ចែករំលែកតំណនេះតាម
ឬចម្លងតំណនេះ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ប្រារព្ធនៅក្រុងបាត់ដំបង
នាព្រឹកអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាល ជួបប្រជុំជាមួយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត នៅវិមានរដ្ឋសភា។ នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំថា យោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ កម្ពុជាប្រកាន់យករបបនយោបាយដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ដែលមេដឹកនាំប្រទេស ត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ សម្ដេចបន្តថា ផ្អែកលើមូលដ្ឋាននេះ កម្ពុជាបានចាត់តាំងរៀបចំឲ្យមានការបោះឆ្នោតជាទៀងទាត់ ទៅតាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ តាមរយៈការបោះឆ្នោតជាសកល និងការបោះឆ្នោតជាអសកល រួមមាន៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងសង្គមកម្ពុជា ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ ហើយប្រជាពលរដ្ឋខ្មែរបានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនតាមច្បាប់ ក្នុងនាមជាពលរដ្ឋល្អ និងជាម្ចាស់ប្រទេសជាតិ ដោយបានចេញទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីដឹកនាំប្រទេសជាតិ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយទន្ទឹមនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានបំពេញគ្រប់លក្ខខណ្ឌ តាមការកំណត់នៃច្បាប់ ក៏មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដើម្បីអាចក្លាយជាអ្នកដឹកនាំប្រទេសជាតិ ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិផងដែរ។ សម្ដេចបន្ថែមថាដើម្បីសម្រេចនូវគោលបំណងដ៏ពិសិដ្ឋនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ពិសេសការជ្រើសរើសបាននូវអ្នកដឹកនាំល្អសម្រាប់ជាតិ ពលរដ្ឋដែលមានសិទ្ធិឈរឈ្មោះឱ្យការបោះឆ្នោត មិនត្រឹមតែត្រូវបំពេញឱ្យបានត្រប់លក្ខខណ្ឌដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ត្រូវមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អរបស់ជាតិក្នុងសង្គមប្រជាធិបតេយ្យ។ សម្ដេចបានជម្រាបជូនគណៈកម្មការសភាទៀតថា ផ្អែកលើស្មារតីនេះ ពិសេសដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការស្នើសុំធ្វើ វិសោធនកម្មច្បាប់បោះឆ្នោត សំដៅកែទម្រង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ក្នុងន័យនេះពលរដ្ឋដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ មាតុភូមិ និងប្រជាជន ដោយត្រូវផ្ដើមចេញពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោតរបស់ខ្លួន ដោយចេញទៅបោះឆ្នោត ដែលនេះជាករណីកិច្ចចម្បងរបស់ពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវខ្ពស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ សម្ដេចបញ្ជាក់ទៀតថា ក្នុងករណីដែលពុំបានអនុវត្តនូវសិទ្ធិបោះឆ្នោតដោយចេញទៅបោះឆ្នោត សម្រាប់ការបោះឆ្នោត ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយគ្មានមូលហេតុសមស្រប ពលរដ្ឋនោះមិនគួរគប្បីចាត់ទុកជាពលរដ្ឋល្អក្នុងសង្គម ប្រជាធិបតេយ្យ ដើម្បីអាចឈរឈ្មោះឱ្យគេបោះឆ្នោតបានឡើយ ហើយវិសោធនកម្មនេះក៏បានកំណត់ផងដែរថា បុគ្គលណាដែលបានធ្វើសកម្មភាពប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ក៏ដូចជាធ្វើសកម្មភាពប៉ះពាល់ ឬធ្វើឱ្យខូចខាតដល់កិច្ចដំណើរការនៃការបោះឆ្នោត ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវប្រឈមនឹងការដកហូតជា បណ្តោះអាសន្ននូវ សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ឬការហាមឃាត់មិនឱ្យចូលរួមនៅក្នុងការបោះឆ្នោតផងដែរ។ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សំណើធ្វើវិសោធនកម្មនេះ ត្រូវបានធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏មិនធ្វើឱ្យប៉ះពាល់ឡើយដល់ “សិទ្ធិបោះឆ្នោត” របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា នោះទេ។ បន្ទាប់ពីបានស្តាប់នូវមតិបំភ្លឺយ៉ាងល្អិតល្អន់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសហការីរួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា និងគណៈកម្មការរដ្ឋសភាបានសម្តែងនូវការគាំទ្រទៅលើសេចក្ដីព្រាងច្បាប់នេះទាំងស្រុង ដោយពុំមានការកែប្រែអ្វីឡើយ។ គណៈកម្មការទី៦ នឹងធ្វើរបាយការណ៍ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេចបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតនេះ ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខដោយចាត់ទុកជាការប្រញាប់៕
ព្រឹកថ្ងៃអាទិត្យ ១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមយុវជនស្រុកថ្មគោល ចំនួន ១ ០០០នាក់។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ភូ ពុយ អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិកក្រុមការងារស្រុក ក្រុមក្រឡាហោមមនុស្សធម៌ ក្រុមអ្នកម្តាយមនុស្សធម៌ និងមន្រ្តីរាជការជុំវិញសាលាស្រុកថ្មគោល ជាច្រើនរូបទៀត។ ឯកឧត្តម ស សុខា បានជម្រាបជូនអង្គពិធី អំពីការផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង និងបានជម្រាបជូនអង្គពិធីអំពីការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសជោគជ័យនៃព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ។ នាឱកាសនោះដែរ លោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងឯកឧត្តម ស សុខា និងលោកជំទាវ បានផ្ដល់ជូនក្រុមការងារយុវជនស្រុកថ្មគោល ទាំង ១ ០០០នាក់ ដោយក្នុងម្នាក់ៗទទួលបានសម្លៀកបំពាក់កីឡាចំនួនមួយកំប្លេ និងថវិកាចំនួន ៥០ ០០០រៀលផងដែរ៕
នារព្រឹកថ្ងៃសៅរ៍ ១៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន អតីតយុទ្ធជន ថ្នាក់ដឹកនាំឃុំ និងភូមិ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណអង្គពិធីដែលបានអញ្ជើញមកចូលរួមក្នុងពិធីសំណេះសំណាលនាឱកាសនេះ។ សម្ដេចបន្តថាកម្មវិធីជួបសំណេះសំណាលនេះ បានរៀបចំឡើងដោយមានការគាំទ្រពីក្រុមការងារចុះមូលដ្ឋានខេត្ត និងក្រុង ស្រុកនៃខេត្តបាត់ដំបង ដោយសម្ដេចបានជួបសំណេះសំណាលជាច្រើនក្រុង ស្រុក ហើយគ្រោងនឹងបញ្ចប់ឱ្យបានមុនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាប្រមុខដឹកនាំ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអង្គពិធីទាំងមូលដែលជាថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងឃុំនៃស្រុកគាស់ក្រឡ ក្រុមការងារ មន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលស្រុកដែលខិតខំបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦នេះ។ ទន្ទឹមនឹងគ្នានោះដែរ សម្តេចឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីគុណបំណាច់នៃការរួមចំណែករបស់និវត្តជន និងអតីតយុទ្ធជនក្នុងស្រុកគាស់ក្រឡ ដែលតស៊ូធ្វើពលិកម្មក្នុងគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ស្ថេរភាព ការបង្រួបបង្រួម និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់។ សម្ដេចក្រឡាហោម ក៏បានផ្ដល់ទស្សនាទានជូនអង្គពិធីបញ្ហាប្រឈមលើពិភពលោកដែលតិចឬច្រើនបានជះឥទ្ធិផលមកលើប្រទេសកម្ពុជា ក្នុងនោះរួមមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងលោកខាងលិច និងខាងកើត សង្គ្រាមរវាងរុស្សុី និងអ៊ុយក្រែន វិបត្តិថាមពល និងស្បៀងអាហារ បញ្ហាសង្គ្រាមសុីវិលនៅប្រទេសស៊ូដង់ និងការប្រែលប្រួលអាកាសធាតុកាន់តែអាក្រក់ បន្ថែមលើបន្ទុកបញ្ហាបណ្ដាលមកពីជំងឺកូវីដ-១៩ដែលពិភពលោកមិនទាន់ដោះស្រាយចប់នៅឡើយ។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ទាញចំណាប់អង្គពិធីថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងខេត្តបាត់ដំបង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សម្ដេចបានបន្តមានប្រសាសន៍អង្គពិធីអំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។ សម្ដេចក៏បានគូសបញ្ជាក់បន្ថែមអំពីទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំបន្តទៀតក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា និងបានសង្កត់ធ្ងន់ជាថ្មីទៀតអំពីសារៈសំខាន់នៃការរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ខាងមុខនេះ ដែលត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ។ នៅចុងបញ្ចប់នៃពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកបរវេលនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយជូនអតីតមន្រ្តីរាជការ អតីតកងកម្លាំងប្រដាប់អាវុធដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន និងមន្រ្តីមានស្នាដៃខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងប្រគល់ជូនថវិកាដល់អង្គពិធីទាំងមូលផងដែរ៕
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ គឺជាការទទួលស្គាល់ នៃកម្រិតអប់រំដ៏ខ្ពង់ខ្ពស់បំផុតរបស់របស់ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដែលត្រូវផ្ដល់ជូនដល់ឥស្សរៈជន ឬបុគ្គលឆ្នើម ដែលមានកិត្តិយសខ្ពង់ខ្ពស់ និងមានការទទួលស្គាល់ពិសេសចំពោះសមិទ្ធដ៏សំខាន់ៗ ស្របតាមបេសកកម្មរបស់ សាកលវិទ្យាល័យ។ ឯកឧត្តមបន្តថាគណៈកម្មាធិការវាយតម្លៃថ្នាក់បណ្ឌិត បានពិនិត្យយ៉ាងម៉ត់ចត់នូវស្មារដៃទាំងឡាយរបស់ សម្ដេចក្រឡាហោម និងបានឯកភាពគ្នាជាឯកឆ័ន្ទ សម្រេចនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ថា ស្មារដៃរបស់សម្ដេចក្រឡាហោម ក្នុងផ្នែកអភិវឌ្ឍជនបទ មានលក្ខណៈដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តម និងមានតម្លៃលើសលប់ទាំងផ្នែកសិក្សា សេដ្ឋកិច្ច និងសង្គម ក្នុងកម្រិតខ្ពស់ សម្រាប់ប្រគល់ជូនពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នូវសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ជូនបេក្ខជនសម្ដេចក្រឡាហោម។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាវិទ្យាសាស្ត្រគណៈកម្មការវាយតម្លៃថ្នាក់បណ្ឌិត របស់សាកលវិទ្យាល័យ ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាដែលបានវាយតម្លៃ និងគាំទ្រចំពោះស្នាដៃរបស់សម្ដេច ហើយសម្រេចផ្ដល់នូវ សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទដល។ សម្ដេចមានប្រសាសន៍ថា យើងទាំងអស់គ្នាមើលឃើញស្រាប់នៅទីនេះ រយៈពេល៣០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងរូបសម្ដេចផ្ទាល់ ព្រមទាំងឥស្សរជនជាន់ខ្ពស់ និងសប្បុរសជននានា បានធ្វើឱ្យនិស្សិតបញ្ចប់ការសិក្សាជិតពីរម៉ឺននាក់ក្លាយជាធនធានមនុស្សដ៏សំខាន់ចូលរួមក្នុងការបម្រើការងារនៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន សង្គមស៊ីវិល និងខ្លះទៀតបានបង្កើតជាសហគ្រាស ក្រុមហ៊ុន និងអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ ឧត្តមភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស រួមចំណែកដល់ការអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិមកទល់បច្ចុប្បន្ន។ សម្ដេចរម្លឹកថាជាតំបន់ដាច់ស្រយាល នៃប្រទេសក៏ដោយ សិស្សដែលបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅតំបន់នេះ ក៏ដូចជា តំបន់ដទៃទៀតទូទាំងប្រទេស អាចមានលទ្ធភាពបន្តការសិក្សាដល់ថ្នាក់ឧត្តមសិក្សានៅទីនេះ។ សម្ដេចនៅតែជឿជាក់ឱ្យតម្លៃនិងគាំទ្រជានិច្ចលើការអប់រំនៅគ្រប់កម្រិត ជាពិសេសកម្រិតឧត្តម សិក្សា និងកម្រិតអប់រំបច្ចេកទេសវិជ្ជាជីវៈ ដែលជាស្ពានចម្លងមនុស្សគ្រប់គ្នាទៅរកមុខជំនាញវិជ្ជាជីវៈប្រចាំជីវិត ដែលមានន័យថា ពលរដ្ឋម្នាក់ត្រូវមានជំនាញមួយច្បាស់លាស់យ៉ាងតិច ដើម្បីចិញ្ចឹមជីវិត។ ដូច្នេះហើយ ដរាបណាសម្ដេចនៅមានកម្លាំង និងធនធាន សម្ដេចនៅតែបន្តគាំទ្រ ដល់វិស័យអប់រំដើម្បីជំរុញការអភិវឌ្ឍជាតិ។ សម្ដេចបានអរគុណចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ ក៏ដូចជា សាស្ត្រាចារ្យនៅក្នុងសាកលវិទ្យាល័យ ដែលបានផ្ដល់នូវការវាយតម្លៃខ្ពស់សម្រាប់សម្ដេច ហើយចាប់ផ្ដើមពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារនេះហើយ ដែលសម្ដេចមានមូលដ្ឋានដើម្បីស្វែងរកបង្កើតគ្រឹះស្ថានឧត្តមសិក្សានៅទីតាំងផ្សេងទៀតនៅតាមបណ្តាខេត្ត ដើម្បីបំពេញតម្រូវការមូលដ្ឋានក្រៅពីរាជធានីភ្នំពេញដើម្បីបង្ខិតឱ្យកាន់តែជិតប្រជាពលរដ្ឋ ជាពិសេស ក្មួយៗសិស្ស-និស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សានៅរាជធានីបាន ព្រោះកាលជំនាន់សម្ដេចរៀន កុំថាឡើយថ្នាក់ឧត្តមសិក្សាសូម្បីថ្នាក់បឋមសិក្សាឬថ្នាក់មធ្យមសិក្សា ក៏មានការលំបាកក្នុងការស្វែងរកសាលារៀនដែលនៅជិតផ្ទះដែរ។ តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេខបានថ្លែងអំណរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ដែល បានបង្កលក្ខណៈងាយស្រួលធ្វើឱ្យសាកលវិទ្យាល័យមានដំណើរការល្អ និងមានការរីកចម្រើន។ ទន្ទឹមនេះដែរសម្ដេខក៏សូមអំពាវនាវចំពោះសប្បុរសជនទាំងអស់ មេត្តាបន្តជួយឧបត្ថម្ភ គាំទ្រ ទាំងស្មារតី សម្ភារ និងថវិកាតទៅទៀត ដើម្បីអាចឱ្យមជ្ឈមណ្ឌលជាតិអប់រំ និងបណ្ដុះបណ្តាល ជាស៊ីមកំចាយមារ មានលទ្ធភាពដាក់ឱ្យដំណើរការឆាប់រហ័ស និងសម្រេចតាមផែនការនៅ ឆ្នាំសិក្សាថ្មីខាងមុខ។ ព្រមជាមួយនេះគ្នាដែរ សម្ដេចក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុម ប្រឹក្សាភិបាល, គណៈគ្រប់គ្រង, គណៈកម្មការសាងសង់, បុគ្គលិក, សាស្ត្រាចារ្យ, ដៃគូសហ ប្រតិបត្តិការជាតិ-អន្តរជាតិ និងក្មួយៗទាំងអស់ សូមបន្តលើកស្ទួយវិស័យអប់រំនៅសាកល វិទ្យាល័យជាតិជាស៊ីមកំចាយមារឱ្យកាន់តែល្អប្រសើរ ជាពិសេស ការបណ្តុះបណ្តាល ធនធានមនុស្សសម្រាប់បន្តវេននិងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។ សម្ដេចបានសង្កត់ធ្ងន់ថា បច្ចុប្បន្ន ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កុំថាឡើយថ្នាក់ចំណេះទូទៅ សូម្បីថ្នាក់ឧត្តមសិក្សា ក៏មានគ្រឹះស្ថានឧត្តមសិក្សាជាច្រើនទាំងរដ្ឋ និងឯកជន ត្រូវបានបង្កើតឡើង នៅតាមបណ្ត ខេត្តស្ទើរតែទូទាំងប្រទេស។ សម្ដេចបន្តថាការទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៏ជនបទពីសាកល វិទ្យាល័យជាតិជាស៊ីមកំចាយមារ ដែលជាការទទួលស្គាល់នៃកម្រិតអប់រំខ្ពស់បំផុតរបស់ សាកលវិទ្យាល័យ ដែលត្រូវបានផ្ដល់ជូនដល់ឥស្សរជន និងបុគ្គលដែលមានកិត្តិយសខ្ពស់ បំផុត និងមានការទទួលស្គាល់ពិសេសចំពោះសមិទ្ធផលសំខាន់ៗ និងភាពខុសគ្នា នៅក្នុង វិស័យ ឬសកម្មភាពដែលស្របតាមបេសកកម្មរបស់សាកលវិទ្យាល័យ។ សម្ដេចបានមានប្រសាសន៍ទៀតថា« សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៏ជនបទ ដែលរូបខ្ញុំទទួលបាននាឱកាសនេះ គឺពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់រូបខ្ញុំ ហើយនេះក៏ជាមោទនភាពមួយផងដែរ ពីព្រោះគ្រប់យ៉ាងដែលខ្ញុំបានខិតខំប្រឹងប្រែងគឺដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ខ្ញុំពិតជាអរគុណចំពោះការវាយតម្លៃនូវគុណសម្បត្តិរបស់ខ្ញុំទាក់ទងនឹងផ្នែកអភិវឌ្ឍន៍ ជនបទ។ អរគុណនិងមានមោទនភាពជាមួយអ្វីដែលបានកើតឡើងក្នុងជីវិតរយៈពេលជាង ៧០ឆ្នាំមកនេះ»។ ជាមួយនឹងការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនេះ សម្ដេចក្រឡាហោម បានថ្លែងថ្វាយនូវសេចក្ដីថ្លែងអំណរព្រះគុណការអរគុណ ថ្វាយព្រះករុណាព្រះមហាក្សត្រក៏ដូចជាសម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គ បានគាំទ្រចំពោះការងាររបស់សម្ដេច និងបានផ្ដល់ឱកាសឱ្យសម្ដេចបានបម្រើជាតិ និងបានផ្សារភ្ជាប់ ខ្លួនជាមួយនឹងប្រជាជាតិ។ ទន្ទឹមនេះ សម្ដេចក៏ថ្លែងអំណរអរគុណចំពោះរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលបានប្រគល់ភារកិច្ចជាប្រធានក្រុមការងារចុះមូលដ្ឋាននៅខេត្តចំនួន២ គឺខេត្តបាត់ដំបង និងខេត្តព្រៃវែង ដែលធ្វើឱ្យសម្ដេចបានរួមចំណែកកសាងសមិទ្ធផលជាច្រើននៅក្នុងភូមិសាស្ត ខេត្តទាំងពីរនេះ។ ជាមួយគ្នានេះ សម្ដេចក៏ថ្លែងអំណរគុណចំពោះមន្ត្រីនៅក្នុងជួររាជរដ្ឋាភិបាល កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាមន្ត្រីរាជការនៅទូទាំងប្រទេស ដែលបានខិតខំយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស កម្មវិធីកំណ ទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា និងបានចែករំលែកគុណសម្បត្តិ និងកិត្តិយសដែលសម្ដេចទទួលបាននេះ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាជន៕
នាព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញពិនិត្យដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ បន្ទាប់ពីសម្ដេចបានបញ្ចប់ការដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការងារប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា។ យោងតាមការឱ្យដឹងពីក្រុមហ៊ុនទទួលសាងសង់ រហូតមកដល់ពេលនេះ ដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ សម្រេចបានចំនួន៨៥ភាគរយហើយ។ ដំណើរការសាងសង់អគាររដ្ឋបាលក្រសួងដែលមានទំហំធំជាងគេនៅកម្ពុជាមួយនេះ នឹងបញ្ចប់ការដ្ឋានសាងសង់នាអំឡុងចុងខែមិថុនា ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថាអគារទីស្ដីការក្រសួងមហាផ្ទៃ មានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់៩ជាន់។ ការសាងសង់អគារនេះ គ្រោងចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក។ អគារនេះ ជាស្នាដៃកូនខ្មែរសុទ្ធសាធ ទាំងស្ថាបត្យករ វិស្វិករ និងក្រុមជាង។ សម្ដេចក្រឡាហោម ចាត់ទុកអគារនេះជាផ្នែកមួយនៃមោទកភាពជាតិ៕
នាព្រឹកថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីសំណើរសុំផ្លាស់ប្ដូរឧបករណ៍បច្ចេកទេសបំពាក់បន្ថែមឧបករណ៍ផ្ទុកទិន្នន័យ និងកែសម្រួលដើម្បីលើកកម្ពស់កម្មវិធីផ្នែកទន់នៃប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ហៅកាត់ថា (CMBS) នៅទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយក អគ្គនាយករង អគ្គស្នងការរង ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាកិច្ចប្រជុំនេះធ្វើឡើងតាមសំណើរអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបានណែនាំឯកឧត្តមអគ្គនាយករាយការណ៍ជូនអង្គប្រជុំ។ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានធ្វើសេចក្ដីរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំ អំពីប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា រួមមានសវតារនៃការរៀបចំប្រព័ន្ធនេះ ដំណើរការមុខងាររបស់ប្រព័ន្ធ លក្ខណៈបច្ចេកទេសដែលជាតម្រូវការ បញ្ហាប្រឈម និងសំណូមពរមួយចំនួន ពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ហៅកាត់ថា (CMBS)។ បន្ទាប់ពីបានស្ដាប់ការធ្វើសេចក្ដីរាយការណ៍របស់ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំសមាជិក សមាជិការ ពិភាក្សា និងផ្ដល់យោបល់បន្ថែម ទៅលើសំណើរសុំផ្លាស់ប្ដូរឧបករណ៍បច្ចេកទេសបំពាក់បន្ថែមឧបករណ៍ផ្ទុកទិន្នន័យ និងកែសម្រួលដើម្បីលើកកម្ពស់កម្មវិធីផ្នែកទន់នៃប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា និងបានផ្ដល់អនុសាសន៍មួយចំនួនផងដែរ។ សូមបញ្ជាក់ថាប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា មានសមត្ថភាពត្រួតពិនិត្យឯកសារធ្វើដំណើរក្លែងបន្លំ និងក្លែងក្លាយ ការរក្សាផ្ទៀងផ្ទាត់ជាមួយបញ្ជីមុខសញ្ញា ផ្ទៀងផ្ទាត់ផ្ទៃមុខជាក់ស្ដែងជាមួយរូបថតខាងក្នុង របស់លិខិតឆ្លងដែន ការរក្សាទុក និងផ្ទៀងផ្ទាត់ក្រយ៉ៅដៃ ការរក្សាទុកទិន្នន័យប្រវត្តិធ្វើដំណើរ និងទិន្នន័យដំណើរចេញ-ចូល ដោយមានបំពាក់ឧបករណ៍សំខាន់ៗដូចជាម៉ាស៊ីនមេមជ្ឈមណ្ឌលកណ្ដាល (HQ Server), ម៉ាស៊ីនមេតាមបណ្ដាប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិ, ឧបករណ៍បំពេញការងារក្នុងបញ្ជរ និងត្រួតពិនិត្យចល័តតាមកំពង់ផែជាដើម៕