ចែករំលែកតំណនេះតាម
ឬចម្លងតំណនេះ
សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា
នាព្រឹកថ្ងៃព្រហ្បតិ៍ ៥រោច ខែជេសដ្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធសមិទ្ធផលថ្មីៗ និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ដែលមានសិស្សនគរបាលជ័យលាភីចំនួន១៨៥នាក់ នៃសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម។ ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ស្តេហ្វេន អេនតុន មេសសេរឺ (Stefan Anton Messerer) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អភិបាលខេត្តពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលជាតិភូមិភាគ២ បានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្តុះបណ្តាល ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានារបស់សាលានគរបាលជាតិភូមិភាគ២ ថាសមិទ្ធផលសំខាន់ៗដែលត្រូវបានដាក់សម្ពាធ នាឱកាសនោះ រួមមាន ផ្លូវបេតុងប្រវែង២,០៣០ម៉ែត្រ ប្រព័ន្ធលូបង្ហូរទឹកប្រវែង៥៥០ម៉ែត្រ គំនូសនិងផ្លាកសញ្ញចរាចរ ដែលជាអំណោយរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អគារស្នាក់នៅ១ខ្នង ទូដាក់សម្ភារៈចំនួន១៦០ទូ គ្រែដេក២ជាន់ចំនួន៨០គ្រែដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។ លោកឧត្តមសេនីយ៍ទោបន្តថាជាមួយគ្នានេះក៏មាន អគារស្នាក់នៅ១ខ្នង ទូដាក់សម្ភារៈចំនួន១៦០ទូ គ្រែដេក២ជាន់ចំនួន៨០គ្រែ ដែលជា អំណោយរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង តារាងបាល់ទាត់ សួនច្បារ សួនរុក្ខជាតិ រុក្ខវិថី ឡដុតសំរាមព្រមទាំងសម្ភារៈគាំទ្រមួយចំនួនទៀត ដែលជាអំណោយរបស់សប្បុរសជននានា។ជាមួយគ្នានេះ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានសម្រេចជួយឧបត្ថម្ភអគារសិក្សា១ខ្នង និងបំពាក់សម្ភារៈ ក្នុងតម្លៃទឹក ប្រាក់ជាង ២៣ម៉ឺនដុល្លារ ដល់សាលានគរបាលជាតិភូមិភាគ២។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិគឺ ជាការងារចាំបាច់ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់ លើផ្នែកទ្រឹស្តី បទពិសោធ ជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់ វិស័យ ព្រមទាំងផ្តល់សេវាសាធារណៈបានល្អ ក្នុងការបម្រើប្រជាពលរដ្ឋ។ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថ្លែងអំណរគុណ ឯកឧត្តម ស្តេហ្វេន អេនតុន មេសសេរឺ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបានអញ្ជើញមកទស្សនកិច្ច និងចូលរួមដោយផ្ទាល់ក្នុងពិធីនាឱកាសនេះ។ សម្ដេចក៏បានមានប្រសាសន៍ថ្លែងអំណរគុណរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ដែលបាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជានិយាយជារួម និងដោយឡែកជាមួយក្រសួងមហាផ្ទៃ ក្នុងនោះក៏មានកិច្ចសហប្រត្តិការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យនគរបាលផងដែរ។ សម្ដេចបានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់របស់បណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិភូមិភាគ២ និងសាលានគរបាល ភូមិភាគផ្សេងៗទៀតក្នុងពេលជាមួយគ្នា ដោយសារតែគំនិតដឹកនាំនិងច្នៃប្រឌិតខ្ពស់របស់ថ្នាក់ដឹកនាំបណ្ឌិត្យសភា និងថាការវិវឌ្ឍរីកចម្រើននេះបានឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាលនគរបាលជាតិក្នុងយុគសម័យនៃសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាស់វៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបាន ចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាល ជ័យលាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ។ សម្ដេចក្រឡាហោមបានថ្លែងកោតសរសើរដល់ក្មួយៗជាសិស្សនគរបាលជ័យលាភីទាំងអស់យកចំណេះដឹងនិងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ។ ក្នុងឱកាសនោះដែរ សម្តេចក៏បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រសិក្សាដល់តំណាងសិស្ស នគរបាលជ័យលាភីចំនួន១០រូប និងលិខិតថ្លែងអំណរគុណដល់សប្បុរសជនចំនួន៨រូប ផងដែរ៕
នាព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង និងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងនូវការស្វាគមន៍ចំពោះឯកឧត្តមអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង និងឯកឧត្តមអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ព្រមទាំងសម្ដែងក្ដីរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្ដមទាំងពីរ ជាបន្តបន្ទាប់នៅក្នុងអាណត្ដិបេសកកម្មការទូតនៅកម្ពុជា។ តាមរយៈជំនួបនៅថ្ងៃនេះ សម្តេចក្រឡាហោម ក៏សម្ដែងនូវអំណរគុណចំពោះសាធារណរដ្ឋបារាំង និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលតែងជួយគាំទ្រក៏ដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង កម្ពុជា និងអាល្លឺម៉ង់ បានយ៉ាងល្អប្រសើរក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ទៀតថា សម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ ជាមួយនិងផ្នែកពាក់ព័ន្ធរបស់បារាំង ក៏ដូចជាសហព័ន្ធអាល្លឺម៉ង់វិញ ក៏មានលទ្ធផលល្អប្រសើរផងដែរ ពិសេសការគាំទ្រកំណែទម្រង់រដ្ឋបាលមូលដ្ឋាន ឬហៅថាវិមជ្ឈការ និងវិសហមជ្ឈការ។ ក្នុងឱកាសនោះ ឯកឧត្ដមអគ្គរដ្ឋទូតបារាំង ក៏បានថ្លែងអំណរគុណសម្តេចក្រឡាហោម ចំពោះការផ្ដល់ឱកាសបានចូលជួបពិភាក្សាការងារ និងបានលើកឡើងដែរថាជាការពិត បារាំង និងអាល្លឺម៉ង់ គឺជាដៃគូសហការមួយដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះប្រទេសទាំងពីរបានគាំទ្រលើវិស័យពាក់ព័ន្ធនានាដល់កម្ពុជារយៈពេលប្រមាណជាង៣០ឆ្នាំមកហើយ។ នៅក្នុងជំនួបនោះដែរ ឯកឧត្តមអគ្គរដ្ឋទូតបារាំង និងឯកឧត្តមឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ ក៏បានលើកឡើងនូវកិច្ចការសំខាន់ៗចំនួន៣ ដើម្បីជជែកពិភាក្សាជាមួយសម្ដេចក្រឡាហោម ផងដែរ ដែលកិច្ចការទីមួយ ពាក់ព័ន្ធទៅនឹងដំណើរការក៏ដូចជាការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនាពេលឆាប់ៗខាងមុខនេះ កិច្ចការទីពីរ គឺពាក់ព័ន្ធទៅនឹងការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល ក្នុងនោះក៏មានអង្គការសង្គមស៊ីវិលរបស់បារាំង និងអាល្លឺម៉ង់ ក្នុងដំណើរការអភិវឌ្ឍសង្គមកម្ពុជា និងទីបី ពាក់ព័ន្ធទៅនឹងដំណើរការកសាងក្របខ័ណ្ឌគតិយុត្ត ស្ដីពី កិច្ចសហប្រតិបត្តិការ លើវិស័យអនុវត្តច្បាប់។ ពាក់ព័ន្ធទៅនឹងកិច្ចការទីមួយ គឺអំពីដំណើរការនៃការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតទាំងពីរ ថាមកដល់ពេលនេះមានគណបក្សនយោបាយចំនួន១៨ បានត្រៀមចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ សម្ដេចក្រឡាហោម ក៏បានជម្រាបជូនដែរថាឆ្លងតាមបទពិសោធការបោះឆ្នោតបន្តបន្ទាប់ដែលកម្ពុជាបានអនុវត្ត ឃើញថាការងារថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ទាំងការថែរក្សាបាននូវបរិយាកាស សន្តិសុខ និងគ្មានអំពើហិង្សា។ សម្តេច ក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះ បរិយាកាសសន្តិសុខ បម្រើដល់ការបោះឆ្នោតនាពេលខាងមុខក៏ដូចជាការបោះឆ្នោតបន្តបន្ទាប់នាពេលអនាគតផងដែរ។ ចំពោះកិច្ចការទីពីរ ពាក់ព័ន្ធទៅនឹងការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា រាប់ទាំងអង្គការសង្គមស៊ីវិល គាំទ្រដោយសាធារណរដ្ឋបារាំង ក៏ដូចជាអាល្លឺម៉ង់នោះ សម្ដេចបានជម្រាបជូនថាច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាលនៅជាធរមានរបស់កម្ពុជា ជាច្បាប់មួយដែលត្រូវបានរៀបចំតាក់តែងឡើងដោយផ្អែកទៅលើច្បាប់ស្ដីពីអង្គការសង្គមស៊ីវិលដែលត្រូវបានសិក្សាស្រាវជ្រាវពីតាមបណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួននៅលើសកលលោក ក្នុងនោះរួមទាំងប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុបផងដែរ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនថាទោះបីជាច្បាប់នេះទទួលការអនុម័ត និងនៅជាធរមាន ប៉ុន្តែរាជរដ្ឋាភិបាលបើកចំហទៅលើការចូលរួមរបស់អង្គការសង្គមស៊ីវិលនៅក្នុងការពិនិត្យធ្វើវិសោធនកម្មដោយមកដល់ពេលនេះភាគីរាជរដ្ឋាភិបាលក៏ដូចជាភាគីអង្គការសង្គមស៊ីវិលបានជួបពិភាក្សាគ្នាជាបន្តបន្ទាប់ទៅលើកិច្ចការនេះ។ សម្ដេចក្រឡាហោម ក៏បានថ្លែងលើកទឹកចិត្ត និងជំរុញឲ្យភាគីទាំងពីរបន្ដជជែកពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយ ដូចជាខ្លឹមសារសមស្របដែលបម្រើដល់ផលប្រយោជន៍ទៅវិញទៅមកក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។ ដោយឡែកសម្រាប់ប្រធានបទ ពាក់ព័ន្ធនឹងការកសាងក្របខ័ណ្ឌគតិយុត្ត ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាងកម្ពុជា និងបារាំង សម្ដេចក្រឡាហោម បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង និងឯកឧត្តមអគ្គរដ្ឋទូតអាឡឺម៉ង់ផងដែរថា រហូតមកដល់ពេលនេះ ក្រុមការងារនៃភាគីទាំងពីរកម្ពុជា-បារាំងក៏បានពិភាក្សាគ្នាយ៉ាងសកម្ម និងយកចិត្តទុកដាក់អំពីខ្លឹមសារនៃក្របខ័ណ្ឌគតិយុត្តនរះ។ សម្ដេចក្រឡាហោម ក៏បានបង្ហាញសេចក្ដីសង្ឃឹម និងជឿជាក់ថាក្របខ័ណ្ឌគតិយុត្តនេះនឹងឈានដល់ការពិភាក្សាបញ្ចប់នាពេលឆាប់ៗ ផ្តល់លទ្ធភាពឲ្យមានការចុះហត្ថលេខាជាផ្លូវការ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជានិងបារាំងក៏ដូចជាបម្រើដល់ការការពារផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ ៕
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនពិកាអាស៊ាន លើកទី១២ ASEAN PARA GAMES ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ។
នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាប្រមុខដឹកនាំ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលស្រុករុក្ខគិរី មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលស្រុកទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះទៀត។ ជាមួយគ្នានេះ សម្តេចឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីគុណបំណាច់នៃការរួមចំណែកដ៏ធំធេងរបស់និវត្តជន និងយោធិនទាំងអស់ក្នុងស្រុករុក្ខគិរី ដែលបានតស៊ូធ្វើពលិកម្មយ៉ាងលំបាកលំបិនដើម្បីបុព្វហេតុសន្តិភាព ការបង្រួបបង្រួម និងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ សម្ដេច បានមានប្រសាសន៍ថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្តនូវការចូលរួមចំណែករបស់អតីតថ្នាក់ដឹកនាំ អតីតមន្រ្តីរាជការ និងអតីតកងកម្លាំងប្រដាប់វុធទាំងអស់ ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយៗទៀត។ នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់ទស្សនាទានជូនអង្គពិធីក្នុងស្រុករុក្ខគិរី អំពីសភាពការណ៍សាកលដែលកំពុងមានការប្រឈមនឹងបញ្ហាស្មុគស្មាញ ដូចជាជំងឺឆ្លងកូវីដ-១៩ ដែលនៅតែមិនទាន់បញ្ចប់ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ វិបត្តិសង្គ្រាមរុស្សី និងអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ និងបទល្មើសមិនប្រពៃណីជាអន្តរជាតិផ្សេងៗទៀត។ សម្រាប់កម្ពុជា សម្ដេចក្រឡាហោម ក៏បានបន្ថែមថាទន្ទឹមនឹងការប្រឈមបញ្ហាសាកលនេះ ក្រុមប្រឆាំងជ្រុលនិយម ក៏នៅតែមិនបោះបង់ផែនការបំផ្លាញសុខសន្តិភាព និងស្ថេរភាពសង្គមនោះដែរ។ ភ្ជាប់នឹងការប្រឈមដូចបានបញ្ជាក់មកនេះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទាញចំណាប់អង្គពិធីថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងខេត្តបាត់ដំបង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ផ្អែកលើមូលដ្ឋាននៃការរក្សាបានសុខសន្តិភាពដែលជាកត្តាគន្លឹះធំបំផុតនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តមានប្រសាសន៍គូសបញ្ជាក់ជូនអង្គពិធីអំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។ សម្ដេចក៏បានគូសបញ្ជាក់បន្ថែមអំពីទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំបន្តទៀតក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ ក្នុងចំណោមទិសដៅការងារសំខាន់ៗ សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ជាថ្មីទៀតអំពីសារៈសំខាន់នៃការរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ខាងមុខនេះ ដែលសម្ដេចអះអាងគ្រប់តួអង្គត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ។ នៅចុងបញ្ចប់នៃពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុករុក្ខគិរីនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយជូនអតីតមន្រ្តីរាជការ អតីតកងកម្លាំងប្រដាប់អាវុធដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន និងមន្រ្តីមានស្នាដៃខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងប្រគល់ជូនថវិកាដល់អង្គពិធីទាំងមូលផងដែរ៕
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ មន្រ្តីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៤ ៩២៩នាក់ ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ស សុខា ក្នុងនាមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាក្រោមកាតដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើររដ្ឋបាលក្រុងព្រៃវែង មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលក្រុងទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាលសម្រេចបានជោគជ័យនូវគោលនយោបាយក្នុងនីតិកាលទី៦ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣នេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានថ្លែងដោយក្ដីគោរពចំពោះគុណបំណាច់នៃការរួមចំណែកដ៏ធំធេងរបស់និវត្តជន និងយោធិនទាំងអស់ក្នុងក្រុងព្រៃវែង ដែលតស៊ូធ្វើពលិកម្មយ៉ាងលំបាកលំបិនដើម្បីបុព្វហេតុសន្តិភាព ការបង្រួបបង្រួម និងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ ឯកឧត្តមបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីជំនាន់ក្រោយ បានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្តនូវការចូលរួមចំណែករបស់អតីតថ្នាក់ដឹកនាំ អតីតមន្រ្តីរាជការ និងអតីតកងកម្លាំងប្រដាប់វុធទាំងអស់ ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយៗទៀត។ ពីវេទិកាសំណេះសំណាលនោះដែរ ឯកឧត្តម ស សុខា ក៏បានបញ្ជាក់ជូនអង្គពិធីអំពីសភាពការណ៍សាកលដែលមានការប្រឈមនឹងបញ្ហាស្មុគស្មាញ ដូចជាជំងឺឆ្លងកូវីដ-១៩ដែលនៅតែមិនទាន់បញ្ចប់ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ វិបត្តិសង្គ្រាមរុស្សី និងអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ និងបទល្មើសមិនប្រពៃណីជាអន្តរជាតិផ្សេងៗទៀត។ សម្រាប់កម្ពុជា ឯកឧត្តមបន្តថាទន្ទឹមនឹងការប្រឈមបញ្ហាសាកលដូចបានបញ្ជាក់មកនេះ ក្រុមប្រឆាំងជ្រុលនិយម ក៏នៅតែមិនបោះបង់ផែនការបំផ្លាញសុខសន្តិភាព និងស្ថេរភាពសង្គមនោះដែរ។ ទោះមានការប្រឈមបែបនេះក៏ដោយ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ភ្ជាប់នឹងសមិទ្ធផលសុខសន្តិភាពនេះ ឯកឧត្តមបានបន្តគូសបញ្ជាក់ជូនអង្គពិធីអំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំ ក្នុងនោះមានដូចជា កិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។ នៅចុងបញ្ចប់នៃពិធីសំណេះសំណាល ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់កិត្តិយសបំពាក់មេដាយជូនអតីតមន្រ្តីរាជការ អតីតកងកម្លាំងប្រដាប់អាវុធដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន និងមន្រ្តីមានស្នាដៃខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងប្រគល់ជូនថវិកាដល់អង្គពិធីទាំងមូលផងដែរ៕
នាព្រឹកថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ស្ថិតក្នុងភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។ លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច បានធ្វើរបាយការណ៍ឱ្យដឹងថា វត្តបឹងដោល ស្ថិតនៅភូមិបឹងដោល បានកសាងឡើងក្នុងរចកាលព្រះបាទនរោត្តម នៅឆ្នាំ១៨៩០ ស្ថិតលើដីទួលចាស់មួយកន្លែងដែលមានទំហំជិត ២ហិចតា ដោយចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទ មន្ត្រីរាជការសម័យនោះ ដោយមាន ភិក្ខុ ព្រះនាម ចឺម ជាអ្នកដឹកនាំកសាងដំបូង។ លោកបន្តថា នៅឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត វត្តនេះត្រូវបានពួកខ្មែរក្រហម យកធ្វើជាកន្លែងផ្សំថ្នាំឱសថបុរាណ រហូតក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ អាជ្ញាធរ ចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទក៏រៀបចំបង្កើតឡើងវិញនៅឆ្នាំ១៩៨៥ ដោយបាននិមន្តភិក្ខុព្រះនាម ពូនង ប៊ុនម៉េង និមន្តមក ពីកម្ពុជាក្រោម ជាព្រះចៅអធិការវត្ត ចាប់ពីឆ្នាំ១៩៨៥ រហូតឆ្នាំ ១៩៨៨ បានជួសជុលសមិទ្ធផលចាស់ៗ។ លោកអភិបាលស្រុកព្រះស្ដេចបានបន្ថែមថា ដោយសារព្រះវិហារមុនមានសភាពចាស់ទ្រុឌទ្រោម ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តបានសម្រេចរុះរើ និងកសាងព្រះវិហារថ្មីឡើងវិញ នៅខែមីនា ឆ្នាំ២០១៩ ដែលមានទំហំទទឹង ៩,៧៥ម៉ែត្រ បណ្ដោយ ១៨.៧០ ម៉ែត្រ និងដងទង់មួយគូរ កំពស់២៥ម៉ែត្រ ហើយរួចរាល់ជាស្ថាពរនៅខែឧសភា ឆ្នាំ២០២៣នេះ ចំណាយថវិកាគិតជាដុល្ល អស់ចំនួន ២៧៩,៥៥០ ដុល្លារ។ របាយការណ៍បានឱ្យដឹងទៀតថា សមិទ្ធផលនេះ ដឹកនាំកសាងដោយព្រះគ្រូ យីម យុត ព្រះគ្រូ អាញ អាន ព្រះចៅអធិការវត្ត លោកអាចារ្យ យ៉ាន់ ត្រេះ លោកអាចារ្យឡុក ឆន ព្រមទាំងអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទដោយមានការឧបត្ថម្ភគាំទ្រ ពីឯកឧត្តមប្រធានឯកឧត្តមអនុប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកព្រះស្តេច និងសប្បុរសជទាំងគ្រប់ទិសទី។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ព្រៃវែង សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងសម្រេច បាននូវសមិទ្ធផលនានាជាច្រើន និងសូមថ្លែងអំណរគុណជូនចំពោះក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច ខេត្តព្រៃវែង និងសប្បុរសជនដែលបាន បរិច្ចាគនូវធនធានជាច្រើនក្នុងការចូលរួមអភិវឌ្ឍវិស័យពុទ្ធសាសនា និងវិស័យផ្សេងៗ ជាច្រើនទៀត ដើម្បីរួមចំណែកអភិវឌ្ឍមូលដ្ឋានខេត្តព្រៃវែង។ សម្ដេចឧបនាយករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជារក្សាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថេរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទនភាព ទោះបីជាយើងត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍នយោបាយ សេដ្ឋកិច្ចអន្តរជាតិ និងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីក្តី។ សម្ដេចបន្តថា ព្រមជាមួយគ្នានេះ កិត្យានុភាព កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ជាតិយើងនៅ លើឆាកអន្តរជាតិ កាន់តែបានលើកកម្ពស់ និងទទួលស្គាល់ពីបណ្តាប្រទេសនៅលើសកលលោក នៅពេលដែលកម្ពុជាបានអនុវត្តតួនាទីជាប្រធានដឹកនាំសម្រប សម្រួលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ប្រកបដោយជោគជ័យ ហើយថ្មីៗនេះ កម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (SEA GAME) ជាមួយលទ្ធផលល្អគាប់ ប្រសើរ និងជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងទទួលបាននូវការកោតសរសើរពីបណ្តាភ្ញៀវជាតិ និងអន្តរជាតិ ក៏ដូចជាការគាំទ្រ អបអរសាទរពីប្រជាជនខ្មែរនៅទូទាំងប្រទេស។ នាឱកាសនោះ សម្ដេចបានមានប្រសាសន៍ណែនាំអាជ្ញាធរមានសមត្ថកិច្ច កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាដើម្បីការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម ព្រោះថា មានសន្តិភាព ទើបមានការអភិវឌ្ឍ និងមានការរីកចម្រើនដូចសព្វថ្ងៃនេះ ហើយអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួនស្របតាមពាក្យស្លោករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី «ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍»។ សម្ដេចក៏បានលើកទឹកចិត្តឱ្យជំរុញសកម្មភាពត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំដល់យុវជនអំពីការជួញដូរ និង ប្រើប្រាស់គ្រឿងញៀន តាមគោលការណ៍ «បីកុំ មួយរាយការណ៍» ហើយប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស ដោយសហការយ៉ាងមានប្រសិទ្ធភាពជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាបនឹងទប់ស្កាត់បានទាន់ពេលវេលា។ ចំណែក ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក-ក្រុង ឃុំ-សង្កាត់ ភូមិ និងកងកម្លាំង មានសមត្ថកិច្ចទាំងអស់ សម្ដេចបានស្នើឱ្យបន្តលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និង អនុវត្តឱ្យត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ ក្នុងនោះត្រូវយកចិត្តទុកដាក់ខិតខំដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយមិនមានការរើសអើងនិន្នាការនយោបាយ ប្រកបដោយយុត្តិធម៌ និងសុចរិតភាព។ ជាមួយគ្នានោះដែរ សម្ដេចបានណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានចូលរួមផ្ដល់ការគាំទ្រដល់ ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមរយៈការគាំទ្រដល់តួអង្គសំខាន់ទាំង៥ គឺទី១.មេឃុំចៅសង្កាត់ ទី២.ស្មៀនឃុំសង្កាត់ ទី៣.នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ ទី៤. ថ្នាក់ដឹកនាំភូមិ ពិសេសគឺមេភូមិ ទី៥.មណ្ឌល សុខភាពឃុំសង្កាត់។ សម្ដេចសង្កត់ធ្ងន់ថា ការងារនេះរួមចំណែកសំខាន់ណាស់ដល់ការយកជ័យជម្នះ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៧នាពេលខាងមុខ ពីព្រោះ តួអង្គទាំង៥នេះ ជាយន្តការ និងជាអ្នកដែលនៅកៀកប្រជាពលរដ្ឋ ផ្សារភ្ជាប់ជីវភាពប្រជាពលរដ្ឋ មានន័យថា ពលរដ្ឋស្រលាញ់ ឬស្អប់គណបក្ស គឺលើប្រសិទ្ធភាព នៃយន្តការនិងលទ្ធផលការងាររបស់តួអង្គទាំង៥នេះហើយ៕