ចែករំលែកតំណនេះតាម
ឬចម្លងតំណនេះ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានព្រះរាជសារថ្លែងអំណរគុណជូនសម្ដេចក្រឡាហោម ស ខេង ដែលបានផ្ញើសារថ្វាយព្រះពរនាឱកាសព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទទួលព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតផ្នែកព្រះពុទ្ធសាសនា«ព្រះរាជពុទ្ធមាមកាភិបាល»ពីអង្គការពុទ្ធសាសនិកពិភពលោក។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា និងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ទោ វៀក សុភាព នាយកសាលានគរបាលជាតិភូមិភាគ៣ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីដំណើរការបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈ ជំនាន់ទី១៧ លើកទី១ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលវិញ្ញាបនបត្រពីសម្ដេចក្រឡាហោម ស ខេង នាឱកាសនេះ មានចំនួន១៨៣នាក់។ នគរបាលទាំងនេះ បានបញ្ជូនមកពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កំពត ព្រះសីហនុ និងខេត្តតាកែវ។ សមិទ្ធផលសម្ពោធនាថ្ងៃនេះវិញ រួមមានឡដុតសំរាមឧត្ថម្ភដោយឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន, ផ្លូវបេតុងប្រវែង ២ ២១០ម៉ែត្រ ប្រព័ន្ធដំដោះទឹកប្រវែង ៥០០ម៉ែត្រ ឧត្ថម្ភដោយឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ, អគារស្នាក់នៅ១ខ្នងកំពស់២ជាន់ ទំហំ៤៥ម៉ែត្រគុណ១៣,៥ម៉ែត្រ និងគ្រឿងបរិក្ខាឧត្ថម្ភដោយឯកឧត្តមអភិបាលខេត្តព្រះសីហនុ, អគារសិក្សា១ខ្នង កំពស់២ជាន់ ទំហំ៤៥គុណ១៣,៥ម៉ែត្រ និងគ្រឿងបរិក្ខា ឧត្ថម្ភដោយឯកឧត្តមអភិបាលខេត្តកំពត និងអភិបាលខេត្តតាកែវ និងលោកជំទាវ។ លោកឧត្តមសេនីយ៍ទោ បានបន្ថែមថាជាមួយគ្នានេះ ក៏មានសមិទ្ធផលកញ្ចុះសម្រាប់ទទួលភ្ញៀវ ទំហំ៥,៥ម៉ែត្រគុណ៧ម៉ែត្រ អគារផ្ទះបាយ១ខ្នង កម្ពស់១ជាន់ ទំហំ២៥គុណនឹង១៥ម៉ែត្រ និងជួសជុលអគារផ្ទះបាយចាស់ស្ទើរតែទាំងស្រុង ឧបត្ថម្ភដោយលោកជំទាវអភិបាលខេត្តកោះកុង និងឯកឧត្តមអភិបាលខេត្តកែប។ ជាមួយគ្នានេះ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកបុគ្គលិកក៏បានកៀគរសប្បុរសជនគាំទ្រការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតផងដែរ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងកោតសរសើរផងដែរដល់បណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាសាលានគរបាលជាតិភូមិភាគ៣ ដោយបានរៀបចំឱ្យមានពិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីបង្ហាញអំពីសមិទ្ធផលថ្មីៗដែលសម្រេចបាន និងលទ្ធផលនៃការងារបណ្តុះបណ្តាល កងកម្លាំងនគរបាលជាតិក្នុងពេលកន្លងមក។ សម្ដេចបានបង្ហាញការចាប់អារម្មណ៍ប្រកបដោយមោទនភាពយ៉ាងខ្លាំងអំពីការវិវឌ្ឍរីកចម្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹងនិងហេដ្ឋារចនាសម្ព័ន្ធទន់។ សម្ដេចមានប្រសាសន៍ថាក្នុងពេលកន្លងមកថ្មីៗនេះ សម្ដេចបានសម្ពោធសមិទ្ធផលនានានៅបណ្ឌិត្យសភានិងសាលា នគរបាលជាតិភូមិភាគមួយចំនួន និងពិនិត្យឃើញថា មូលដ្ឋានសម្ភាររូបវន្តដែលត្រូវបាន កសាងក្នុងដំណាក់កាលនេះ ពិតជាអាចឆ្លើយតបបានភាគច្រើន ទៅនឹងតម្រូវការជាក់ស្តែង នៃការបណ្តុះបណ្តាលប្រកបដោយគុណភាព។ សម្ដេចចាត់ទុកស្នាដៃទាំងនេះថាបានកើតឡើងស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងមានស្ថិរភាពនិងវឌ្ឍនភាពជាតិលើគ្រប់វិស័យហើយប្រជាពលរដ្ឋរស់នៅក្នុងភាពសម្បូររុងរឿងប្រកបដោយភាពសុខដុមរមនា ក្រោមដំបូលន សន្តិភាពពេញលេញដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំចុងក្រោយនេះ។ សម្ដេចបានគូសបញ្ជាក់ថា«មកដល់ចំណុចនេះ ខ្ញុំសូមបញ្ជាក់ជូនថា អ្វីៗដែលយើងខិតខំធ្វើក្នុងអតីតកាលបានឱ្យផលនាពេលបច្ចុប្បន្ននេះ ហើយអ្វីៗដែលយើងខិតខំធ្វើនាពេលបច្ចុប្បន្ននឹងឱ្យផលទៅថ្ងៃអនាគត។ ឧទាហរណ៍ជាក់ស្តែង ក្មួយៗខិតខំសិក្សារៀនសូត្រហ្វឹកហាត់នាពេលកន្លងមក ក្មួយៗទទួលបាន ជោគជ័យនាពេលនេះ ហើយបន្ទាប់ពីនេះ ក្មួយៗត្រូវព្យាយាមបន្តសិក្សារៀនសូត្រដកស្រង់ បទពិសោធការងារ និងយកចិត្តទុកដាក់លើភារកិច្ចទទួលខុសត្រូវ នោះក្មួយៗនឹងទទួលបាន ជោគជ័យបន្ថែមទៀតក្នុងជីវិតការងារ នាពេលអនាគត»។ ក្នុងក្របខណ្ឌនៃការបណ្ដុះបណ្ដាលនគរបាលជាតិ សម្ដេចមានប្រសាសន៍ថាក្រសួងបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលក្នុងប្រទេស ដូច្នេះយើងបានជំរុញការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិ ភូមិភាគទាំងអស់ ឱ្យស្របតាមស្តង់ដាគុណភាព មានកិត្យានុភាព ឧត្ដមភាព និងការជឿ ទុកចិត្តទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ ពីព្រោះធនធានមនុស្សដែលទទួលបានពីការ បណ្តុះបណ្តាលត្រឹមត្រូវ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ព្រោះគ្រឹះស្ថានបណ្តុះបណ្តាលបានដើរតួនាទីយ៉ាងសំខាន់ជារោងចក កែច្នៃមនុស្ស ឱ្យមានតម្លៃនិងមានប្រយោជន៍ដល់សង្គមជាតិទាំងមូល។ ទាក់ទងនឹងការបណ្តុះបណ្តាលវគ្គកម្រិតបឋមវិជ្ជាជីវៈនគរបាល សម្ដេចបានបញ្ជាក់ថា«ក្មួយៗ ទាំងអស់គឺជាឈាមថ្មី ដែលរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ បានជ្រើសរើសយកមកចាក់បញ្ចូល ក្នុងរដ្ឋបាលសាធារណៈ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ។ ហេតុនេះ ចាំបាច់ណាស់ដែលទាមទារឱ្យឈាមថ្មីនេះ ជាឈាមដែលមានគុណភាពល្អ ដើម្បីបំពេញតួនាទីជាមន្ត្រីនគរបាលបន្តវេន ប្រកបដោយ លក្ខណសម្បត្តិសមស្រប និងមានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ»។ពីវេទិកាអធិបតីនោះដែរ សម្ដេចបានណែនាំណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ ត្រូវបន្ត អនុវត្តភារកិច្ចទទួលខុសត្រូវ ផែនការ គោលការណ៍នានា និងកម្មវិធីកំណែទម្រង់របស់ខ្លួន ឱ្យទទួលបានជោគជ័យនិងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ព្រមទាំងផ្តោតការយកចិត្ត ទុកដាក់បន្ថែមទៀតលើការងារពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសមាហរណកម្មខ្លួនទៅក្នុងក្របខណ្ឌអាស៊ាន តំបន់ និងពិភពលោកឱ្យបានពេញលេញ ព្រមទាំង មានឧត្តមភាពអាចប្រៀបធៀបបានក្នុងក្របខណ្ឌអន្តរជាតិ។ ចំណែកសិស្សនគរបាលជ័យលាភីទាំងអស់ សម្ដេចបានផ្ដល់ដំបូន្មានឱ្យចងចាំថាការសិក្សាស្រាវជ្រាវ ការរៀនសូត្រ និងការធ្វើស្វ័យសិក្សាតាមគ្រប់រូបភាពនិងគ្រប់ទីកន្លែង គឺជាកាតព្វកិច្ចរបស់ក្មួយៗ ទាំងអស់ ដែលត្រូវផ្តោតយកចិត្តទុកដាក់ខ្ពស់និងអនុវត្តឱ្យបានល្អ ដើម្បីពង្រឹងនិងពង្រីក ចំណេះដឹងឱ្យកាន់តែទូលំទូលាយនិងសមត្ថភាពជំនាញឱ្យកាន់តែល្អប្រសើរ និងដកស្រង់បទពិសោធល្អៗពីនគរបាលរៀមច្បង ក្នុងគោលដៅធ្វើឱ្យក្មួយៗក្លាយជាធនធានមនុស្សកាន់ត មានតម្លៃនិងមានប្រយោជន៍ដល់អង្គភាព ដល់ក្រសួងមហាផ្ទៃ និងសង្គមជាតិទាំងមូល៕
នារសៀលថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនលោកឧញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម បានសម្ដែងការស្វាគមន៍ចំពោះប្រតិភូគមសមាគម និងបានសម្ដែងការកោតសរសើរចំពោះវឌ្ឍនភាពការងារដែលសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាសម្រេចបាន ជាពិសេសការរៀបចំពិធីសំណេះសំណាលជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។ សម្ដេចក្រឡាហោម ក៏បានសម្ដែងការកោតសរសើរចំពោះសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាដែលបានខិតខំរៀបចំរចនាសម្ព័ន្ធទាំងនៅរាជធានៅភ្នំពេញ និងតាមបណ្ដាខេត្ត រួមទាំងការរៀបចំជំនួន និងពិធីផ្សព្វផ្សាយនានាក្នុងន័យដើម្បីរួមចំណែកលើកកម្ពស់វិស័យសហគ្រាសធនតូច និងមធ្យមនៅកម្ពុជាស្របតាមទិសដៅរបស់សមាគម។ លោកឧញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណសម្ដេចក្រឡាហោម ស ខេង ដែលបានឆ្លៀតឱកាសពេលវេលាដ៏មានតម្លៃអនុញ្ញាតជូនប្រតិភូសមាគមបានចូលជួបសម្ដែងការគួរសម។ លោកឧកញ៉ា ក៏បានរាយការណ៍ជូនសម្ដេចអំពីកំណើនសមាជិកសមាគមទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកទឹកចិត្តសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា បន្តធ្វើសកម្មភាពឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការពង្រឹង និងពង្រីកសក្ដានុពលវិស័យសហគ្រាសធនតូច និងមធ្យមនៅកម្ពុជា៕
នាព្រឹកថ្ងៃពុធ ១១កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធីបតីក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ។ ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិរណ៌កោះពេជ្រ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំ និងសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ បណ្ដាអង្គទូតអង្គទូតនានាប្រចាំកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រី និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណជា ៣០០០នាក់។ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអានសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ជូនគណៈអធីបតី និងអង្គពិធីដែលសម្ដេចបានអំពានវាវបងប្អូនកូនក្មួយជនរួមជាតិទាំងអស់ ពិសេស មាតា បិតា អាណាព្យាបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធដទៃទៀតត្រូវបន្តយកចិត្តទុកដាក់អប់រំកូនចៅ កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ និងសូមបន្តចូលរួមឱ្យកាន់តែសកម្មថែមទៀតក្នុងការកំណត់មុខសញ្ញាបទល្មើស និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចអនុវត្តច្បាប់ ដើម្បីឈានទៅមានវិធានការដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមខ្លឹមសារគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងទិសស្លោក «៣កុំ ១រាយការណ៍»។ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បន្ដថា គណៈបញ្ជាការ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធដែលនៅជាប់ជាមួយប្រជាជន ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសពង្រឹងការចុះជាប់ជាមួយប្រជាជន បង្កើនសកម្មភាពធ្វើវេទិកាសាធារណៈដែលតាមរយៈសកម្មភាពទាំងនោះ ត្រូវខិតខំធ្វើការអប់រំផ្សព្វផ្សាយឱ្យបានជាប្រចាំ ដើម្បីបង្កើនការយល់ដឹងឱ្យបានកាន់តែទូលំទូលាយ បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធរវាងប្រជាជន និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមួយសមត្ថកិច្ចអនុវត្តច្បាប់ ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ផ្នត់គំនិតរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន លើកទឹកចិត្តដល់ការគិតគូរ និងជួយគ្នាទៅវិញ ទៅមក ក្នុងការជួយសង្គ្រោះអ្នកញៀនគ្រឿងញៀន និងផ្ដល់នូវសេវាសុខភាព ដើម្បីទទួលបាននូវការព្យាបាលស្ដារនីតិសម្បទា បណ្ដុះបណ្ដាលបំណិនជីវិត និងការបង្ការខ្លួនពីការលាប់ឡើងវិញផងដែរ។ អញ្ជើញថ្លែងសុន្ទរកថា និងមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនូវការអរគុណ និងកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួង ស្ថាប័ន អង្គភាពជាសមាជិកទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការ សមាគមជាតិ អន្តរជាតិ វិស័យសាសនា វិស័យឯកជន សប្បុរសជន បណ្តាប្រទេសជាមិត្ត ពិសេស បងប្អូនប្រជាពលរដ្ឋទូទៅ ក៏ដូចជាក្មួយៗនិស្សិត និងសិស្សានុសិស្សទាំងអស់ ដែលបានចូលរួម និងគាំទ្រយ៉ាងពេញទំហឹងនាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន រហូតធ្វើឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេស ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល ដំណើរការបានយ៉ាងរលូន និងទទួលបានលទ្ធផលល្អប្រសើគួរឱ្យកត់សម្គាល់។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៀតថា ការប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មានគោលបំណង និងទិសដៅលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងការជួញដូរខុសច្បាប់ ឈានទៅបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងកាត់បន្ថយតម្រូវការគ្រឿងញៀនខុសច្បាប់ ពិសេស ធ្វើការពិនិត្យឡើងវិញ ដោយធ្វើការពង្រឹងគោលនយោបាយ និងច្បាប់ ស្តីពីការត្រួតពិនិត្យ គ្រឿងញៀននៅក្នុងប្រទេសនីមួយៗ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ សម្ដេចក្រឡាហោម បានបង្ហាញការកត់សម្គាល់ថា ជាការពិតប៉ុន្មានឆ្នាំកន្លងមកនេះ បើទោះបីកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បានទទួលនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រក្រតីភាពនៃដំណើរការសេដ្ឋកិច្ច វប្បធម៌ សង្គមធម៌ ក៏ដូចជាជីវភាពសង្គមផ្សេងៗទៀតដែលបណ្តាលមកពីជំងឺឆ្លងរាលត្បាតកូវីដ-១៩ ក្តី ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបានបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាប់ជាប្រចាំពិសេស តាមរយៈការបន្តដាក់ចេញ និងអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សំដៅពង្រឹងនូវប្រសិទ្ធភាពទាំងលើការងារអនុវត្តច្បាប់ ការងារផ្សព្វផ្សាយអប់រំ ព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន។ សម្ដេចក៏បានមានប្រសាសន៍ទៀតថា ការងារ អនុវត្តច្បាប់បានពង្រឹងនូវប្រសិទ្ធភាពនៃការស្រាវជ្រាវ ស៊ើបអង្កេត និងកំណត់មុខសញ្ញា រហូតឈានដល់ការបង្រ្កាប និងវាយបំបាក់នូវរាល់ល្បិចកលថ្មីៗរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនធំៗ ដែលព្យាយាមធ្វើចរាចរគ្រឿងញៀនឆ្លងកាត់ និងប៉ុនប៉ងប្រើប្រាស់កម្ពុជាធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀនខុសច្បាប់បានជាបន្តបន្ទាប់។ នៅចុងបញ្ជប់នៃពិធីនោះ សម្ដេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានអញ្ជើញដុតបំផ្លាញចោលនូវត្ថុតាង និងសារធាតុញៀន និងសារធាតុគីមីផ្សំជាច្រើនតោនផងដែរ៕
នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ.២៧ នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ ថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ.២៧ ដែលបានអញ្ចើញចូលរួម មានចំនួន ៣ ៨០៤ នាក់។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្ស គ.២៧ បានធ្វើរាយការណ៍ជូនអង្គពិធីសមិទ្ធផលការងារក្នុងរយៈពេល៥ឆ្នាំ របស់គណៈកម្មាធិការគណបក្ស គ.២៧ ក្រោមដឹកនាំរបស់គណបក្ស ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្រ្តី និងដោយមានមតិដឹកនាំតម្រង់ទិសជាប្រចាំពីសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ព្រមទាំងមានការគាំទ្រពីឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល។ ឯកឧត្តម សក់ សេដ្ឋា បានគូសបញ្ចាក់ថាថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្ស គ.២៧ បានខិតខំប្រឹងប្រែងរួមគ្នាបំពេញភារកិច្ចយ៉ាងសកម្មផុលផុស ពង្រឹង ពង្រីកសមិទ្ធផលនានាដែលរៀមច្បងជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាន់មុនៗបានខិតខំពុះពារកសាងបាន និងបន្សល់ទុកជាបន្តបន្ទាប់ ដើម្បីបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនគណបក្ស ជាពិសេសការខិតខំបំពេញភារកិច្ចធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្ស គ.២៧ ដែលបានចូលរួមយ៉ាងសកម្ម សស្រាក់សស្រាំ ក្នុងការនាំមកនូវសមិទ្ធផលនានាដើម្បីភាពរុងរឿងនៃប្រជាជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងប្ដេជ្ញាចិត្ត យកឱកាសកម្លាំងកាយចិត្តប្រាជ្ញាស្មារតីខិតខំបំពេញការងារប្រកបដោយទំនួលខុសត្រូវ ដើម្បីបន្តដណ្ដើមជោគជ័យសម្រាប់ការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគណបក្ស បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនៃគណៈកម្មាធិការ គ.២៧ ស្ថាប័នជំនួយការ គណៈកម្មាធិការសាខាបក្សចំណុះ ក្រុមការងារយុវជន គណៈចលនាស្រ្តី សមាជិក សមាជិកាទាំងអស់ដែលបានខិតខំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងការងារគណបក្ស និងការងាររាជរដ្ឋាភិបាល។ សម្ដេចបានគូសបញ្ជាក់ថាថ្នាក់ដឹកនាំ មន្ត្រី និងសមាជិក សមាជិកាគណបក្សគណៈកម្មាធិការគណបក្ស គ.២៧ ក៏បានចូលរួមក្នុងសមាសភាពក្រុមការងារ ទាំងក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយបាន យកអស់កម្លាំងកាយប្រាជ្ញាស្មារតី និងលះបង់ពេលវេលា មធ្យោបាយ ធនធាន ផ្ទាល់ខ្លួន ចុះបំពេញការងារនៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ផ្សារភ្ជាប់ ជិតស្និទ រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីចូលរួមដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ និងចូលរួមកសាងសមិទ្ធផលសង្គមលើគ្រប់វិស័យនៅមូលដ្ឋាន សំដៅលើកកម្ពស់នូវជំនឿ និងការគាំទ្ររបស់ ប្រជាជនមកលើគណបក្សយើង ចូលរួមធ្វើឱ្យគណបក្សទទួលបានជោគជ័យយ៉ាង ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ។ សម្ដេចក៏បានបង្ហាញការកត់សម្គាល់ថាគណៈកម្មាធិការគណបក្ស គ.២៧ បានរួមចំណែកធ្វើឱ្យក្រសួងមហាផ្ទៃសម្រេចបានសមិទ្ធផលការងារនានាជាច្រើន រួមចំណគែសម្រេចធ្វើឱ្យសម្រេចបានជោគជ័យនូវកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។ សម្ដចក៏បានលើកឡើងអំពីសភាពការណ៍តំបន់ និងសកលលោក មានការវិវត្តប្រែប្រួលយ៉ាងស្មុគស្មាញ ពិបាកប៉ាន់ស្មាន បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតមកលើសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនក្នុងពិភពលោក រួមទាំងកម្ពុជា។ សម្ដេចបន្តថាទន្ទឹមនេះ នៅផ្ទៃក្នុងប្រទេស ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ មួយចំនួន នៅតែបន្តរិះរកគ្រប់វិធី ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមដើម្បីឈានទៅផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតនិងប្រើប្រាស់គ្រប់ល្បិចកល ដើម្បីរារាំងដល់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោល នយោបាយ និងវិធានការនានា ដោយមានការគាំទ្រ និងការចូលរួមពីមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស បន្តដឹកនាំអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងសម្រេចបានសមិទ្ធផលគ្រប់វិស័យ។ សមិទ្ធផលទាំងនោះ ត្រូវបានសម្ដេចពន្យល់ទៅកាន់អង្គពិធី រួមមានការរក្សាសន្តិភាព ស្ថេរភាពនយោបាយ កាពារបាននូវខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសវត្ថិភាពសង្គម, ការគោរពរដ្ឋធម្មនុញ្ញ គោរពនិងការពាររបបរាជានិយយម, លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងសិទ្ធិមនុស្ស, កំណែទម្រង់អភិបាលកិច្ចល្អ, ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩, រក្សាលំនៅសេដ្ឋកិច្ច និងការអនុវត្តបានយ៉ាងល្អនូវនយោបាយការបរទេស។ សម្ដេចបានចាត់ទុកស្នាដៃ និងសមិទ្ធផលការងារទាំងអស់នេះថាបានមកពីការចូលរួមពីគ្រប់ភាគី។ ពីវេទិកាសំណេះសំណាលនោះដែរ សម្ដចក្រឡាហោម ក៏បានមានប្រសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្ស គ.២៧ បន្តខិតខំថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ សម្រាប់បង្កបរិយាកាសដល់យុទ្ធនាការ ឃោសនាបោះឆ្នោត ការបោះឆ្នោត ការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី និងការបន្ត និរន្តរភាពនៃការអភិវឌ្ឍសង្គមលើគ្រប់វិស័យ ពិសេសត្រូវរួមគ្នាធានាឱ្យការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាង មុខនេះ ប្រព្រឹត្តទៅដោយជោគជ័យ។ សម្ដេចក៏បានណែឱ្យចូលរួមបំផុស អប់រំ លើកទឹកចិត្តប្រជាពលរដ្ឋអំពីតម្ល និងសារសំខាន់នៃការបោះឆ្នោត ដើម្បីប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងធ្វើការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ គ.ជ.ប ចូលរួមបង្ការទប់ស្កាត់រាល់សកម្មភាពនានា និងឧបាយកលដែល ប៉ុនប៉ងរំលោភបំពានបំផ្លាញដំណើរការបោះឆ្នោត និងបំផ្លាញសន្លឹកឆ្នោត ព្រមទាំង សកម្មភាពប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមតាមគ្រប់រូបភាព ជាពិសេសត្រូវលើកកម្ពស់ការគោរពអនុវត្តឱ្យបានត្រឹមត្រូវ នូវច្បាប់ បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត។ មុននឹងបញ្ចប់សម្ដេចក៏បានរម្លឹកដាស់តឿនឱ្យមន្ត្រីរាជការ កងកម្លាំងនគរបាលជាតិ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុម ការងារគណបក្ស ដែលចូលរួមក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្ស ក្នុងពេលម៉ោងថ្ងៃបំពេញការងារ ត្រូវសុំច្បាប់ឈប់សម្រាកពីការងារតាមការកំណត់ និងមិនត្រូវប្រើប្រាស់ឯកសណ្ឋានការងារ យានយន្ត មធ្យោបាយ សម្ភារ ថវិកា របស់រដ្ឋ ចូលរួមក្នុងសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនោះឡើយ៕
នាព្រឹកថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ វត្តមានសម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ គឺដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ក្នុងនាមជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងក៏ការពារសេចក្ដីព្រាងវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត ក្នុងនាមតំណាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ សេចក្ដីព្រាងវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត រួមមានច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ រដ្ឋសភាបានអនុម័តសេចព្រាងច្បាប់នេះទាំងស្រុង ដោយសំឡេង១១១ លើ១១១សំឡេង។ បន្ទាប់ពីសេចក្ដីព្រាងច្បាប់ត្រូវបានរដ្ឋសភាអនុម័ត សម្ដេចក្រឡាហោម បានថ្លែងអំណរគុណអង្គសភា និងអះអះអាងថាច្បាប់នេះនៅពេលចូលជាធរមាននឹងក្លាយជាមូលដ្ឋានគតិយុត្តិមួយដ៏រឹងមាំក្នុងការលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលបានចរិកនៅក្នុងរដ្ឋធម្មនុញ្ ញជាពិសេសការពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកនយោបាយទាំងថ្នាក់ជាតិ និងក្រោមជាតិ។ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានថ្លែងប្ដេជ្ញាចិត្តថានឹងយកច្បាប់នេះទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ រួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពជាមួយស្ថាប័នដែលមានការពាក់ព័ន្ធទៅតាមមុខងារ និងភារកិច្ចរៀងៗខ្លួនដែលមានកំណត់ក្នុងច្បាប់ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា នៅក្រោយពេលដែលច្បាប់នេះបានចូលជាធរមាន។ យោងតាមសេចក្ដីថ្លែងហេតុ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ពាក់ព័ន្ធបោះឆ្នោត បានកំណត់ជាពិសេសសម្រាប់បុគ្គលដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវតែបានចូលរួមបោះឆ្នោតក្នុងព្រឹត្តិការណ៍បោះឆ្នោតនានា នៅមុនអាណត្តិដែលខ្លួនឈរឈ្មោះឱ្យគេបោះឆ្នោត និងបានកំណត់ពីការផាកពិន័យ និងដាក់ទោសដល់បុគ្គល ដែលរំខាន និងរារាំងដំណើរការចុះបញ្ជីឈ្មោះបោះឆ្នោត ក៏ដូចជាការរំខាន រារាំង ឬអុកឡុកការបោះឆ្នោត។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលទទួលដឹកនាំធ្វើសេចក្ដីព្រាងវិសោធណកម្មច្បាប់នេះ ក៏ធ្លាប់បានបញ្ជាក់ដែរថា វិសោធនកម្មនេះធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ ពិសេសត្រង់មាត្រាចែងថាបទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់ ហើយថាសម្រាប់ពលរដ្ឋទូទៅ ការទៅ ឬមិនទៅបោះឆ្នោតគឺជាសិទ្ធិសម្រេចរបស់ពលរដ្ឋ៕