សកម្មភាពថ្នាក់ដឹកនាំ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីបូកសរុបលទ្ធផល នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងផ្តល់អនុសាសន៍លើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ
ថ្ងៃច័ន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងផ្តល់អនុសាសន៍ផ្តាំផ្ញើលើកទិសដៅការងារជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន អង្គភាពក្រោមចំណុះ និងមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ព្រមទាំងក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត សរុបប្រមាណ ៧៥០នាក់រូប ពិធីនេះរៀបចំប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៉ីដង់ សុខាភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីអំពីលទ្ធផលនៃការពិភាក្សាតាមក្រុមនីមួយៗជូន សម្ដេចក្រឡាហោម ស ខេង និងអង្គសន្និបាត ថា ជារួមកុ្រមពិភាក្សាទាំង៦ក្រុម បានឯកភាពខ្ពស់នូវខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពិភាក្សា និងផ្តល់ធាតុចូលនានាយ៉ាងផុសផុលផងដែរ។ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងខ្លួនសម្ដេចផ្ទាល់ សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី អស់លោក ទាំងអស់ ដែលបានចូលរួមអនុវត្តយ៉ាងសកម្មនូវរបៀបវារៈ និងកម្មវិធីនានានៃសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម បន្ដថា ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផល នៃការពិភាក្សាតាមក្រុមពិភាក្សាកាលពីរសៀលម្សិលមិញនេះ សមាជិក សមាជិកា នៃអង្គសន្និបាតបានឯកភាពលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងបានពិភាក្សាអំពីសមទ្ធិផល បញ្ហាប្រឈម ជាមួយនិងការផ្ដួចផ្ដើមដំណោះស្រាយតាមប្រធានបទរបស់ក្រុមពិភាក្សាទាំង៦ យ៉ាងសកម្មផុលផុស។ ជារួម សម្ដេចក្រឡាហោម ក៏ បានឯកភាពចំពោះលទ្ធផលនៃការពិភាក្សាជាមួយការវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្ត្រី អស់លោកទាំងអស់ ដែលបានផ្តល់ធាតុចូលដ៏មានតម្លៃដើម្បីចូលរួមជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពការងារ នៅតាមអគ្គនាយកដ្ឋាន អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្ដេចក្រឡាហោម បានបន្ថែមថា ឆ្នាំ២០២៣នេះ ជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា, ជាឆ្នាំដែលប្រទេសកម្ពុជា ត្រូវបន្តរៀបចំការបោះឆ្នោតជាតិ លើកទី៧ ស្របតាមអាណត្តិកំណត់៥ឆ្នាំ និងជាឆ្នាំដែលប្រទេសកម្ពុជា ទទួលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ទន្ទឹមនេះ សម្ដេចក្រឡាហោម បានផ្តល់អនុសាសន៍ផ្ដាំផ្ញើ និងណែនាំដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តតួនាទីភារកិច្ច ដូចជា៖ ត្រូវបន្តខិតខំរួមគ្នាថែរក្សាពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ និងការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។ ជាងនេះទៀត សម្ដេចក្រឡាហោម បន្ដថា ពិសេសត្រូវបង្កើនការថែរក្សាពង្រឹងសន្តិសុខជាតិ ដោយត្រូវបង្កើនកិច្ចសហការជាមួយកម្លាំងអនុវត្តច្បាប់ ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដើរទន្ទឹមនឹងការពង្រឹងសមត្ថភាពជំនាញរបស់កម្លាំងអនុវត្តច្បាប់ និងលើកកម្ពស់កិច្ចសហការឱ្យបានល្អជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាទប់ស្កាត់អំពើភេវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា សកម្មភាពជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសនានាឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។ សម្ដេចក្រឡាហោម បន្ថែមថា ត្រូវបង្កើនការគ្រប់គ្រងការចេញចូលប្រទេស គ្រប់គ្រងមុខសញ្ញាតាមវិធានការជំនាញ និងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស និងជនអន្តោប្រវេសន្តឱ្យបានម៉ឺងម៉ាត់ ព្រមទាំងខិតខំទប់ស្កាត់ការលប លួចចេញចូលប្រទេសតាមច្រករបៀងខុសច្បាប់នានា និងតាមច្រកសមុទ្រ។ ព្រមទាំងបន្តអនុវត្តឱ្យបានជាប់ជាប្រចាំនូវយុទ្ធនាការប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស និងបន្តខិតខំស្រាវជ្រាវករណីលាងសម្អាតប្រាក់ ដើម្បីពង្រឹងសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម។ សម្ដេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍បន្ថែមទៀតថា ត្រូវបង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងសង្គម ដើម្បីបង្កបរិយាកាសដល់ការរៀបចំការ បោះឆ្នោតជាតិលើកទី៧ ខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពល្អប្រសើរ ព្រមទាំងខិតខំសហការរួមគ្នាធានារក្សាឱ្យបាននូវសុវត្ថិភាពសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ស្របតាមផែនការកំណត់៕

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីគ្រប់កម្រិត នៃសាខាសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង និងបន្ទាយមានជ័យ
ថ្ងៃច័ន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣

នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីគ្រប់កម្រិត នៃសាខាសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ សរុបចំនួន១.៥៥០នាក់ ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលសុភមង្គលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា និងសមាជិកសភា ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត មន្ទីរ និងស្ថាប័ននានា សមាជិកសភាពាណិជ្ជកម្ម និងសហគ្រិនវ័យក្មេងកម្ពុជា គណៈគ្រប់គ្រងនៃគ្រឹះស្ថានឧត្តមសិក្សារដ្ឋ-ឯកជន គណៈគ្រប់គ្រង សាស្រ្តាចារ្យ គ្រូ បុគ្គលិក ជាច្រើនរូបទៀត។ ក្នុងឱកាសនោះ ឯកឧត្តម ស្ដើង សុខុម ស្ថាបនិកសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) បានធ្វើរបាយការណ៍គោរពជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីថា សម្រាប់និស្សិតជ័យលាភីដែលទទួលបានសញ្ញាបត្រនាឱកាសថ្ងៃនេះ រួមមានថ្នាក់បរិញ្ញាបត្ររងចំនួន១៥១នាក់ (នារី៥៩នាក់ ស្មើ ៣៩,០៧%) ថ្នាក់បរិញ្ញាបត្រចំនួន១.១២៦នាក់ (នារី៥៩៥នាក់ ស្មើ៥២,៨៤%) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន២៧៣នាក់ (នារី៨៨នាក់ ស្មើ៣២,២៣%)។ ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហាផ្ទៃ បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យកម្ពុជាសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន សម្រាប់ប្រជាជន និងសង្គមជាតិ ទាំងមូលមានជាអាទិ៍ ការធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍក្នុងបរិបទកូវីដ-១៩ និងជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន និង កិច្ចប្រជុំធំៗនានា ក៏ដូចជាជោគជ័យនៃការរៀបចំបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ ការកសាងហេដ្ឋារចនាសម្ពន្ធ័ជាច្រើន នៅទូទាំងប្រទេស មានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ-ល- ព្រមទាំងទទួលបានការវិនិយោគផ្ទាល់ពីបរទេស នូវគម្រោងធំៗជាច្រើននៅទូទាំងប្រទេស។ ទន្ទឹមនេះ សម្ដចក្រឡាហោម បានចាត់ទុកជោគជ័យ និងការដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់ៗរបស់រាជរដ្ឋាភិបាល ថា បានក្លាយជាចលករ និងជាមូលដ្ឋានដ៏រឹងមាំ ធ្វើឱ្យមានកំណើន និងការងើបឡើងវិញ លើគ្រប់វិស័យ ដែលនាំឱ្យសេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើននៅក្នុងរង្វង់ ៥,២% ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ចនេះចំនួន ៥,៦%។ សម្ដេចក្រឡាហោម បានបន្តថា ការរីកចម្រើនសេដ្ឋកិច្ចខាងលើនេះក៏បានធ្វើឱ្យរីកចម្រើនវិស័យអប់រំព្រមៗគ្នាផងដែរ ជាក់ស្ដែងគឺការអភិវឌ្ឍធនធានមនុស្សចាប់តាំងពីកម្រិតមត្តេយ្យរហូតដល់អនុវិទ្យាល័យ វិទ្យាល័យ ជំនាញវិជ្ជាជីវៈ ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា។ សម្ដេចក្រឡាហោម ស ខេង បន្ថែមថា ជាក់ស្ដែងនិស្សិតជ័យលាភីចំនួន ១,៥៥០នាក់នេះ ជាធនធានមនុស្សដ៏មានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ចូលរួមបំពេញបន្ថែមទៅលើ ការរីកចម្រើនវិស័យផ្សេងៗសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយធនធានទាំងនេះនឹងត្រូវចេញទៅបំពេញការងារតាមជំនាញក្នុងសង្គម តាមរយៈចំណេះដឹង និងចំណេះធ្វើដែលខ្លួនទទួលបានពីការបណ្តុះបណ្តាល ដោយយកទៅអនុវត្តជាក់ស្តែង និងដកពិសោធន៍ផ្ទាល់ និង សិក្សាស្រាវជ្រាវកែលម្អបន្ថែមទៀតពីមជ្ឈដ្ឋានជុំវិញខ្លួន ស្របតាមទិសស្លោក “ការសិក្សារៀនសូត្រគឺធ្វើគ្មានទីបញ្ចប់ទេ”។ ផ្អែកលើទស្សនទាននេះដែរ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការបណ្ដែតបណ្ដោយមិនព្រមរៀនសូត្របន្ថែមពីមជ្ឈដ្ឋានដែលនៅជុំវិញខ្លួនយើង ពិសេសការសិក្សា ចំណេះដឹងផ្នែកបច្ចេកវិទ្យា នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងាររបស់ខ្លួននាពេលអនាគត។ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ទស្សនបន្ថែមថា ប្រទេសជាតិមួយអាចគង់វង្ស ឋិតថេរ និងមានការអភិវឌ្ឍរីកចម្រើនបាន គឺអាស្រ័យដោយសារកត្តាធនធានមនុស្ស របស់ប្រទេសនោះ៕