ្រប់វិស័យ មន្ត្រីរដ្ឋបាលស៊ីវិល កងកម្លាំង នគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ បានរួមគ្នាបន្តអនុវត្តនូវទិសដៅ និងយុទ្ធសាស្ត្រដែលបានដាក់ចេញជាបន្តបន្ទាប់ផងដែរ៕
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីគ្រប់កម្រិត នៃសាខាសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង និងបន្ទាយមានជ័យ
ថ្ងៃច័ន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣
នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីគ្រប់កម្រិត នៃសាខាសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ សរុបចំនួន១.៥៥០នាក់ ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលសុភមង្គលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា និងសមាជិកសភា ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត មន្ទីរ និងស្ថាប័ននានា សមាជិកសភាពាណិជ្ជកម្ម និងសហគ្រិនវ័យក្មេងកម្ពុជា គណៈគ្រប់គ្រងនៃគ្រឹះស្ថានឧត្តមសិក្សារដ្ឋ-ឯកជន គណៈគ្រប់គ្រង សាស្រ្តាចារ្យ គ្រូ បុគ្គលិក ជាច្រើនរូបទៀត។ ក្នុងឱកាសនោះ ឯកឧត្តម ស្ដើង សុខុម ស្ថាបនិកសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) បានធ្វើរបាយការណ៍គោរពជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីថា សម្រាប់និស្សិតជ័យលាភីដែលទទួលបានសញ្ញាបត្រនាឱកាសថ្ងៃនេះ រួមមានថ្នាក់បរិញ្ញាបត្ររងចំនួន១៥១នាក់ (នារី៥៩នាក់ ស្មើ ៣៩,០៧%) ថ្នាក់បរិញ្ញាបត្រចំនួន១.១២៦នាក់ (នារី៥៩៥នាក់ ស្មើ៥២,៨៤%) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន២៧៣នាក់ (នារី៨៨នាក់ ស្មើ៣២,២៣%)។ ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហាផ្ទៃ បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យកម្ពុជាសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន សម្រាប់ប្រជាជន និងសង្គមជាតិ ទាំងមូលមានជាអាទិ៍ ការធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍក្នុងបរិបទកូវីដ-១៩ និងជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន និង កិច្ចប្រជុំធំៗនានា ក៏ដូចជាជោគជ័យនៃការរៀបចំបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ ការកសាងហេដ្ឋារចនាសម្ពន្ធ័ជាច្រើន នៅទូទាំងប្រទេស មានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ-ល- ព្រមទាំងទទួលបានការវិនិយោគផ្ទាល់ពីបរទេស នូវគម្រោងធំៗជាច្រើននៅទូទាំងប្រទេស។ ទន្ទឹមនេះ សម្ដចក្រឡាហោម បានចាត់ទុកជោគជ័យ និងការដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់ៗរបស់រាជរដ្ឋាភិបាល ថា បានក្លាយជាចលករ និងជាមូលដ្ឋានដ៏រឹងមាំ ធ្វើឱ្យមានកំណើន និងការងើបឡើងវិញ លើគ្រប់វិស័យ ដែលនាំឱ្យសេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើននៅក្នុងរង្វង់ ៥,២% ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ចនេះចំនួន ៥,៦%។ សម្ដេចក្រឡាហោម បានបន្តថា ការរីកចម្រើនសេដ្ឋកិច្ចខាងលើនេះក៏បានធ្វើឱ្យរីកចម្រើនវិស័យអប់រំព្រមៗគ្នាផងដែរ ជាក់ស្ដែងគឺការអភិវឌ្ឍធនធានមនុស្សចាប់តាំងពីកម្រិតមត្តេយ្យរហូតដល់អនុវិទ្យាល័យ វិទ្យាល័យ ជំនាញវិជ្ជាជីវៈ ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា។ សម្ដេចក្រឡាហោម ស ខេង បន្ថែមថា ជាក់ស្ដែងនិស្សិតជ័យលាភីចំនួន ១,៥៥០នាក់នេះ ជាធនធានមនុស្សដ៏មានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ចូលរួមបំពេញបន្ថែមទៅលើ ការរីកចម្រើនវិស័យផ្សេងៗសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយធនធានទាំងនេះនឹងត្រូវចេញទៅបំពេញការងារតាមជំនាញក្នុងសង្គម តាមរយៈចំណេះដឹង និងចំណេះធ្វើដែលខ្លួនទទួលបានពីការបណ្តុះបណ្តាល ដោយយកទៅអនុវត្តជាក់ស្តែង និងដកពិសោធន៍ផ្ទាល់ និង សិក្សាស្រាវជ្រាវកែលម្អបន្ថែមទៀតពីមជ្ឈដ្ឋានជុំវិញខ្លួន ស្របតាមទិសស្លោក “ការសិក្សារៀនសូត្រគឺធ្វើគ្មានទីបញ្ចប់ទេ”។ ផ្អែកលើទស្សនទាននេះដែរ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការបណ្ដែតបណ្ដោយមិនព្រមរៀនសូត្របន្ថែមពីមជ្ឈដ្ឋានដែលនៅជុំវិញខ្លួនយើង ពិសេសការសិក្សា ចំណេះដឹងផ្នែកបច្ចេកវិទ្យា នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងាររបស់ខ្លួននាពេលអនាគត។ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ទស្សនបន្ថែមថា ប្រទេសជាតិមួយអាចគង់វង្ស ឋិតថេរ និងមានការអភិវឌ្ឍរីកចម្រើនបាន គឺអាស្រ័យដោយសារកត្តាធនធានមនុស្ស របស់ប្រទេសនោះ៕

វគ្គបណ្តុះបណ្តាល